(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ បានផ្ញើសារជូនកងកម្លាំងនគរបាលជាតិទាំងអស់ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២០ សូមឲ្យមានសុខភាពល្អ សម្រេចបានជោគជ័យគ្រប់ភារកិច្ចទាំងក្នុងជីវភាពការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ។
នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា រយៈពេល ០១ឆ្នាំកន្លងមកនេះ កងកម្លាំងនគរបាលជាតិ បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពិសេសទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលានូវ ផែនការធ្វើរដ្ឋប្រហារតាមបែបផែន បដិវត្តពណ៌ បង្កឡើងដោយក្រុមឧទ្ទាមក្បត់ជាតិ មួយក្តាប់តូចប៉ុនប៉ងបង្កអស្ថិរភាព សម្ដៅធ្វើឲ្យមាតុភូមិកម្ពុជា ដែលកំពុងមានសុខសន្តិភាព មានការអភិវឌ្ឍធ្លាក់ចូលក្នុងភាពចលាចល និងភយន្តរាយ។
ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតី និងឆន្ទៈអង់អាចក្លាហាន ស្រលាញ់សន្តិភាព មានស្វាមីភក្តិចំពោះជាតិ សាសនា ព្រះមហាក្សត្រ កងកម្លាំងនគរបាលជាតិ បានរួមសាមគ្គីប្រកៀកស្មាគ្នា ជាមួយកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ រួមជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋធ្វើសកម្មភាពវាយឲ្យបរាជ័យនូវផែនការដ៏ពិសពុលទាំងនោះ ព្រមទាំងរក្សាបាននូវក្នុងបរិយាកាសសន្តិសុខយ៉ាងល្អប្រសើរ។
នាឱកាសដ៏ប្រពៃនេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងអំណរគុណអស់ពីដួងចិត្ត ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិទាំងអស់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបូរណភាពទឹកដីអធិបតេយ្យជាតិ និងធានាបាននូវសុខសន្តិភាពស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក សូមជួយប្រោះព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនអស់លោក-លោកស្រីទាំងអស់ ព្រមទាំងក្រុមគ្រួសារសូមមានសុខភាពល្អ សុភមង្គល ចម្រុងចម្រើន សម្បូរសប្បាយជានិច្ចនិរន្ត៕