(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម ឲ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀង សម្រាប់អនុវត្តបទប្បញ្ញត្តិ នៃអនុសញ្ញាសហប្រជាជាតិស្តីពី ច្បាប់សមុទ្រ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ ជាមួយគណៈកម្មការទី៣ នៃព្រឹទ្ធសភា។
កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាពលោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី០៣ នៃព្រឹទ្ធសភា។ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាតំណាងពីគណៈកម្មការពាក់ព័ន្ធនៃព្រឹទ្ធសភាដ៏ឧត្តុង្គឧត្តមផងដែរ។
បន្ទាប់ពីលោកបណ្ឌិតប្រធានអង្គប្រជុំ បានណែនាំសមាសភាពនៃសមាជិកគណៈកម្មការ និងសង្ខេបជូនអង្គប្រជុំ បានជ្រាបអំពីរបៀបវារៈ និងគោលបំណងនៃកិច្ចប្រជុំនេះរួចមក លោករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានអនុញ្ញាតឲ្យដាក់សេចក្តីព្រាងច្បាប់នេះ ឆ្លងគណៈកម្មការទី៣ នៃព្រឹទ្ធសភានាពេលនេះ។
លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គប្រជុំថា គោលបំណងសំខាន់នៃសេចក្តីព្រាងច្បាប់នេះ គឺដើម្បីធានានូវការប្រើប្រាស់ និងអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ ប្រកបដោយចីរភាព តាមរយៈការអនុវត្តបទប្បញ្ញត្តិពាក់ព័ន្ធ នៃកិច្ចព្រមព្រៀងប្រកប ដោយប្រសិទ្ធភាព ដោយផ្តោតលើគោលការណ៍គ្រឹះមានជាអាទិ៍៖
ទី១៖ អនុម័តវិធានការនានា ដើម្បីធានានិរន្តរភាពយូរអង្វែងនៃប្រភេទត្រីពាក់ព័ន្ធ និងរក្សាការប្រើប្រាស់ឱ្យបានប្រសើរបំផុត។
ទី២៖ ការពារជីវៈចម្រុះ នៅក្នុងបរិស្ថានសមុទ្រ។
ទី៣៖ ចាត់វិធានការដើម្បីទប់ស្កាត់ ឬលុបបំបាត់ការនេសាទហួសកម្រិត និងសមត្ថភាពធ្វើនេសាទលើសលប់។
ទី៤៖ ប្រមូល និងចែករំលែកទាន់ពេលវេលា នូវទិន្នន័យស្តីពីសកម្មភាពនេសាទ រួមទាំងទីតាំងរបស់នាវា ព្រមទាំងផលចាប់ទាំងប្រភេទគោលដៅ និងមិនមែនជាប្រភេទគោលដៅ និងសមត្ថភាពនេសាទ។
ទី៥៖ អនុវត្តនិងជំរុញវិធានការគ្រប់គ្រង និងអភិរក្ស តាមរយៈការតាមដាន ត្រួតពិនិត្យ និងការអង្កេតប្រកបដោយប្រសិទ្ធភាព។
ចំពោះអត្ថប្រយោជន៍វិញ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបានផលប្រយោជន៍សំខាន់ៗដូចជា៖
* ការផ្តល់ឱកាសឲ្យកម្ពុជា អាចចូលរួមដោះស្រាយចំពោះ ការទទួលខុសត្រូវជារដ្ឋម្ចាស់ទង់ជាតិស្របតាមច្បាប់ អន្តរជាតិ។
* ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងអនុតំបន់ តំបន់ និងអន្តរជាតិក្នុងការគ្រប់គ្រងផលស្តុកត្រីឆ្លងដែន។
* លើកកម្ពស់ការគ្រប់គ្រងជលផល នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខកម្ពុជា។
* ទទួលបាននូវទិន្នន័យស្តីពី សកម្មភាពនេសាទ ផលចាប់ សមត្ថភាពនេសាទ និងជាពិសេសជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីមូលនិធិពិសេសសម្រាប់អនុវត្តលើការគ្រប់គ្រង និងអភិរក្ស។
* មួយវិញទៀត ធានាបាននូវការប្រើប្រាស់ និងអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងឆ្ងាយដោយចីរភាព។
ក្រោយពីបានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់នេះយ៉ាងល្អិតល្អន់ ប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ដើម្បីផលប្រយោជន៍ជាតិ ជាពិសេស ដើម្បីរួមចំណែកថែរក្សា អភិរក្សធនធានមានជីវិត និងប្រព័ន្ធអេកូឡូស៊ីក្នុងដែនសមុទ្រកម្ពុជា ឲ្យមាននិរន្តរភាព អង្គប្រជុំបានសម្រេចដាក់សេចក្តីព្រាងច្បាប់នេះ ចូលទៅក្នុងប្រជុំអចិន្ត្រៃយព្រឹទ្ធសភា នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២០ និងសម័យប្រជុំពេញអង្គលើកទី៤ នីតិកាលទី៤ នៃព្រឹទ្ធសភា នៅថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ៕