(កំពង់ធំ)៖ ថ្លែងនៅក្នុងឱកាសចូលរួមបុណ្យណូអែលឆ្នាំ២០១៩ ឈានចូលឆ្នាំសកលឆ្នាំ២០២០ ក្នុងព្រះវិហារសមាគមបេសកកម្មដំណឹងល្អ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន លោក ញ៉ឹក បាខេង អភិបាលរងខេត្តកំពង់ធំ បានជំរុញដល់ប្រជាពលរដ្ឋ ធ្វើអំពើល្អឲ្យបានច្រើន ដើម្បីសេចក្តីសុខរបស់ខ្លួន និងអ្នកដទៃ។
លោក ញ៉ឹក បានខេង បានកត់សម្គាល់ថា ប្រទេសកម្ពុជាគឺជាប្រទេសកំពុងតែមានការរីកចម្រើនលើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ។ កត្តាដែលជំរុញមនុស្សឲ្យធ្វើអំពើល្អ មិនគិតទៅលើសាសនាអ្វីទេ សំខាន់មនុស្សជាអ្នកប្រព្រឹត្ត ហើយដើម្បីឲ្យមនុស្សមួយចំនួន រួចផុតពីអំពើបាបផ្សេងៗ ត្រូវខិតខំធ្វើអំពើល្អមានការទទួលខុសត្រូវ រាល់សកម្មភាពដែលខ្លួនបានប្រព្រឹត្ត។
«សាសនាណាក៏ដូចសាសនាណាដែរ គឺអប់រំមនុស្សឲ្យធ្វើអំពើល្អ ចេះជួយក្នុងគ្រាមានអាសន្នដើម្បីឲ្យពួកគាត់រួចផុតពីភាពក្រលំបាកវេទនា អ្វីដែលគាត់បានកសាង និងឧបត្ថម្ភសម្ភារផ្សេងៗ ដល់មនុស្សដែលជួបការលំបាក ជាការជួយសម្រួលដល់ជីវភាពរបស់ពួកគាត់នៅតាមមូលដ្ឋាន និងសហគមន៍ដែលត្រូវការ និងការលើកទឹកចិត្តដើម្បីឲ្យពួកគាត់ ចូលរួមអភិវឌ្ឍភូមិឃុំ សហគមន៍ឲ្យមានការរីកចម្រើនទៅមុខបន្ថែមទៀត»។ អភិបាលរងខេត្តកំពង់ធំ គូសបញ្ជាក់។
បន្ថែមលើនេះ លោកបានផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូគង្វាលក្រុមជំនុំ ឪពុកម្ដាយ យុវជន និងកុមារាកុមារីទាំងអស់ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារនិងសង្គមជាតិទាំងមូល។ ពេលបើកបរត្រូវគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។
លោក ខាន់ ខុន ជាប្រធានសមាគមបេសកកម្មដំណឹងល្អ បានថ្លែងក្នុងកម្មវិធីនេះថា បុណ្យណូអែលគឺជាបុណ្យមួយ ដែលរំលឹកឡើងពីកំណើតព្រះយេស៊ូគ្រីស្ទ នៅក្នុងខែធ្នូជារៀងរាល់ឆ្នាំ ហើយគេប្រារព្ធបុណ្យណូអែល ដើម្បីរំលឹកដល់ព្រះយេស៊ូ ដែលបានផ្សព្វផ្សាយដំណឹងល្អ ដល់លោកគ្រូអ្នកគ្រូគង្វាល និងក្រុមជំនុំផងដែរ។ ការចុះផ្សព្វផ្សាយដំណឹងល្អ គឺជាការអប់រំដល់មនុស្ស នៅក្នុងក្រុមជំនុំដើម្បីឲ្យគាត់ចេះសហការគ្នា សាមគ្គីភាពគ្នាយោគយល់គ្នាទៅវិញទៅមក ជាធ្លុងមួយសម្រាប់ភ្ជាប់ពីក្រុមជំនុំមួយ ទៅក្រុមជំនុំមួយទៀត ដើម្បីឲ្យក្រុមជំនុំស្គាល់ពីព្រះគម្ពី និងស្គាល់ពីព្រះវិហារ៕