(ក្រចេះ)៖ មន្ទីរផែនការសហការជាមួយមន្ទីរសង្គមកិច្ច អតតីយុទ្ធ និងយុវនីតិសម្បទា ខេត្តក្រចេះ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ បានរៀបចំពិធីប្រគល់ Tablets ដល់ឃុំ-សង្កាត់ ក្នុងខេត្តក្រចេះ សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ។ ក្នុងពិធីនេះដែរ បានធ្វើឡើងក្រោមអធីបតី លោក ទុយ ប៊ុនសេរីរត្នមុន្នី អភិបាលខេត្តស្តីទីនៅសាលប្រជុំសាលាខេត្ត ។
លោក ទុយ ប៊ុនសេរីរត្នមុន្នី បានលើកឡើងថា ផ្អែកតាមគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ រាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទី១ ជាដំណាក់កាលអន្តរកាល ដែលប្រគល់ភារកិច្ចអនុវត្តកម្មវិធី ទៅឲ្យក្រសួងសុខាភិបាល ដោយប្រើប្រាស់មូលដ្ឋានសុខាភិបាល និងដំណាក់កាលទី២ ផ្ទេរការអនុវត្តកម្មវិធីពីក្រសួងសុខាភិបាល ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីគ្រប់គ្រង និងអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០២០តទៅ។
លោកអភិបាលរងបន្តទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយកំណែទម្រង់លើគ្រប់ផ្នែក គ្រប់វិសយ័ មានដូចចែងក្នុងយុទ្ធសាស្ត្រចតុកោណ ដើម្បីជំរុញកំណើនការងារសមធម៌ និងប្រសិទ្ធភាព ដែលកូកាទៅវាគឺជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រការកាត់បន្ថយភាពក្រីក្រ។
ដើម្បីធានាប្រសិទ្ធភាព និងពន្លឿនការកាត់បន្ថយភាពក្រីក្រ ឲ្យកាន់តែលឿនក្រសួង និងស្ថាប័ននានា ជាពិសេសក្រសួងផែនការដែលមានការចង្អុលបង្ហាញពីសំណាក់ប្រមុខរាជរដ្ឋាភិបាល បានរៀបចំសុំអន្តរាគមន៍សេវាចំនួន២ គឺសំណុំអន្តរាគមន៍សេវាដើម្បីបង្កើនប្រាក់ចំណូល និងសំណុំអន្តរាគមន៍សេវាដើម្បីកាត់បន្ថយចំណាយ ដោយផ្ដោតឱ្យចំប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះបំផុត ដើម្បីលើកកម្ពស់ជីវភាពរស់នៅអភិវឌ្ឍធនធានមនុស្ស និងការការពារពួកគាត់ពីវិបត្តិផ្សេងៗ អាចបណ្ដាលឱ្យធ្លាក់ទៅក្នុងភាពក្រីក្រ ឬធ្វើឲ្យស្ថានភាពលំបាក រស់នៅកាន់តែមានភាពធ្ងន់ធ្ងរឡើង៕