(ភ្នំពេញ)៖ នារីម្នាក់របួសស្រាល ដោយសារបើករថយន្តស៊េរីទំនើបយ៉ាងលឿន ទៅបុកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់រងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៣យប់ ឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៩៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីអ្នក ដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីមួយគ្រឿងម៉ាក PORSCHE ពណ៌ស អត់ទាន់មានស្លាកលេខ បើកបរដោយនារីម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿនលុះដល់ចំណុចកើតហេតុកែងផ្លូវលេខ១៩៣ ក៏ជ្រុលទៅបុករបាំងថ្មទ្រូងផ្លូវពេញមួយទំហឹង បណ្ដាលឲ្យរថយន្តស៊េរីទំនើបខាងលើបានក្រឡាប់ផ្ងារជើងម្ខាង រងការខូចខាតយ៉ាងដំណំ។
ចំណែកឯអ្នកបើកបររថយន្តខាងលើ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចបានជួយយកចេញ ពីរថយន្ដមកក្រៅនឹងបានរងរបួសហូរឈាមតាមច្រមុះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ក្រោយពេលកើហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមករួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កខាងលើទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តដោះស្រាយ តាមផ្លូវច្បាប់នៅពេលក្រោយ៕