(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Ophélie BOURHIS នាយកទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា នាពេលថ្មីៗនេះបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងចំនួន ២ ដែលមានទឹកប្រាក់ឥណទានសម្បទានសរុបចំនួន ១១៨ លានអឺរ៉ូ (ប្រមាណជា១២១.៣២លានដុល្លារអាមេរិក)។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែធ្នូនេះបានបញ្ជាក់ថា
កិច្ចចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាននេះ គឺជាការចុះហត្ថលេខាផ្លាស់ប្តូរអត្ថបទនៃកិច្ចព្រមព្រៀង (Cross Signing) គ្នាទៅវិញទៅមក។ កិច្ចព្រមព្រៀងទាំង២នេះ មានដូចខាងក្រោម៖
១៖ ឥណទានសម្បទានចំនួន១០០លានអឺរ៉ូ (ប្រមាណជា១០១.៤លានដុល្លារអាមេរិក) សម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដំណាល់កាលទី២៖
តាមរយៈកិច្ចព្រមព្រៀងនេះ, ទីភ្នាក់ងារបារាំងសំរាប់អភិវឌ្ឍន៍ (AFD) នឹងផ្តល់ឥណទានសម្បទានបន្ថែមចំនួន១០០លានអឺរ៉ូ សម្រាប់អនុវត្តគម្រោងនេះបន្តពីគម្រោងជំហានទី១។
គម្រោងនេះមានទិសដៅ៖ ១. សាងសង់ស្ថានីយ៍បូមទឹក ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ១៩៥០០០ ម៣/ថ្ងៃ, ២. បំពាក់បំពង់មេនាំទឹកស្អាត, បំពង់ចែកចាយ និងសម្ភារៈតភ្ជាប់បំពង់និង ៣.ត្រួតពិនិត្យការងារសាងសង់ និងគាំទ្រដល់ការពង្រឹងសមត្ថភាពមន្រ្តីរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើការងារលទ្ធកម្ម និងតម្លើងបណ្តាញចែកចាយទឹក ។
២៖ ឥណទានសម្បទានចំនួន១៨លានអឺរ៉ូ (ប្រមាណជា ១៩.៩២ លានដុល្លារអាមេរិក) សម្រាប់គម្រោងអភិវឌ្ឍន៍ជំនាញ សម្រាប់ការប្រកួតប្រជែង៖
តាមរយៈកិច្ចព្រមព្រៀងនេះ, ទីភ្នាក់ងារបារាំងសំរាប់អភិវឌ្ឍន៍ (AFD) នឹងផ្តល់ឥណទានចំនួន១៨លានអឺរ៉ូ សម្រាប់ធ្វើសហហិរញ្ញប្បទាន ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ជំនាញ សម្រាប់ការប្រកួតប្រជែង ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាភ្នាក់ងារប្រតិបត្តិគម្រោង ហើយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាភ្នាក់ងារអនុវត្តគម្រោង។
គម្រោងនេះមានទិសដៅ៖ ១.កែលម្អ និងលើកកម្ពស់គុណភាពនៃ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកម្រិតក្រោយមធ្យមសិក្សា, ២. លើកកម្ពស់ការសិក្សាផង និងធ្វើការផង តាមបណ្តាឧស្សាហកម្មនានា និង ៣. ពង្រឹងយន្តការគ្រប់គ្រងហិរញ្ញវត្ថុរបស់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឲ្យប្រកបដោយនវានុវត្តន៍ ។
ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា ការផ្តល់ហិរញ្ញប្បទានដល់គម្រោងទាំងពីរខាងលើនេះ គឺបានឆ្លើយតបយ៉ាងជាក់ច្បាស់ទៅ នឹងសេចក្តីត្រូវការជាអាទិភាពរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព និងសហគ្រិនភាព និងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទីប្រជុំជនតាមរយៈការពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត និងការបំពាក់ប្រព័ន្ធចែកចាយ និងផ្គត់ផ្គង់ទឹកស្អាត។ ហិរញ្ញប្បទានដ៏ថ្លៃថ្លាពីរដ្ឋាភិបាលសាធារណរដ្ឋបារាំងនេះ នឹង រួមចំណែកដល់ការអនុវត្តយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង បង្កើតការងារ បែងចែកផ្លែផ្កានៃកំណើនប្រកប ដោយសមធម៌ដល់គ្រប់ស្រទាប់វណ្ណៈនៃប្រជាជន និងបង្កើនប្រសិទ្ធិភាពនៃការវិនិយោគដែលជា មូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសចំណូលខ្ពស់ ។
សូមគូសបញ្ជាក់ថា ហិរញ្ញប្បទានសហប្រតិបត្តិការ ពីសាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ផ្តោតទៅលើវិស័យអាទិភាពសំខាន់ៗ រួមមាន៖ អភិវឌ្ឍន៍កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធជនបទ, បណ្តុះបណ្តាលជំនាញ, គាំទ្រវិស័យផលិតកម្ម,ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។ គិតចាប់ពីឆ្នាំ ១៩៩៣ ដល់ខែ ធ្នូ ឆ្នាំ ២០១៩ សាធារណរដ្ឋបារាំងបានផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការចំនួនប្រមាណ ៨០២ លានអឺរ៉ូ ក្នុងនោះមាន៖ ហិរញ្ញប្បទានឥតសំណងចំនួន ២០១ លានអឺរ៉ូ, ឥណទានសម្បទាន «Sovereign Loan» ចំនួន ៤៣៤ លានអឺរ៉ូ និងឥណទានគ្មានការធានាពីរដ្ឋ «Non Sovereign loan» ចំនួន១៦៧លានអឺរ៉ូ៕