(ពោធិ៍សាត់)៖ ដោយបានការការគាំទ្រថវិកាពីអង្គការឡៃហ្វរដឺវើលនោះ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែធ្នូឆ្នាំ២០១៩ នៅសណ្ឋាគារពោធិ៍សាត់រីវើសាយ បានរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលគម្រោងសុវត្ថិភាពចរាចរណ៍ និងពិការភាពសម្រាប់ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទីកាកបាទក្រហមកម្ពុជា, លោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងលោក ខូយ រីដា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងដោយបានការចូលរួមពីប្រតិភូសាខាកាកបាទ ក្រហមកម្ពុជា មកពីថ្នាក់កណ្តាល ខេត្តពោធិ៍សាត់ ខេត្តតាកែវ ខេត្តកំពត និងខេត្តសៀមរាប ចំនួន៩៣នាក់។
លោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងជម្រាបជូនថា គម្រោងសុវត្ថិភាពចរាចរណ៍ និងពិការភាពនេះ គឺជាផ្នែកមួយរបស់កម្មវិធីយុវជនកាកបាទ និងក្រោមកិច្ចតម្រង់ទិសណែនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែផ្តល់អនុសាសន៍ជាប្រចាំ ក្នុងការពង្រឹង ការងារសហប្រតិបត្តិការជាមួយដៃគូរពាក់ព័ន្ធ ក្នុងន័យរួមចំណែកកាត់បន្ថយអត្រាស្លាប់របួសពិការដោយសារគ្រោះថ្នាក់ចរាចរណ៍។
លោកបានថ្លែងទៀតថា តាមរយៈរបាយការណ៍របស់ស្នងការនគរបាលខេត្តពោធិ៍សាត់ បានបង្ហាញថាក្នុងឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍មាន៩១លើកបណ្តាលឲ្យស្លាប់មនុស្ស៨៦នាក់ របួសធ្ងន់ស្រាល១២៨នាក់ និងក្នុងឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍មាន១១៤លើក ស្លាប់មនុស្ស៨៧នាក់ របួសធ្ងន់ស្រាល១៥៤នាក់។ ក្នុងនាមប្រធានគណៈកម្មាធិការសាខា លោកសូម ឲ្យមានកិច្ចសហការជាមួយមន្ទីរជំនាញ ស្នងការនគរបាលខេត្ត បន្ទាប់មកជាមួយយុវជនអ្នកស័្មគ្រចិត្ត និងមន្ត្រីគម្រោង ក្នុងការជម្រុញការផ្សព្វផ្សាយអប់រំ អំពីច្បាប់ចរាចរណ៍ថ្មីជូនដល់ប្រជាពលរដ្ឋ ជាពិសេសយុវជននៅក្នុងសហគមន៍។
លោកស្រី ម៉ែន នារីសោភ័គ បានលើកបង្ហាញថា កាកបាទក្រហមកម្ពុជា បានចាប់អនុវត្តគម្រោងសុវត្ថិភាពចរាចរណ៍ និងពិការភាពចាប់តាំងពីឆ្នាំ២០០៥ និងទទួលបានការគាំទ្រថវិកាពីម្ចាស់ជំនួយ ជាច្រើន រួមទាំងវិស័យឯកជនផងដែរ។ គម្រោងនេះជាផ្នែកមួយក្នុងការតម្រង់ទិសយុវជន និងប្រជាពលរដ្ឋ ក្នុងន័យរួមចំណែកកាត់បន្ថយអត្រាស្លាប់ របួស ពិការដោយសារគ្រោះថ្នាក់ចរាចរណ៍។
បើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានបង្ហាញថា ក្នុងរយៈពេល១៩ខែ ក្នុងឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់១,៦៦៥នាក់របួស និងពិការ៥,២១២នាក់ បើគិតជាមធ្យមស្លាប់៥នាក់ និងរបួស១៨នាក់ជារៀងរាល់ថ្ងៃ។ លោកស្រីបានថ្លែងទៀតថា កាកបាទក្រហមកម្ពុជា ជាជំនួយការឲ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ មានតួនាទីភារកិច្ចបណ្តុះបណ្តាល អប់រំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ជូនដល់ប្រជាពលរដ្ឋ និងយុវជន ដើម្បីរួមចំណែកកាត់បន្ថយអត្រាស្លាប់ និងរបួសនៅកម្ពុជា។
គិតក្នុងឆ្នាំ២០១៩នេះ កាកបាទក្រហមកម្ពុជា ទទួលបានការគាំទ្រថវិកាពីអង្គការឡៃហ្វរដឺវើល សម្រាប់អនុវត្តសកម្មភាពដល់ខេត្តគោលដៅ ចំនួន៤ គឺខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តតាកែវ និងខេត្តកំពត ក្នុងគោលបំណងលើកកម្ពស់តួនាទី ជនពិការ និងផ្តល់ឱកាសលើកទឹកចិត្តដល់ពួកគេឲ្យដើរតួរជាអ្នកដឹកនាំក្លឹប ជាអ្នកផ្សព្វផ្សាយ មិត្តអប់រំមិត្តនៅតាមគ្រឹះស្ថាន និងសាធារណៈ ក្នុងសហគមន៍។ ចំពោះសិក្ខាសាលានេះ គឺបង្ហាញនិងឆ្លុះបញ្ចាំងលទ្ធផលគម្រោង និងលើកទិសដៅអនុវត្តបន្ត នៃខេត្តគោលដៅទាំង៤ ព្រមទាំងកសាងបណ្តាញសុវត្ថិភាព ចរាចរណ៍បន្តកាន់តែមានភាពធន់ និងរឹងមាំ៕