(ភ្នំពេញ)៖ ក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនចិនបានវិនិយោគរួមគ្នា លើគម្រោងខុនដូមួយដែលមានឈ្មោះថា អេខេជេប្រាយផៀល ដែលខុនដូនេះមានកម្ពស់២៦ជាន់ ក្រោមទុនវិនិយោគជាង១០លានដុល្លារអាមេរិក។

អគារអេខេប្រាយផៀល ត្រូវបានបុកគ្រឹះសាងសង់ហើយ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ ដែលមានទីតាំងស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយធនាគារជាតិ។

ឧកញ៉ា គួច ផេង អគ្គនាយកក្រុមហ៊ុនអេខេជេធានលូ ប្រផឹធី ឌីវេឡុបមិនឯ.ក បានថ្លែងថា ខុនដូមួយនេះត្រូវបានសាងសង់លើផ្ទៃដី១២០០ម៉ែត្រការ៉េ ហើយទំហំវិនិយោគ ជាង១០លានដុល្លារអាមេរិក។ ទាក់ទងនឹងគម្រោងនេះ មានបន្ទប់ខុនដូចំនួន២៨៦យូនីត ហើយមានបែងចែកចេញជា៦ប្រភេទផ្ទះ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២១។

«ប្រភេទផ្ទះទាំង៦រួមមាន៖ ប្រភេទA1 ស្ទូឌីយោ មានទំហំសរុប ៣៦.៣៦ម៉ែត្រការ៉េ, ប្រភេទA2 ស្ទូដីយោ មានទំហំសរុប ៣៤.៨៩ម៉ែត្រការ៉េ, ប្រភេទB1 បន្ទប់គេង១ មានទំហំសរុប ៥១.៩២ម៉ែត្រការ៉េ, ប្រភេទB2 បន្ទប់គេង១ មានទំហំសរុប ៥៥.៤៤ម៉ែត្រាការ៉េ, ប្រភេទC1 បន្ទប់គេង២ មានទំហំសរុប ៧១.៥៣ម៉ែត្រការ៉េ, ប្រភេទC2 បន្ទប់គេង២ មានទំហំសរុប ៧៥.៨៤ម៉ែត្រការ៉េ»។ លោកអគ្គនាយក បានបញ្ជាក់បន្ថែម។

ឧកញ៉ា គួច ផេង បានបន្តថា មូលហេតុដែលវិនិយោគនៅទីតាំងនេះ ដោយសារនៅខណ្ឌសែនសុខ ជាពិសេសនៅក្រោយធនាគារជាតិ គឺជាទីតាំងមួយដែលទៅថ្ងៃអនាគត នឹងបានអភិវឌ្ឍន៍ខ្លាំងក្លា ដែលគេជឿជាក់ថាការអភិវឌ្ឍនៅតំបន់នេះ នឹងប្រែមុខមាត់យ៉ាងខ្លាំង។ ទៅថ្ងៃអនាគត នឹងមានគម្រោងផ្សេងទៀត ដែលនៅតំបន់ជុំវិញនេះដែរ ដែលគម្រោងទាំងនោះ នឹងធ្វើឲ្យប្រែក្លាយតំបន់ភ្នំពេញថ្មី ទៅជាទីក្រុង និងទៅជាទីប្រជុំជនមួយ ដែលមានភាពទំនើបស៉ីវីល័យ។

ឧកញ៉ា គួច ផេង បានបន្ថែមទៀតថា អគារអេខេប្រាយផៀល ទទួលសាងសង់ ដោយក្រុមហ៊ុនសំណង់ចិនតែម្តង។ ក្រុមហ៊ុនចិន គឺជាក្រុមហ៊ុនធំមួយ ក្នុងចំណោមក្រុមហ៊ុនធំៗ ទាំង៥០០លើពិភពលោក ហើយក្រុមហ៊ុននេះ គឺជាអ្នកសាងសង់ពហុកីឡដ្ឋានជាតិសម្តេចតេជោ នៅតបន់ឧកញ៉ា លី យ៉ុងផាត់ ហើយក៏ជាអ្នកសាងសង់ផ្ទាល់ដែរនូវអគារថ្មី របស់មន្ទីរពេទ្យលោកសង្ឃ។

បើតាមឧកញ៉ា គួច ផេង បានអះអាងថា «ការដែលយើងសម្រេចចិត្តវិនយោគលើខុនដូនេះ គឺយើងផ្អែកលើកត្តាជាច្រើន ដែលក្នុងចំណោមនោះ យើងឃើញថាសក្តានុពល នៃសេដ្ឋកិច្ចកម្ពុជាយើង មានការរីចម្រើន ហើយជាពិសេសដែលសំខាន់ជាងគេ គឺស្ថិរភាពនយោបាយ និងការលូតលាស់នៃសេដ្ឋកិច្ចកម្ពុជាយើង ធ្វើឲ្យយើងមានសង្ឃឹម មានជំនឿជាក់ថា ការលក់មិនមែនជាបញ្ហាទេ។ យើងផ្តោតលើអតិថិជន ទាំងនៅក្នុងស្រុក និងក្រៅស្រុក ដោយសាររចនាបទនៃស្ថាបត្យកម្មរបស់យើង គឺយើងធ្វើលក្ខណៈទំនើប»