(សៀមរាប)៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ក្រោមសម្របសម្រួល នីតិវិធីដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប, លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចុះស្រាវជ្រាវ រហូតដល់រកឃើញមុខជនសង្ស័យ និងបាននាំមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានប្រាប់ភ្នាក់ងារ នៃបណ្ដាញអង្គភាព Fresh News ឲ្យដឹងថា ក្រោយពេលសាកសួរជនសង្ស័យឈ្មោះ ជា ហាក់ស៊្រុន អាយុ៥៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប បានសារភាពកំហុសចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានទទួលប្រាក់ចំនួន ២.២៥០ដុល្លារ ពីម្ចាស់ផ្ទះដែលមានឈ្មោះ លេង សម្បត្តិ ដើម្បីយកទៅរត់ការស្នើសុំសាងសង់ផ្ទះ នៅក្នុងតំបន់មួយដែលស្ថិតនៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ដែលជាតំបន់ត្រូវហាមឃាត់ មិនឲ្យមានការសាងសង់ថ្មី និងជាតំបន់ដែលគ្រប់គ្រង ដោយអាជ្ញាធរជាតិអប្សរា។
បច្ចុប្បន្ននេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ហើយត្រូវបានចៅក្រម មុយ សុភ័ក្ត្រ ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ឋនាគារខេត្តសៀមរាប។
ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំចាញ់ការឆរបោករបស់បុគ្គលមួយចំនួនដូចក្នុងករណីនេះជាដើម។
លោកបានបញ្ជាក់ថា «ក្នុងករណីបងប្អូនប្រជាពលរដ្ឋ មានភាពមិនច្បាស់លាស់ និងមានចម្ងល់នានា សូមមេត្តាទាក់ទងជាមួយមន្ត្រីមានសមត្ថកិច្ច នៃអាជ្ញាធរជាតិអប្សរា តាមរយៈលេខទូរស័ព្ទ និងប្រអប់សារ ដូចដែលមាននៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា ស្ដីពីការបដិសេធចំពោះការចោទប្រកាន់ថា មានមន្ត្រីអាជ្ញាធរជាតិអប្បរា យកប្រាក់ជាថ្នូរនឹងការអនុញ្ញាត សាងសង់ផ្ទះ ក្នុងតំបន់រមណីយដ្ឋានអង្គរ បេតិភណ្ឌពិភពលោក»៕