(ស្វាយរៀង)៖ ជាសៀវភៅសរសេរធម្មតា ប៉ុន្តែនៅលើក្របសៀវភៅ បានសរសេរបង្ហាញពីគោលដៅរបស់មនុស្សម្នាក់ៗ ដែលចង់បាននាថ្ងៃអនាគត ថាតើចង់ធ្វើអ្វី? អ្នកជំនួញ? រាជការ? គ្រូពេទ្យ? វិស្វករ? គ្រូបង្វឹក ឬគណនេយ្យករ ជាដើម រួមនឹងពាក្យដាស់តឿនមួយចំនួន ដល់មនុស្សទូទៅ សុទ្ធតែត្រូវបានបោះពុម្ពលើក្របសៀវភៅចំនួន១ម៉ឺនក្បាល សម្រាប់ចែកជូនដល់សិស្សនៅតាមសាលាក្រីក្រ តាមទីជនបទនានាក្នុងប្រទេសកម្ពុជា។
យុទ្ធនាការចែកសៀវភៅសរសេរ១ម៉ឺនក្បាល របស់លោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា ដែលមានប្រវត្តិជាអ្នករតម៉ូតូឌុបរូបនេះ បានធ្វើឡើយចំនួន២សាលាមកហើយ ក្នុងខេត្តស្វាយរៀង ដោយបានចែកអស់ជាង៤ពាន់មកហើយ។ ការចែកលើកទី១ បានធ្វើនៅសាលា អនុវិទ្យាល័យច្រេស ខេត្តស្វាយរៀង ស្ថិតក្នុងភូមិត្រពាំងដៀលើ ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ការចែកលើកទី២បានធ្វើថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅឯសាលាបឋមសិក្សាពោធិរស់ ស្ថិតក្នុងភូមិ ពោធិតារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ឧកញ៉ាបណ្ឌិត ភិរម្យ បានលើកឡើងថា យុទ្ធនាការចែកសៀវភៅដល់សិស្សានុសិស្សនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីរួមចំណែកក្នុងការសម្រួល ដល់ការសិក្សារបស់សិស្សតាមជនបទដែលកំពុងខ្វះខាត។ ការចែកជូននេះ មិនមានតែសៀវភៅទេ គឺមានប៊ិច ព្រមទាំងថវិកា មួយចំនួនដល់លោកគ្រូ អ្នកគ្រូផងដែរ ក្នុងនោះក៏មានការសំណូមពររបស់សាលាដែលខ្វះខាត ហើយក្រុមការងារលោកឧកញ៉ា បានទទួលសំណើទាំងនោះទៅសិក្សាថា តើគួរសម្រេចជួយដោយវិធីណា ហើយសំណើមួយណាអាទិភាព។ ទន្ទឹមគ្នានោះដែរ សិស្សានុសិស្សទាំងអស់ដែលបានមកទទួលសៀវភៅប៊ិចទាំងនោះ ពួកគេបានស្ដាប់ការផ្ដល់ដំបូន្មានល្អៗ ពីលោកឧកញ៉ាជាច្រើនថែមទៀតផង។
បន្ទាប់ពីធ្វើយុទ្ធនាការ ចែកសៀវភៅ១ម៉ឺនក្បាលនេះភ្លាម លោកឧកញ៉ា បានឲ្យដឹងថា មានការគាំទ្រច្រើនពីមហាជន ជាមួយគ្នានោះផងដែរ ក៏មានសាលាជាច្រើនបានទាក់ទងមកឲ្យលោកឧកញ៉ា នាំសៀវភៅទាំងនោះ ទៅចែកជូនសិស្សានុសិស្សពួកគាត់ជាបន្តបន្ទាប់ ប៉ុន្តែដោយសារតែលោកឧកញ៉ា មានការមមាញឹកខ្លាំង ជំហានដំបូងសម្រេចជ្រើសរើស សាលាដែលមានភាពលំបាកខ្លាំងប៉ុណ្ណោះ។
ជាមួយនឹងកិច្ចការជួយដល់សង្គម ពិសេសលើវិស័យអប់រំនេះ បន្ទាប់ពីបញ្ចប់យុទ្ធនាការចែកសៀវភៅ លោកឧកញ៉ាបណ្ឌិត មានផែនការធ្វើបណ្ណាល័យចល័តបន្ថែមទៀត ហើយបណ្ណាល័យនោះ នឹងធ្វើដំណើរដឹកសៀវភៅជាច្រើនពាន់ក្បាល ចែកជូនសិស្សានុសិស្សក៏ដូចជាប្រជាជន បានអានទៅតាមទីដាច់ស្រយាល។ អ្វីដែលជាការលើកទឹកចិត្តដល់អ្នកអានសៀវភៅ លោក ឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា នឹងរៀបចំជាប្រាក់លើកទឹកចិត្ត អានសៀវភៅចប់ត្រឡប់ទៅផ្ទះវិញថែមទៀត មានន័យថា អានសៀវភៅបានលុយ បានទាំងចំណេះ។
ក្នុងថ្ងៃដដែលនេះដែរ បន្ទាប់ពីចែកសៀវភៅប៊ិចនៅសាលាខាងលើ លោកឧកញ៉ា និងក្រមការងារក៏បាននាំឲ្យនូវកង់១គ្រឿង ដែលជាអំណោយរបស់ លោកបណ្ឌិត ឡាយ គឺមឆេន ព្រមទាំងថវិកាមួយចំនួន ពីសប្បុរសជនផ្សេងទៀត ដែលរួមដំណើរជាមួយ ទៅចែកជូនដល់ក្មេងប្រុសម្នាក់កំព្រាឪពុកម្ដាយ ទៅធ្វើការសំណង់ មានជីវភាពខ្វះខាតខ្លាំង នៅស្រុកជីភូ ដើម្បីសម្រួលដល់ការសិក្សាបានមួយចំណែកផងដែរ៕