(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវ និងជំរុញលើកទឹកចិត្ដដល់វិស័យសេវាសុខភាពសាធារណៈ និងគ្លីនិកឯកជន ត្រូវតែមានសមត្ថភាព និងទំនួលខុសត្រូវខ្ពស់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យជាប់ជានិច្ច ដើម្បីសង្គ្រោះអ្នកជំងឺឱ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «អ្នកជំងឺ គាត់មានទុក្ខលំបាក ទើបមករកយើងជាគ្រូពេទ្យ ដើម្បីជួយសង្គ្រោះ ព្រោះជីវិតគាត់ផ្ញើនឹងយើងជាគ្រូពេទ្យហើយ ដូច្នេះយើងជាគ្រូពេទ្យ ដែលមានតួនាទីបម្រើសេវាសុខភាពជូនអ្នកជំងឺ ត្រូវតែដោះស្រាយទុកលំបាកផ្លូវចិត្ត ផ្លូវកាយ និងព្យាបាលជំងឺរបស់គាត់ដោយយកចិត្ដទុកដាក់ ឱ្យជាសះស្បើយឡើងវិញ»។
ការថ្លែងបែបនេះរបស់រដ្ឋមន្ដ្រី ក្នុងឱកាសបើកកិច្ចប្រជុំណែនាំស្ដីពី ការប្រកបវិជ្ជាជីវៈឯកជន ក្នុងវិស័យសុខាភិបាល នៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ដែលមានការចូលរួមពី សេវាឯកជននៅក្នុងរាជធានីភ្នំពេញ និងមន្ដ្រីសុខាភិបាលទាំង២៥រាជធានីខេត្ដផងដែរ ដើម្បីពង្រឹងការងារផ្ដល់សេវាសុខាភិបាល ជូនទៅដល់ប្រជាពលរដ្ឋយើង ឱ្យមានការទទួលខុសត្រូវច្បាស់។
រដ្ឋមន្ដ្រីសុខាភិបាល បានថ្លែងបន្ដថា «យើងត្រូវខិតខំបន្ថែមទៀត ក្រៅពីយើងទទួលបានលទ្ធផលល្អប្រសើរក្នុងផ្ដល់សេវាសង្គ្រោះអ្នកជំងឺ តែយើងនៅបញ្ហាប្រឈមមួយចំនួនត្រូវកែលម្អ ដែលត្រូវរួមគ្នាពិនិត្យមើលឡើងវិញ ទាំងការពង្រឹងបច្ចេកទេស ការផ្ដល់សេវាប្រកបដោយការទទួលខុសត្រូវខ្ពស់ ការអនុវត្ដនូវក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យនៅតាមគ្លីនិកឯកជន ក៏ដូចជាវិស័យសាធារណៈ ដើម្បីដោះស្រាយបញ្ហា ដែលប្រជាពលរដ្ឋេរបស់យើង ដែលតែងតែលើកឡើង និងត្អូញត្អែរកន្លងមក»។
ក្នុងឱកាសនេះ រដ្ឋមន្ដ្រី ក៏បានជំរុញលើក្រុមគ្រូពេទ្យទូទាំងប្រទេស ត្រូវស្គាល់ពីតួនាទី និងគោរពការងារ សីលធម៌គ្រូពេទ្យ ជាពិសេស ត្រូវមានទឹកចិត្ដទន់ភ្លន់ និងភាពអាណិតអាសូរដល់អ្នកជំងឺ និងចាត់ទុក្ខអ្នកជំងឺ ដូចជាក្រុមគ្រួសាររបស់ខ្លួន និងត្រូវជួយសម្រាលទុកលំបាកគ្នា ពេលគ្រា អ្នកជំងឺ និងគ្រួសារអ្នកជំងឺមានទុក្ខ៕