(កំពង់ធំ)៖ លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមពិធីប្រគល់ធេបប្លែត ជូនឃុំ-សង្កាត់ទូទាំងខេត្ត សម្រាប់អនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ដែលត្រូវបានរៀបចំដោយមន្ទីរសង្គមកិច្ចអតីតយុទ្ឋជន និងយុវនីតិសម្បទាវិទា និងមន្ទីរផែនការ នៅសាលាខេត្តកំពង់ធំ។
លោក លី សុភា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនីតិសម្បទា បានឡើងធ្វើរបាយការណ៍ពីការផ្អែកតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម (ឆ្នាំ២០១៦-២០២៥) រាជរដ្ឋាភិបាល បានដាក់ចេញឲ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលប្រគល់កិច្ចការអនុវត្តកម្មវិធីទៅឲ្យក្រសួងសុខាភិបាល ដោយប្រើប្រាស់មូលដ្ឋានសុខាភិបាល និងដំណាក់កាលទី២ ផ្ទេរការងារអនុវត្តពីក្រសួងសុខាភិបាល ទៅក្រសួងសង្គមកិច្ច អតីតយុទ្ឋជន និងយុវនីតិសម្បទា ដើម្បីគ្រប់គ្រង និងឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោម២ឆ្នាំ ចាប់ពីឆ្នាំ២០២០នេះតទៅ។
លោក ញឹក បានខេង បានថ្លែងថា ដើម្បីធានាប្រសិទ្ធភាពនិងពន្លឿនការកាត់បន្ថយភាពក្រីក្រ ឲ្យកាន់តែលឿនក្រសួង-ស្ថាប័ននានា ជាពិសេសក្រសួងផែនការ ដោយមានការចង្អុលបង្ហាញពីសំណាក់ប្រមុខរាជរដ្ឋាភិបាល បានរៀបចំសំណុំអន្តរាគមន៍សេវាចំនួន២ គឺ៖ ទី១. សំណុំអន្តរាគមន៍សេវាដើម្បីបង្កើនប្រាក់ចំណូល និងទី២. សំណុំអន្តរាគមន៍សេវាដើម្បីកាត់បន្ថយការចំណាយ ដោយផ្ដោតឱ្យចំប្រជាពលរដ្ឋក្រីក្រនិងជនងាយរងគ្រោះបំផុត។ លោកបន្តថា ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការពារពួកគាត់ពីវិបត្តិផ្សេងៗ ដែលបណ្ដាលឱ្យធ្លាក់ទៅក្នុងភាពក្រីក្រ ធ្វើឲ្យស្ថានភាពលំបាករបស់គាត់ កាន់តែមានភាពធ្ងន់ធ្ងរឡើង។
លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើឱ្យឃុំ/សង្កាត់ ធ្វើការប្រើប្រាស់ទៅតាមលក្ខណៈបច្ចេកទេស និងអនុវត្តន៍តាមនីតិវិធី ដែលបានបណ្ដុះបណ្ដាលជូនរួច និងជួយថែរក្សាទុកដាក់ ធេបប្លែតទាំងនេះឲ្យបានល្អ ប្រកបដោយសុវត្ថិភាព ដើម្បីអនុវត្តន៍ការងារនេះឲ្យបានរលូន៕