(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានក្រើនរំលឹក និងផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាអនុវត្តកម្លាំងសរុប វិធានការសរុប មធ្យោបាយសរុប ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អឡើងថែមទៀត។
ការក្រើនរំលឹកនិងផ្ដាំផ្ញើបែបនេះ របស់លោកអភិបាលខេត្ត ធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពត ប្រជុំស្តីពីលទ្ធផលការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩។
លោកអភិបាលខេត្តកំពត ក៏បានស្នើឱ្យជួរថ្នាក់ដឹកនាំជាកងកម្លាំង និងអ្នកពាក់ព័ន្ធទាំងអស់ រួមសហការគ្នា ត្រូវឲ្យមានការខិតខំយកចិត្តទុកដាក់ ដោះស្រាយរាល់បញ្ហាប្រឈមនានា និងអនុវត្តឲ្យបានប្រសើរឡើងថែមទៀត ដើម្បីបម្រើជូនប្រជាពលរដ្ឋយើង និងត្រូវគ្រប់គ្រង និងដោះស្រាយសភាពការណ៍ក្នុងខេត្ត ពិសេសជំរុញ ពង្រឹងសកម្មភាព ក្នុងការចូលរួមទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ដោយបន្តយកចិត្តទុកដាក់ត្រួតពិនិត្យ និងប្រមូលទិន្នន័យ លើសកម្មភាពអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។
ទាំងអង្គភាព និងបុគ្គលត្រៀមលក្ខណៈ ក្នុងការវាយតម្លៃលទ្ធផលប្រឡងប្រណាំងតាមលក្ខខណ្ឌវិនិច្ឆ័យ របស់ក្រសួងមហាផ្ទៃ។
ឆ្លៀតឱកាសក្នុងកិច្ចប្រជុំ លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់បណ្ដាគ្រប់មន្ទីរ អង្គភាព អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានចូលរួមយ៉ាងសកម្មទាំងអស់គ្នា។ ពិសេសសកម្មភាពការងារចូលរួមអនុវត្តពីសំណាក់បណ្ដាជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ក្នុងខេត្តនៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ ជុំទី២ដែលរដ្ឋបាលខេត្តកំពត ទទួលធ្វើជាម្ចាស់ផ្ទះ នៅក្នុងខែធ្នូ ឆ្នាំ២០១៩នេះ ដោយទទួលបានលទ្ធផលល្អប្រសើរប្រកបដោយភាពរលូន និងទទួលបានជោគជ័យ ដោយក្នុងនោះមានការចូលរួមកំសាន្តសប្បាយ ពីភ្ញៀវទេសចរជាតិ-អន្តរជាតិ មានប្រមាណ ៩០ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យសមុទ្រនេះ៕