(ភ្នំពេញ)៖ លោក នួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា «យើងត្រូវការធនធានមនុស្សដែលមានចំណេះដឹងពិតប្រាកដមកបំពេញការងារ មិនមែនស្ពាយតែសញ្ញាបត្រ តែមិនចេះអីនោះទេ។ បច្ចុប្បន្នយើងត្រូវការធនធានមនុស្ស ដែលចេះដឹងពិតប្រាកដឲ្យបានច្រើនក្នុងការអភិវឌ្ឍន៍រាជធានីភ្នំពេញ ក៏ដូចប្រទេសកម្ពុជាទាំងមូល ក្នុងដំណាក់កាលដែលកម្ពុជា កំពុងមានការ អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ធនធានមនុស្សគឺជាកត្តាគន្លឹះក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ»។
លោកអភិបាលរងលើកឡើងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហាររូបករណ៍រដ្ឋាភិបាលអូស្ត្រាលី ចំនួន ២១នាក់ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ នៅសាលារាជធានីភ្នំពេញ។
លោក នួន ផារត្ន័ បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដំណើរការកែទំរង់នៅថ្នាក់ក្រោមជាតិ, ផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ និង ៣ឆ្នាំ រំកិលដែលជាចំណុចគោលនៃការអភិវឌ្ឍន៍។
លោកអភិបាលរង ក៏បានជំរាបជូននិស្សិតអាហារូបករណ៍ពីផែនការមេ នៃការអភិវឌ្ឍន៍ទីក្រុងក៏ដូចជា ការរៀបចំទីក្រុងឲ្យបានប្រសើរឡើងទៀតទាំងផ្នែក ចរាចរណ៏,ហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់,ប្រពន្ធ័លូប្រឡាយ និងការដោះស្រាយផលប៉ះពាល់ពីទឹក កខ្វក់ និងទឹកប្រើប្រាស់រួចជាដើម។
លោកបន្តថា «យើងមានការច្រើនត្រូវធ្វើ និងត្រូវការធនធានមនុស្សដែលមានចំណេះដឹងពិតប្រាកដ ដូច្នេះសុំឲ្យនិស្សិតយើង ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានចំណេះដឹង មករួមចំណែកកសាងជាតិ និងត្រូវមានទាំងចំណេះដឹង, សមត្ថភាព និងមោទកភាព។ ក្រុមនិស្សិតទាំង២១រូបនេះ នឹងចេញសិក្សាលើមុខវិជ្ជាផ្សេងៗគ្នា លើកំរិតអនុបណ្ឌិតនៅអូស្រាលី»៕