(កំពង់ឆ្នាំង)៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ រីឯមនុស្សប្រុសស្រី ៣នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងរវាងម៉ូតូនិងម៉ូតូ។ ហេតុកាណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨៖៣០នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចខ្លោងទ្វារចូលទៅក្នុងភូមិតាវ៉ាក ស្ថិតក្នុងភូមិតាវ៉ាក ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អ្នកដែលបានបាត់បង់ជីវិតមានឈ្មោះ ប៉ុល ស៉ឺន អាយុ ៤៥ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ជិះម៉ូតូម៉ាកវ៉េវ គ្មានស្លាកលេខ និងគ្មានភ្លើងបំភ្លឺ នៅពេលយប់។ ចំណែកអ្នកដែលរងរបួសធ្ងន់ទាំង ៣នាក់ខាងលើនេះ រួមមាន៖ ឈ្មោះ ខាត់ សែ ភេទប្រុស រងរបួសបែកប្រអប់ជើងខាងឆ្វេងធ្ងន់, ឈ្មោះ ជឿន សាលី ភេទប្រុស អាយុ ១៣ឆ្នាំ រងរបួសបាក់ស្មងជើងខាងឆ្វេងធ្ងន់ និងឈ្មោះ សូត្រ ភេទស្រី អាយុ ៥០ឆ្នាំ រងរបួសដៃខាងឆ្វេង និងខ្លួនប្រាណធ្ងន់។
អ្នកទាំងបីនាក់ជិះម៉ូតូមួយគ្រឿង ម៉ាក សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1G-7554 ជិះគ្នាបីនាក់។ ជនរងគ្រោះ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើដូចគ្នា។
សមត្ថកិច្ចបានបន្ថែមថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូឌុបគ្នាចេញពីកម្មវិធីឡើងផ្ទះ របស់អ្នកភូមិ ដែលរៀបចំធ្វើនៅក្នុងភូមិតាវ៉ាក ឃុំព្រៃមូលនេះ លុះធ្វើដំណើរត្រឡប់មកវិញ មកដល់ខ្លោងទ្វារចូលទៅក្នុងភូមិ ក៏ស្រាប់តែម៉ូតូដែលជាជនបង្កខាងលើនេះ បើកបរក្នុងដំណើរច្រាស់ទិសគ្នា បានមកបុកម៉ូតូសេ125 ពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ទាំងអស់គ្នាតែម្ដង។ ដោយឡែក អ្នកបើកបរម៉ូតូវ៉េវបង្កការគ្រោះថ្នាក់បានរងរបួសធ្ងន់ត្រង់ក្បាល និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យនោះតែម្ដង។
សមត្ថកិច្ចបានឲ្យដឹងទៀតដែរថា ក្រោយពេលកើតហេតុជនរងគ្រោះទាំងអស់ ត្រូវបានសមត្ថកិច្ចហៅរថយន្តសារមុយ របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង មកដឹកយកទៅធ្វើការសង្គ្រោះភ្លាមៗដែរ តែបុរសម្នាក់ដែលជិះម៉ូតូម៉ាកវ៉េវតែម្នាក់ឯង ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក ទើបក្រុមគ្រូពេទ្យ មិនអាចជួយសង្គ្រោះបាន។ ដោយឡែក មធ្យោបាយទាំង ២គ្រឿង ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រៃមូលដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីពេលក្រោយ៕