(ត្បូងឃ្មុំ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានផ្តាំផ្ញើរឱ្យលោកស្រី និងថ្នាក់ដឹកនាំដែលបានតែងតាំងក្នុងថ្ងៃនេះ ត្រូវអនុវត្តតាមតួនាទីភារកិច្ច របស់ខ្លួនប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដោយផ្តោតជាសំខាន់លើការងារកសិកម្ម សុខាភិបាល អប់រំ និងវិស័យផ្សេងៗទៀតដែលជាវិស័យអាទិភាព ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។
ការក្រើនរំលឹកបែបនេះ របស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើឡើងនារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញ នៅក្នុងឱកាសដែលោកស្រី បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិដៅអនុវត្ត ឆ្នាំ២០២០ និងពិធីប្រកាសទទួលស្គាល់ ការកែសម្រួល និងបំពេញបន្ថែមសមាសភាពថ្នាក់ដឹកនាំសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ នៅសាលាខេត្តត្បូងឃ្មុំ។
នៅក្នុងពិធីប្រកាសកែសម្រួលនោះ លោកស្រី ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ ក៏ត្រូវបានតែងតាំងជាប្រធានកិត្តិយស សាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ និងលោកស្រី នី ចាន់ធីតា អភិបាលរងខេត្ត ជាប្រធានប្រតិបត្តិ សម្រាប់ដឹកនាំបន្ត រួមជាមួយសមាជិកាមួយចំនួនទៀត ក៏បានបំពេញបន្ថែមនៅក្នុងរចនាសម្ព័ន្ធផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដែលសាខាសមាគមន៍ខេត្ត ខិតខំសម្រេចបឋននាពេលកន្លងមក ក៏ដូចជាប្រឹងប្រែងជាបន្តឱ្យកាន់តែល្អឡើងបន្ថែមទៀត។
លោកស្រីក៏បានថ្លែងអំណរគុណ ចំពោះប្រធានគណបក្សប្រជាជនខេត្ត អភិបាលនៃគណៈអភិបាលខេត្ដ ក្រុមការងារ និងថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលបានយកចិត្តទុកដាក់និងជួយឧបត្ថម្ភ គាំទ្រ ដល់សកម្មភាពរបស់សមាគមនារីកន្លងមក។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងដែរថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បាននឹងលើកកម្ពស់គុណ តម្លៃស្រ្តីឱ្យក្លាយជាអ្នកដឹកនាំតាមក្រសួងស្ថាប័នរបស់ជាតិ និងបង្កើនយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍន៍ធនធានស្រ្តី ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងវិស័យសង្គមកិច្ចជាដើមសំដៅធានា និងឆ្លើយតបទៅនឹងសាកលភាវូនីយកម្ម ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក។
នៅបញ្ចប់កម្មវិធី លោកស្រីក៏បាននាំយកថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ចំនួន ៥លានរៀល ជូនដល់សាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំផងដែរ៕