(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានជំរុញឱ្យអភិបាលស្រុកអង្គស្នួល ទើបឡើងតំណែងថ្មី ត្រូវខិតខំសហការគ្នាល្អ ក្នុងរង្វង់ការងារពិសេសត្រូវ បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានល្អប្រសើរបំផុត ដោយឈរលើគោលនយោបាលភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យបានរឹងមាំ។
ការជំរុញបែបនេះរបស់លោកបណ្ឌិត ម៉ៅ ភិរុណ បានធ្វើឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងពិធីប្រកាសតែងតាំងអភិបាលស្រុកអង្គស្នួល ដោយតែងតាំងលោក ខុន សេរីរដ្ឋា ជំនួសលោក នីម នីរ៉ាដេត ដែលត្រូវផ្ទេរទៅបម្រើការនៅសាលាខេត្តកណ្ដាល។
នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត ម៉ៅ ភិរុណ បានលើកឡើងថា ក្នុងនាមមន្ត្រីត្រូវខិតខំធ្វើយ៉ាងណាអនុវត្តន៍ឱ្យបានយ៉ាងម៉ឺងម៉ាត់ នូវគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ថែរក្សាសុខសុវត្ថិភាព ទប់ស្កាត់អំពើល្មើសច្បាប់នានា ទប់ស្កាត់មិនឱ្យមានការរំលោភយកដីសាធារណៈ ចុះមូលដ្ឋានពិនិត្យមើលសុខទុក្ខប្រជាពលរដ្ឋ ដោះស្រាយតម្រូវការចាំបាច់របស់ពលរដ្ឋ បង្ករភាពងាយស្រួលចំពោះសេវាសាធារណៈ និងការងារជាច្រើនផ្សេងទៀតឱ្យបានល្អប្រសើរបំផុត ។
លោកអភិបាលខេត្ត ក៏បានកោតសរសើរនូវស្នាដៃដ៏ល្អប្រសើរ របស់អតីតអភិបាលស្រុកអង្គស្នួលលោក នីម នីរ៉ាដេត ផងដែរថា បានសម្រេចចេញ ជាសមិទ្ធផលល្អប្រសើរយ៉ាងច្រើន ក្នុងមូលដ្ឋានរបស់ខ្លួន ខណៈដែលស្រុកអង្គស្នួលបច្ចុប្បន្ន ឃើញមានសន្ទុះការរីកចម្រើនច្រើន ពិសេសឃើញពីក្ដានុពលអចលនទ្រព្យ កំពុងរីកផុសផុលផងដែរ ក្នុងចំនោមវិស័យជាច្រើនផ្សេងទៀត។
គួរជម្រាបជូនថា អភិបាលស្រុកអង្គស្នូលចាស់ ពោលគឺលោក នីម នីរ៉ាដេត ត្រូវទៅបម្រើការងារនៅសាលាខេត្តកណ្ដាល រីឯលោក ខុន សេរីរដ្ឋា ផ្លាស់ប្ដូរពីអភិបាលរងស្រុកស្អាង ត្រូវឡើងទៅកាន់តំណែងជាអភិបាលស្រុកអង្គស្នួល ចាប់ពីថ្ងៃនេះតទៅ៕