(ភ្នំពេញ)៖ នៅទីបំផុតកម្លាំងសមត្ថកិច្ច ចាប់បានជនបង្កដែលបើកបុកយុវតីសិស្សសាលា២នាក់ ស្លាប់យ៉ាងអណោចអធ័ម នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ខណៈដែលអ្នកបើករថយន្ត AUDI ដែលកម្លាំងសមត្ថកិច្ចចាប់បានលើកមុននេះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញព្រោះមិនជាប់ពាក់ព័ន្ធ។
ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះថា ក្រោយពីទទួលបានបទបញ្ជាពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ, កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ និងកម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកការស្រាវជ្រាវ ឈានដល់ចាប់ឃាត់ខ្លួនជនបង្ក (អ្នកបើក) និងម្ចាស់រថយន្ត Highlander ពាក់ផ្លាកលេខ 2AG-7942 ពណ៌ទឹកមាស ដែលបើកបុកយុវតីសិស្សសាលា២នាក់ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនបង្កឈ្មោះ សូត្រ អាយុប្រមាណ៣៨-៣៩ឆ្នាំ, ម្ចាស់រថយន្តឈ្មោះ សុខ នៅ អាយុប្រមាណ៦០ឆ្នាំ។
ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះអ្នកបើករថយន្ត AUDI ដែលកម្លាំងសមត្ថកិច្ចចចាប់ឃាត់កាលពីលើកមុន ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយសាកសួរ គឺមិនជាប់ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់នេះឡើយ គឺជាប់ពាក់ព័ន្ធជាមួយរថយន្ត Highlander តែប៉ុណ្ណោះ។ ឧត្តមសេនីយ៍ស្នងការនគរបាលបញ្ជាក់ថា នៅថ្ងៃកើតហេតុថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ទាំងជនបង្ក និងម្ចាស់រថយន្ត Highlander ទាំងពីរនាក់ គឺស្ថិតនៅក្នុងរថយន្តជាមួយគ្នា ហើយអ្នកទាំងពីរ នឹងបញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមផ្លូវច្បាប់។
ជាមួយនេះដែរឧត្តមសេនីយ៍ឯក ស ថេត ថ្លែងដោយអះអាងធ្ងន់ៗថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វើការព្រមានលើកទី១ ចំពោះមេប៉ុស្តិ៍សង្កាត់កោះដាច់ និងលោកអធិការខណ្ឌជ្រោយចង្វា ដែលធ្វើការយឺតយ៉ាវមិនបានរាយការណ៍អំពីករណីគ្រោះថ្នាក់ចរាចរណ៍នេះរហូតជាង១០ថ្ងៃ។
សូមបញ្ជាក់ថា យុវតីចំនួន ២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តទំនើបបើកលឿនដូចហោះបុកពេញទំហឹង ស្របពេលដែលជនរងគ្រោះទាំងពីរនាក់ កំពុងជិះម៉ូតូឌុបគ្នាចេញពីរៀនភាសាអង់គ្លេស ហើយបន្ទាប់ពីបង្កហេតុរួច ជនបង្កបានបើករថយន្តគេចខ្លួន ដើម្បីរំដោះខ្លួនឲ្យរួចផុតពីការទទួលខុសត្រូវ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងតាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនរងគ្រោះម្នាក់ឈ្មោះ ភ័ណ្ឌ ភីរ៉ាដា អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧ និងម្នាក់ទៀតឈ្មោះ ខេន កូវ៉ា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨៕