(ភ្នំពេញ)៖ នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះឆ្នាំ២០១៩នឹងកន្លងផុតហើយ ដោយជំនួសមកវិញនៅឆ្នាំ២០២០។ ពេញមួយឆ្នាំ២០១៩នេះ កម្ពុជា និងចិន សម្រេចបានការងារជាច្រើនដោយឈរលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតរវាងប្រទេសទាំងពីរ។
ស្ថានទូតចិនប្រចាំនៅកម្ពុជា បានជ្រើសរើសយកព្រឹត្តិការណ៍ និងសកម្មភាពចំនួន១០ ជាសកម្មភាពសំខាន់ប្រចាំឆ្នាំ២០១៩នេះ កើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ ព្រឹត្តិការណ៍ និងសកម្មភាពចំនួន១០ ដែលស្ថានទូតចិនចាត់ទុកថាសំខាន់នោះរួមមាន៖
១៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការក្នុងប្រទេសចិន
តបតាមការអញ្ជើញរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិន សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការក្នុងប្រទេសចិន ពីថ្ងៃទី២០ ដល់២៣ ខែមករា។ នេះដំណើរទស្សនកិច្ចក្នុងប្រទេសចិនលើកដំបូងរបស់សម្តេចតេជោ បន្ទាប់ពីបានបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលអណត្តិថ្មី ឆ្នាំ២០១៨។
ក្នុងរយៈពេលនៃការបំពេញទស្សនកិច្ចនេះ លោកប្រធានាធិបតីចិន XiJinping, លោកនាយករដ្ឋមន្ត្រីចិន Li Keqiang, លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងលោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន អញ្ជើញមានជំនួប និងកិច្ចពិភាក្សាជាមួយនឹងសម្តេចតេជោ។ សម្តេចតេជោ ក៏បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងវេទិកាជំនួញពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា ប្រចាំឆ្នាំ២០១៩។
ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសផ្តល់ជំនួយប្រមាណ ៤ពាន់លានយ័ន ស្មើនឹងជិត ៦០០លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍនៅកម្ពុជាចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ លោកប្រធានាធិបតី បានប្រកាសបន្តនាំចូលអង្ករកម្ពុជាទៅកាន់ប្រទេសចិនឱ្យបាន ៤០ម៉ឺនតោន ដើម្បីរួមចំណែកជួយលើកកម្ពស់ជីវភាពរបស់ប្រជាកសិករកម្ពុជា។
២៖ ឆ្នាំ២០១៩ ឆ្នាំវប្បធម៌ទេសចរណ៍រវាងចិន និងកម្ពុជា
ឆ្នាំ២០១៩ ជាឆ្នាំវប្បធម៌ទេសចរណ៍ រវាងចិន និងកម្ពុជា។ នៅថ្ងៃទី៣០ ខែមករា ពិធីបើកឆ្នាំវប្បធម៌ទេសចរណ៍ រវាងចិន និងកម្ពុជា ត្រូវបានរៀបចំយ៉ាងអធឹកអធមក្នុងសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្ត្រីចិន Li Keqiang និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្ញើសារអបអរសាទរដល់ពិធីបើកនេះ។ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោក Luo Shugang រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌ និងទេសចរណ៍ចិន ព្រមទាំងប្រជាពលរដ្ឋមិត្តល្អគ្រប់ស្រទាប់នៃប្រទេសទាំងពីរ បានអញ្ជើ្ញញចូលរួមទស្សនាការសម្តែងដ៏អស្ចារ្យរបស់ក្រុមសិល្បករ និងសិល្បការិនី ទាំងពីរប្រទេសក្នុងពិធីបើកនោះ។
ព្រឹត្តិការណ៍ត្រូវបានរំពឹងថា នឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរកាន់តែប្រសើរថែមទៀត។ ឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរចិន ជាង ២លាននាក់ ឈរនៅលេខរៀងទី១។ ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរចិនជាង ២លាននាក់ កើនឡើង ២៤,៤% ធៀបឆ្នាំ២០១៨។
៣៖ កងទ័ពកម្ពុជា-ចិន បើកលំហាត់ «សមយុទ្ធនាគមាស»
នាថ្ងៃទី១៣ ដល់២៥ ខែមីនា លំហាត់ «សមយុទ្ធនាគមាសរវាងចិន និងកម្ពុជា ឆ្នាំ២០១៩» ត្រូវបានរៀបចំឡើងយ៉ាងជោគជ័យដោយកងទ័ពចិន និងកម្ពុជា ក្នុងទឹកដីខេត្តកំពត។ ប្រធានបទនៃលំហាត់លើកនេះ គឺការសមយុទ្ធរួមគ្នាក្នុងការប្រឆាំងភារវកម្ម និងជំនួយផ្នែកមនុស្សធម៌ ដែលមានដូចជា ការហ្វឹកហាត់លើជំនាញបច្ចេកទេស ការហ្វឹកហាត់លើបច្ចេកទេសសឹកសង្រ្កាម ការធ្វើវិនិច្ឆ័យដោយតុខ្សាច់ និងភាពជាក់ស្តែង នៃទាហាន និងព្រមទាំងលំហាត់បាញ់គ្រាប់ពិតជាដើម។
មន្ត្រីយោធាប្រទេសទាំងពីរ បានចូលរួមក្នុងលំហាត់នេះ មានចំនួនលើសពី៦០០នាក់ និងបានប្រើឧទ្ធម្ភាគចក្រយោធាZ-9 លើកដំបូងគេ និងសព្វាវុធទំនើបៗផ្សេងទៀតក្នុងលំហាត់សមយុទ្ធនេះ។ នេះជាលំហាត់សមយុទ្ធយោធាមួយដែលមានលក្ខណៈទម្រង់ធំជាងគេក្នុងប្រវត្តិសាស្ត្រ។
៤៖ ឆ្នាំ២០១៩ ជាឆ្នាំកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិន និងកម្ពុជា
ឆ្នាំ២០១៩ ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិន និងកម្ពុជា។ នៅថ្ងៃទី២៩ ខែមីនា ពិធីចាប់ផ្តើមដំណើរការនៃឆ្នាំកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ត្រូវបានរៀបចំឡើងក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។
លោក Zhao Kezhi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិន រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃប្រទេសចិន និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងពិធីនោះផងដែរ ហើយភាគីទាំងពីរបានចុះហត្ថលេខាលើផែនការការងារនៃឆ្នាំកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិន និងកម្ពុជា និងព្រមទាំងការអនុវត្តផែនការសកម្មភាពកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់។
នាថ្ងៃទី២៧ ខែកញ្ញា ការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិន និងកម្ពុជាត្រូវបានបង្កើតជាស្ថាពរ។ វាគឺជាមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការនៃកិច្ចនគរបាលទាំងពីរប្រទេសដំបូងគេលើពិភពលោក ដែលត្រូវបានស្ថាបនាឡើងដោយនគរបាលភាគីចិន។
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតនៃនគរបាលទាំងពីរប្រទេស នគរបាលភាគីកម្ពុជា បានចាប់ខ្លួនជនសង្ស័យជនជាតិចិនមានចំនួនលើសពី ១,០០០នាក់ ដែលប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងពេស្យាចារ ល្បែងភ្នាល់តាមប្រព័ន្ធអ៉ីនធើណេត គ្រឿងញៀន សង្គមងងឹត និងបទល្មើសផ្សេងទៀត ដើម្បីជាកម្លាំងមួយក្នុងការពារអាយុជីវិត ទ្រព្យសម្បត្តិ និងសុវត្ថិភាពនៃប្រជាជនទាំងពីរប្រទេស។
៥៖ កម្ពុជា-ចិន ចុះហត្ថលេខាលើការអនុវត្តផែនការសកម្មភាពកសាងសហគមន៍ជោគវាសនារួម
នាថ្ងៃទី២៨ ខែមេសា លោកនាយករដ្ឋមន្ត្រីចិន Li Keqiang និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមជាសក្ខីភាព ក្នុងពិធីចុះហត្ថលេខានៃភាគីទាំងពីរចិន និងកម្ពុជា ស្តីអំពីការអនុវត្តផែនការសកម្មភាពកសាងសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា។
ការអនុវត្តផែនការសកម្មភាពនេះ បានបញ្ចូលទាំងគោលដៅ និងវិធានការទាំង៣១ប្រភេទ នៃកិច្ចសហប្រតិបត្តិការលើវិស័យ៥ធំៗមានដូចជា៖ នយោបាយ សន្តិសុខ សេដ្ឋកិច្ច មនុស្សសាស្រ្ត និងពហុភាគី វាគឺជាឯកសារដំបូងគេដែលចិនបានចុះហត្ថលេខាជាមួយបណ្តាប្រទេស នេះបានបង្ហាញឲ្យឃើញពីទំនាក់ទំនងដៃគូ នៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជាដែលឈានទៅរកដំណាក់កាលថ្មីមួយក្នុងការលើកកម្ពស់ឲ្យកាន់តែល្អប្រសើរ។
៦៖ ផ្លែចេកកម្ពុជា ត្រូវបាននាំចូលទៅកាន់ប្រទេសចិនជាស្ថាពរ
នាថ្ងៃទី៩ ខែឧសភា ពិធីនាំចេញផ្លែចេកកម្ពុជាលើកដំបូងគេទៅកាន់ប្រទេសចិន ត្រូវបានរៀបចំឡើងក្នុងរាជធានីភ្នំពេញ។ ផ្លែចេកកម្ពុជាចំនួន ១០០តោន ដែលត្រូវបាននាំចេញទៅប្រទេសចិនដំបូងគេបានចាប់ផ្តើមចេញដំណើរពីខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ទីក្រុងសៀងហៃ ប្រទេសចិន ហើយផ្លែឈើស្រស់នៃប្រទេសកម្ពុជា បានចូលដល់ទីផ្សារប្រទេសចិនយ៉ាងជោគជ័យជាស្ថាពរ។
នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនៃទាំងពីរប្រទេស វាជាការសន្សំបទពិសោធន៍ដ៏មានតម្លៃមួយ សម្រាប់កសិផលផ្សេងទៀតនៃកម្ពុជា ក្នុងការនាំចេញទៅប្រទេសចិននាពេលអនាគត។
៧៖ ព្រះមហាក្សត្រខ្មែរ យាងចូលរួមវេទិកាសន្ទនាអរិយធម៌អាស៊ី ក្នុងប្រទេសចិន
តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីចិន Xi Jinping នាថ្ងៃទី១៣ ដល់១៦ ខែឧសភា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យស្តេចយាងចូលរួមវេទិកាសន្ទនាអរិយធម៌អាស៊ី ដែលត្រូវបានរៀបចំឡើងក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។
ព្រះអង្គទ្រង់ស្តេចយាងថ្លែងព្រះរាជសុន្ទរកថាក្នុងកម្មវិធីវេទិកា និងបានវាយតម្លៃខ្ពស់ចំពោះវេទិកាសន្ទនាអរិយធម៌អាស៊ីដែលបានផ្តល់អត្ថប្រយោជន៍ដ៏សំខាន់ ជូនចំពោះការជំរុញសិក្សាពីគ្នាទៅវិញទៅមកនៃទំនាក់ទំនងវប្បធម៌នៃបណ្តាប្រទេស ព្រះអង្គមានព្រះបន្ទូលថា ប្រជាជនកម្ពុជា នឹងឈរជាមួយប្រជាជនចិនយ៉ាងមុតមាំ រាល់គ្រប់ស្ថានភាពទាំងឡាយដែលបានកើតឡើង។
នាថ្ងៃទី១៤ ខែឧសភា ស្របក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មនៃព្រះអង្គ លោកប្រធានាធិបតីចិន Xi Jinping និងថ្នាក់ដឹកនាំនៃប្រទេសនានាដែលបានអញ្ជើញចូលរួម បានរៀបចំពិធីយ៉ាងពិសេស ដើម្បីអបអរសាទរខួបចម្រើនព្រះជន្ម ថ្វាយដល់ព្រះអង្គផងដែរ។
៨៖ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសបញ្ឈប់រាល់ល្បែងភ្នាល់គ្នាតាមម៉ាស៊ីនអេឡិចត្រូនិចអនឡាញ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចុះហត្ថលេខាលើសារាចរមួយនាថ្ងៃទី១៨ ខែសីហា ដើម្បីកែតម្រូវល្បែងភ្នាល់គ្នាតាមម៉ាស៊ីនអេឡិចត្រូនិចអនឡាញគ្រប់ជ្រុងជ្រោយក្នុងប្រទេសកម្ពុជា។ ខ្លឹមសារសំខាន់ៗនៃសារាចរនេះរួមមាន៖ បញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណអាជីវកម្មល្បែងភ្នាល់គ្នាតាមម៉ាស៊ីនអេឡិចត្រូនិចអនឡាញទាំងស្រុងក្នុងប្រទេសកម្ពុជា ដោយចាប់ពីថ្ងៃនោះតរៀងទៅ, គ្រប់ស្ថាប័ននៃការអនុវត្តន៍ច្បាប់ ត្រូវតែបិទបញ្ឈប់រាល់សកម្មភាពដែលមិនស្រពច្បាប់នៃល្បែងភ្នាល់គ្នាតាមម៉ាស៊ីនអេឡិចត្រូនិចអនឡាញដែលពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវ, ក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណអាជីវកម្មល្បែងភ្នាល់គ្នាតាមម៉ាស៊ីនអេឡិចត្រូនិចអនឡាញ ត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពរហូតផុតសុពលភាព ដែលបានកំណត់ក្នុងអាជ្ញាប័ណ្ណ(ចុងឆ្នាំ២០១៩) តែក្រោយពីសុពលភាព មិនអនុញ្ញាតបន្តអាជ្ញាប័ណ្ណនោះទៀតឡើយ។
ការហាមឃាត់ «ធ្វើអាជីវកម្មល្បែងភ្នាល់គ្នាតាមម៉ាស៊ីនអេឡិចត្រូនិចអនឡាញ» បានជួយកែលម្អមជ្ឈដ្ឋានវិនិយោគក្នុងប្រទេសកម្ពុជាកាន់តែល្អប្រសើរ ដែលអាចជួយដល់ការគ្រប់គ្រងរឹតបន្តឹងសកម្មភាពនៃជនជាតិចិនដែលបានវិនិយោគអាជីវកម្មក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតជាលក្ខខណ្ឌផលប្រយោជន៍លើកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើនរវាងប្រទេសទាំងពីរនាថ្ងៃអនាគត។
៩៖ សៀវភៅ «ត្រីវិស័យសម្រាប់ប្រជាពលរដ្ឋចិនមកកាន់ប្រទេសកម្ពុជា» ត្រូវបានផ្សព្វផ្សាយជាស្ថាពរ
នាថ្ងៃទី២៨ ខែសីហា ស្ថានទូតចិនប្រចាំកម្ពុជា បានរៀបចំកម្មវិធីសេចក្តីថ្លែងការស្តីពីថ្ងៃ នៃសេវាកម្មកិច្ចការកុងស៊ុល និង «ត្រីវិស័យសម្រាប់ប្រជាពលរដ្ឋចិនមកកាន់ប្រទេសកម្ពុជា» នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា Wang Wentian និងមន្ត្រីទទួលបន្ទុកកិច្ចការក្នុងក្រសួងទេសចរណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានឥន្តោប្រវេសន៍ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។
សៀវភៅ «ត្រីវិស័យសម្រាប់ប្រជាពលរដ្ឋចិនមកកាន់ប្រទេសកម្ពុជា» បានជួយផ្តល់នូវភាពងាយស្រួលដល់ប្រជាពលរដ្ឋចិនក្នុងការសិក្សា ធ្វើការ និងទេសចរណ៍ក្នុងប្រទេសកម្ពុជា ហើយក៏ទទួលបានការស្វាគមន៍យ៉ាងទូលំទូលាយផងដែរ (សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម ដើម្បីអធ្វើការDownload http://kh.china-embassy.org/…/lsfws/lingshifuwu/t1698504.htm )
១០៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
នាថ្ងៃទី២៥ ខែកញ្ញា ស្ថានទូតចិន បានរៀបចំពិធីបដិសណ្ឋារកិច្ចអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនយ៉ាងអធឹកអធមក្នុងCity Hall កោះពេជ្រ។
សម្ដេចតេជោ ហ៊ុន សែន និងឧបនាយករដ្ឋមន្រ្តីចំនួន៦រូប ព្រមទាំងថ្នាក់ដឹកនាំបក្សនយោបាយ យោធាផ្សេងទៀតអញ្ជើញចូលរួមក្នុងពិធីនេះ។
សម្ដេចតេជ និងលោកឯកអគ្គរដ្ឋទូតចិនបានថ្លែងសុន្ទរកថា នឹងរួមគ្នាជូរពរសាធារណរដ្ឋប្រជាមានិតចិនរីកចម្រើន និងវិបុលភាព និងជូនពរមិត្តភាពចិន និងកម្ពុជា ឋិតថេរអមតៈ។ នេះជាពិធីបដិសណ្ឋារកិច្ចដែលរៀបចំដោយស្ថានទូត ដែលមានវត្តមានចូលរួមលើកដំបូងរបស់សម្ដេចតេជោ។
សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីនោះ បានប្រកាសជាថ្មីនូវគោលនយោបាយគាំទ្រចិនតែមួយ។ ព្រឹត្តិការណ៍នេះ ក៏បានបង្ហាញឲ្យឃើញពីទំនាក់ទំនងដ៏ស្អិតរមួតនៃប្រទេសទាំងពីរ និងមិត្តភាពដ៏ពិសេសរវាងចិន និងកម្ពុជា៕