(ឧត្តរមានជ័យ)៖ ឧត្តមសេនីយ៍ទោ អ៊ុក គឹមលី នាយករងទីចាត់ការការងារព្រំដែនអគ្គបញ្ជការ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះថា បើសិនជាលោករំលោភយកដីធ្លីប្រជាពលរដ្ឋដូចការចោទប្រកាន់មែន លោកហ៊ានប្រឈមមុខផ្លូវច្បាប់។

ការចេញមកឆ្លើយបំភ្លឺរបស់លោកផ្កាយ២រូបនេះ បន្ទាប់ពីលោក វ៉ាន់ ចំរើន តំណាងប្រជាពលរដ្ឋរស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ លើកគ្នាមកសុំការអន្តរាគមន៍ពី អាជ្ញាធរខេត្តឧត្តរមានជ័យ ឱ្យជួយដោះស្រាយបញ្ហាទំនាស់ដីធ្លី ហើយបានចោទប្រកាន់ថា រូបលោកជាអ្នករំលោភយកដីរបស់ពួកគាត់។

ឧត្តមសេនីយ៍ទោ អ៊ុក គឹមលី បានឱ្យដឹងទៀតថា លោកគ្មាន ពាក់ព័ន្ធនិងរឿងដីធ្លីទាំងនេះទេ បងប្អូនប្រជាពលរដ្ឋអាចទៅសួរនាំ អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-ស្រុក ឱ្យដឹងរឿងច្បាស់សិន មុននឹងធ្វើការចោទប្រកាន់មករូបលោក។

ជាមួយគ្នានោះ លោកថែមទាំងបានគូសបញ្ជាក់ដោយចម្ងល់សួរទៅប្រជាពលរដ្ឋវិញថា តើណុចត្រង់ណាដែលថាលោករំលោភយកដីធ្លីនោះ? លោកថា គួរសិក្សាពីសាវតាឱ្យច្បាស់សិន មិនមែនចេះតែស្រែកចោទប្រកាន់លោកនោះទេ។ លោកថា តាមពិតរឿងនេះ គឺជារឿងរបស់តុលាការទេ ដែលបានចេញដីការឱ្យលោក វ៉ាន់ ចំរើន គាត់ចូលបំភ្លឺ ហើយលោកក៏មិនបានប្តឹងដែរ ហេតុអីក៏មកចោទប្រកាន់រូបលោកទៅវិញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ថ្មីៗនេះ តុលាការបានកោះហៅលោក វ៉ាន់ ចំរើន មកបំភ្លឺបែរជាលោក វ៉ាន់ ចំរើន បានលើកគ្នាមកសាលាខេត្តឧត្តរមានជ័យ ដើម្បីសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្តឱ្យជួយដោះស្រាយទំនាស់ដីធ្លីទៅវិញ។

ទាក់ទងនឹងករណីនេះ លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ឱ្យដឹងថា អាជ្ញាធរខេត្ត និងត្រៀមពិនិត្យដោះស្រាយ ជាមួយប្រជាពលរដ្ឋ ហើយលោកក៏បានធ្វើការណែនាំឱ្យប្រជាពលរដ្ឋ ត្រូវធ្វើលិខិតជាលាយលក្ខអក្សរ ដាក់ជូនរដ្ឋបាលខេត្ត ដើម្បីឱ្យខេត្តមានភាពងាយស្រួលក្នុងការដោះស្រាយជូន៕