(ភ្នំពេញ)៖ វិស័យសំណង់នៅកម្ពុជាបានរីកលូតលាស់យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាហេតុនាំឱ្យតម្រូវការនៃការប្រើប្រាស់ក្តារបន្ទះ ឬហៅថាក្តារកុងផ្លាកកេមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ផងដែរ។ ដើម្បីបំពេញតម្រូវការក្តារបន្ទះក្នុងវិស័យសំណង់នេះ កម្ពុជាបាននាំចូលក្តារបន្ទះពីប្រទេសដទៃរាប់ម៉ឺនម៉ែត្រគូបក្នុងមួយឆ្នាំៗ។ ក្រៅពីតម្រូវការប្រើប្រាស់ក្តារកុងផ្លាកកេហើយនោះ កម្ពុជាក៏បាននាំចូលគ្រឿងសង្ហារិមដូចជា តុ ទូ គ្រែជាដើម ពីប្រទេសដទៃ ដើម្បីដាក់នៅតាមការិយាល័យធ្វើការ និងផ្ទះសម្បែង។
ដោយមើលឃើញពីតម្រូវការខ្ពស់នៃការប្រើប្រាស់ក្តារបន្ទះក្នុងវិស័យសំណង់នាពេលបច្ចុប្បន្ន ក៏ដូចជាតម្រូវការគ្រឿងសង្ហារិម និងរួមចំណែកលើកកម្ពស់គម្របព្រៃឈើនៅកម្ពុជាឡើងវិញផងនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ដៃជាមួយក្រុមហ៊ុនឯកជនមួយដាំដុះឈើ ដើម្បីយកទៅច្នៃជាក្តារបន្ទះ ឬធ្វើគ្រឿងសង្ហារិម។ កិច្ចព្រមព្រៀងដាំដុះឈើរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន ស៊ីង បាយ អូថេក (Think Bio-Tech) បានធ្វើឡើងនៅខែសីហា ឆ្នាំ២០១១ ដើម្បីដាំដុះឈើលើផ្ទៃដីសរុបទំហំ ៣៤,០០៧ហិកតា ដែលជាដីរបស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ជាប់នឹងព្រំប្រទល់ព្រៃឡង់ដែលការពារដោយរាជរដ្ឋាភិបាល។
លោក សាន សុខហៀង តំណាងរបស់ក្រុមហ៊ុន ស៊ីង បាយ អូថេក ដែលកំពុងគ្រប់គ្រងការដាំដុះឈើនៅលើផ្ទៃដែលក្រសួងកសិកម្មបានផ្តល់ជូននោះ បានថ្លែងបញ្ជាក់ពីកិច្ចសហការរបស់ក្រុមហ៊ុន និងក្រសួងកសិកម្មយ៉ាងដូច្នេះថា «ក្រុមហ៊ុនយើងខ្ញុំ បានសហការជាមួយរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម ដែលមានរដ្ឋបាលព្រៃឈើជាដៃគូ ដាំដើមឈើសហការគ្នាលើផ្ទៃដី ៣៤,០០៧ហិកតា។ ការវិនិយោគហ្នឹង គឺការស្តារ និងដាំឈើឡើងវិញ ដើម្បីបម្រើក្នុងវិស័យឧស្សាហកម្មព្រៃឈើ។ ការដាំ ការស្តារព្រៃឈើឡើងវិញនេះ គឺស្ថិតនៅក្នុងគម្រោងរបស់រាជរដ្ឋាភិបាល របស់រដ្ឋបាលព្រៃឈើ មានន័យថា ស្តារពីព្រៃឈើរិចរិល រៀបចំឈើដែលអត់បម្រើសេដ្ឋកិច្ចបន្តទៀត ឈូសឆាយឈើដែលរិចរិលនៅក្នុងគម្រោងស្តារហ្នឹង ដែលបានសិក្សាផលប៉ះពាល់រួចរាល់ សិក្សាពីបរិស្ថានរួចហើយ ទើបគាត់រកដៃគូមកវិនិយោគ ដើម្បីឈូសឆាយផ្ទៃដីវិនិយោគទាំងអស់ហ្នឹងដាំដើមឈើឡើងវិញ ដូចជាដាំដើមកាស្យា ដើមប្រេងខ្យល់ ដាំដើមស្ពង់ ដើមថ្កូវ ដើមរកា និងដើមឈើផ្សេងៗទៀត»។
បន្ទាប់ពីទទួលបានសិទ្ធិក្នុងការដាំដុះក្រុមហ៊ុនបានធ្វើសកម្មភាពយ៉ាងសកម្មដោយឈូសឆាយផ្ទៃដី និងដាំដុះឈើ ហើយមានឈើមួយចំនួនបានធំអាចកាប់យកកែច្នៃបានផងដែរ។ លោក សុខហៀង បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្នក្រុមហ៊ុនដាំដុះឈើលើផ្ទៃដីសរុបជាង ៥ពាន់ហិកតាហើយ ហើយប្រភេទឈើដែលបានដាំនោះមានដូចជា ដើមប្រេងខ្យល់ ម៉ៃសាក់ និងគ្រញូងមួយចំនួន។ ក្រុមហ៊ុនគ្រោងនឹងឈូសឆាយផ្ទៃដីប្រមាណជា ៥ពាន់ហិកតាបន្ថែមទៀត ដើម្បីដាំដុះនៅក្នុងឆ្នាំ២០២០ ហើយគ្រោងបញ្ចប់ការដាំដុះលើផ្ទៃដីទាំងអស់នៅឆ្នាំ២០២៣។
ក្រោយជម្នះផលលំបាក និងឧបសគ្គអស់រយៈពេលជាង ១០ឆ្នាំ បច្ចុប្បន្នក្រុមហ៊ុនសម្រេចបានលទ្ធផលមួយចំនួនហើយលើការដាំដុះរបស់ខ្លួន ដោយឈើខ្លះធំអាចប្រមូលផល និងឈើខ្លះទៀត កំពុងលូតលាស់យ៉ាងល្អ។ ប៉ុន្តែមុនពេលសម្រេចបានលទ្ធផលនេះ មានបញ្ហា និងឧបសគ្គជាច្រើនដែលក្រុមហ៊ុនបានប្រឹងប្រែងជម្នះ។ តំណាងរបស់ក្រុមហ៊ុនលោក សុខហៀង បានរៀបរាប់ថា «ជួបការលំបាកច្រើនណាស់ ពាក់ព័ន្ធយើងមកនេះ យើងមកចាប់ផ្តើមកវែកកឆ្នាំង ពាក់ព័ន្ធការធ្វើផ្លូវភ្លើង សំអាតព្រៃកុំឱ្យភ្លើងឆេះ ចម្ការឈើដែលយើងដាំហើយពីមុនមក ពាក់ព័ន្ធប្រជាពលរដ្ឋលែងគោក្របីឱ្យវ័ធដំណាំក្នុងហ្នឹង។ អ៊ីចឹងយើងជួបឧបសគ្គច្រើនពាក់ព័ន្ធជាមួយភ្នាក់ងារអង្គការសង្គមស៊ីវិលមួយចំនួនផ្នែកខាងសកម្មជនបរិស្ថាន គាត់ចេះតែមិនសប្បាយចិត្តជាមួយកាអភិវឌ្ឍរបស់ក្រុមហ៊ុន ក៏ដូចជារាជរដ្ឋាភិបាល។ គាត់ចេះតែធ្វើទុក្ខបុកម្នេញតាមរយៈការចុះផ្សាយព័ត៌មានមិនពិត ការបំពុលព័ត៌មាន ធ្វើឱ្យលំបាក។ និយាយឱ្យចំទប់ព័ត៌មានហ្នឹងផង ជួយរាយការណ៍ទៅថ្នាក់ដឹកនាំបន្តបន្ទាប់អត់មានពេលទំនេរ»។
បើទោះបីជាមានឧបសគ្គខ្លះៗយ៉ាងណាក្តី ក្រុមហ៊ុនបានអះអាងថា ខ្លួននឹងប្រឹងប្រែងក្នុងការដាំដុះឈើឱ្យសម្រេចទៅតាមផែនការ ព្រោះថាទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគតកម្ពុជាត្រូវការឈើយ៉ាងខ្លាំងសម្រាប់បំពេញតម្រូវការក្នុងឧស្សាហកម្មឈើនេះ។ បើតាមលោក សុខហៀង ឈើដែលក្រុមហ៊ុនដាំនេះ គឺយកទៅកែច្នៃធ្វើជាក្តារបន្ទះ និងធ្វើជាគ្រឿងសង្ហារិម។ លោក សុខហៀង ក៏បានឱ្យដឹងដែរថា ប្រភេទឈើប្រណិតដូចជាគ្រញូងគេត្រូវចំណាយពេលរាប់សិបឆ្នាំទើបប្រមូលផល សម្រាប់ឈើម៉ៃសាក់ប្រើពេល១២ឆ្នាំទៅ ១៥ឆ្នាំ រីឯឈើប្រេងខ្យល់ប្រើពេល ៥ ទៅ៦ឆ្នាំ។
នៅកម្ពុជាព្រៃឈើបានរងការកាប់បំផ្លាញយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះក្រុមហ៊ុនមួយចំនួនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ក៏បានត្រឹមការកាប់ឈើ ហើយក៏មិនបានធ្វើការអភិវឌ្ឍ ឬដាំដុះអ្វីនោះដែរ ជាហេតុធ្វើឱ្យគេហាក់មិនសូវមានជំនឿចិត្តនោះឡើយនៅពេលនិយាយពីការអភិវឌ្ឍដាំដុះឈើរបស់ក្រុមហ៊ុន ស៊ីង បាយ អូថេក។
ដើម្បីបានប្រាកដថា តើក្រុមហ៊ុន ស៊ីង បាយ អូថេក ពិតជាបានធ្វើសកម្មភាពដាំដុះឈើដូចការព្រមព្រៀងជាមួយរាជរដ្ឋាភិបាលដែរឬយ៉ាងនោះ? ក្រុមអ្នកព័ត៌មាន Fresh News និងទូរទស្សន៍អប្សរា បានធ្វើដំណើរលើចម្ងាយផ្លូវជាង ៣០០គីឡូម៉ែត្រ ទៅកាន់ស្រុកសំបូរ ខេត្តក្រចេះ ទីតាំងដែលក្រុមហ៊ុនកំពុងដាំដុះឈើនោះ។ អ្នកព័ត៌មានបានចូលទៅក្នុងផ្ទៃដីរបស់ក្រុមហ៊ុន ហើយបានមើលឃើញដើមឈើម៉ៃសាក់ ដើមប្រេងខ្យល់មួយចំនួនបានលូតលាស់ធំៗហើយ ហើយមួយចំនួនទើបនឹងដាំ។ ក្រុមអ្នកព័ត៌មាន ក៏បានឃើញផ្ទៃដីមួយចំនួនទើបឈូសឆាយរួច តែមិនទាន់ដាំដុះឈើនៅឡើយ។ ក្រុមអ្នកព័ត៌មាន ក៏បានស្វែងរកការសម្ភាសន៍ជាមួយប្រជាពលរដ្ឋនៅតំបន់នោះថែមទៀត ដើម្បីបានជ្រាបព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពរបស់ក្រុមហ៊ុន។
លោក ហ៊ុល ប៉ូ ប្រជាពលរដ្ឋរស់នៅភូមិឥន្ទជ័យ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ដែលជាគណៈកម្មការជនជាតិភាគតិច និងជាលេខារបស់សហគមន៍ការពារធនធានធម្មជាតិព្រៃឡង់ បានលើកឡើងថា នៅពេលក្រុមហ៊ុនចូលទៅអភិវឌ្ឍន៍ដំបូងឡើយ រូបលោក និងប្រជាពលរដ្ឋដទៃទៀត សុទ្ធតែមានការព្រួយបារម្ភខ្លាចមានការកាប់ទន្ទ្រានព្រៃឈើនៅក្នុងតំបន់របស់លោក។ តែក្រោយមកនៅពេលមានការបញ្ជាក់ពីមន្ត្រីកសិកម្ម និងខាងក្រុមហ៊ុន ក៏ដូចជាការឆ្វេងយល់ទៅនាំឱ្យប្រជាពលរដ្ឋយល់ឃើញថា ការអភិវឌ្ឍដាំដុះឈើនេះជាប្រយោជន៍ល្អមួយសម្រាប់សេដ្ឋកិច្ចជាតិ។
លោក ហ៊ុល ប៉ូ បានលើកឡើងថា ឈើនៅកន្លែងក្រុមហ៊ុនអភិវឌ្ឍន៍ជាឈើរិចរិល បើទុកក៏មិនអាចទាញជាប្រយោជន៍សេដ្ឋកិច្ចបាននោះឡើយ។ ដូច្នេះការឈូសឆាយ ហើយដាំដុះឈើដើម្បីយកទៅកែច្នៃជារឿងល្អមួយ។
លោក ហ៊ុល ប៉ូ ក៏បានបញ្ជាក់ពីសកម្មភាពដាំដុះឈើរបស់ក្រុមហ៊ុនផងដែរ។ លោក ហ៊ុល ប៉ូ បានឱ្យដឹងថា រូបលោកមិនធ្លាប់ចូលក្នុងទីតាំងដីក្រុមហ៊ុនដែលអភិវឌ្ឍន៍នោះទេ តែលោកបានមើលពីខាងក្រៅទៅ គឺឃើញមានការដាំឈើដូចជាដើមម៉ៃសាក់ និងដើមប្រេងខ្យល់នៅលើទីតាំងដីរបស់ក្រុមហ៊ុនពិតប្រាកដមែន។
លោក យឹង សុឃី ជាប្រជាពលរដ្ឋម្នាក់ទៀត ដែលកំពុងរស់នៅក្នុងភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ពោលគឺនៅតំបន់ដែលក្រុមហ៊ុន ស៊ីង បាយ អូថេក កំពុងអភិវឌ្ឍន៍ការដាំដុះឈើនោះតែម្តង។ លោកបានអះអាងថា ក្រុមហ៊ុនពិតជាបានធ្វើសកម្មភាពច្បាស់លាស់លើការដាំដុះឈើនេះ។ លោក យឹង សុឃី បានអះអាងថា «ច្បាស់ណាស់ បើមិនជឿលោកក្មួយទៅមើល។ ដីគេដាំ ដីគេភ្ជួរ គេអភិវឌ្ឍហ្នឹងគឺច្បាស់ គ្មានភ្លើងឆេះទៀតទេ មិនសរសើរមិនបានហ្មង។ ក្រុមហ៊ុនហ្នឹង អាចសង្ឃឹមទៅថ្ងៃអនាគតប្រជាពលរដ្ឋយើងនេះនឹងរស់ រស់ស្រួលដោយសារក្រុមហ៊ុន»។
ក្រៅពីបញ្ជាក់នូវសកម្មភាពនៃការដាំដុះឈើរបស់ក្រុមហ៊ុនហើយ ប្រជាពលរដ្ឋនៅតំបន់នោះ ក៏បានបញ្ជាក់ពីស្ថានភាពព្រៃឈើនៅលើដីដែលក្រុមហ៊ុនអភិវឌ្ឍន៍ផងដែរ។ ទាំងលោក យឹង សុឃី និងលោក ហ៊ុល ប៉ូ បានបញ្ជាក់ថា ព្រៃឈើនៅលើដីក្រុមហ៊ុនអភិវឌ្ឍន៍ គឺជាព្រៃឈើរិចរិលមិនមានឈើធំៗនោះទេ។ ពីមុននៅលើដីនោះមានឈើធំៗដែរ តែត្រូវបានប្រជាពលរដ្ឋកាប់អស់ទៅហើយមុនពេលក្រុមហ៊ុនចូលមកអភិវឌ្ឍន៍។
ប្រទេសជាច្រើននៅលើពិភពលោកនេះ រួមទាំងប្រទេសជិតខាងកម្ពុជាផង បានធ្វើឧស្សាហកម្មដាំឈើ ដើម្បីយកមកច្នៃធ្វើជាក្តារបន្ទះ ឬជាគ្រឿងសង្ហារិមដូចជាតុ ទូ កៅអី គ្រែជាដើម សម្រាប់ដាក់នៅបន្ទប់ធ្វើការ និងគេហដ្ឋាន។ សម្រាប់ប្រទេសកម្ពុជា មិនទាន់មានក្រុមហ៊ុនវិនិយោគណាមួយបានវិនិយោគលើការដាំដុះឈើ ដើម្បីកែច្នៃបែបនេះឡើយ គឺមានតែអ្នកកាប់ឈើធម្មជាតិលក់ចេញទៅក្រៅប្រទេសតែម្តង។
ក្រុមហ៊ុន ស៊ីង បាយ អូថេក គឺជាក្រុមហ៊ុនដំបូងគេហើយនៅកម្ពុជា ដែលបានបោះទុនវិនិយោគលើការដាំដុះឈើ ដើម្បីយកមកកែច្នៃជាក្តារបន្ទះ ឬធ្វើជាគ្រឿងសង្ហារិមនេះ។ លោក លូ ឈូឆាង នាយកក្រុមហ៊ុន ស៊ីង បាយ អូថេក (ខេមបូឌា) បានលើកឡើងថា ប្រទេសកម្ពុជាមានសក្តានុពលខ្ពស់ ហើយមានផ្ទៃដីច្រើន ដែលជាអំណោយផលខ្ពស់លើការដាំដុះឈើ ដើម្បីយកមកកែច្នៃជាគ្រឿងសង្ហារិមផ្សេងៗ។
លោក លូ ឈូឆាង បានអះអាងថា ទីផ្សារសម្រាប់គ្រឿងសង្ហារិមនេះធំណាស់នាពេលបច្ចុប្បន្នដូចជានៅកោះតៃវ៉ាន់ កូរ៉េខាងត្បូង និងបណ្តាប្រទេសមួយចំនួនទៀត។ លោក លូ ឈូឆាង បានលើកឡើងថា សម្រាប់កម្ពុជា គឺជាឱកាសដ៏ល្អមួយសម្រាប់ការគិតគូរលើឧស្សាហកម្មដាំដុះឈើ ហើយកែច្នៃជាគ្រឿងសង្ហារិម ដើម្បីប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
នាយកក្រុមហ៊ុន ស៊ីង បាយ អូថេក រូបនេះ បានលើកទឹកចិត្តឱ្យមានការអភិវឌ្ឍលើឧស្សាហកម្មដាំដុះឈើនេះ ហើយលោកក៏រីករាយនឹងចែករំលែកបទពិសោធន៍ដល់អ្នកដែលចង់វិនិយោគលើឧស្សាហកម្មនេះផងដែរ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះការដាំដុះឈើរបស់ក្រុមហ៊ុន ស៊ីង បាយ អូថេក។ លោករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងមួយឆ្នាំកម្ពុជាត្រូវការនាំចូលក្តារបន្ទះ ឬហៅថាក្តារកុងផ្លាកកេ មកបម្រើលើវិស័យសំណង់មិនតិចជាង ៣០ម៉ឺនម៉ែត្រគូបនោះឡើយ ដូច្នេះការធ្វើឧស្សាហកម្មដាំឈើមកច្នៃជាក្តារបន្ទះ បានរួមចំណែកធំដល់សេដ្ឋកិច្ចជាតិ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានបង្ហាញការគាំទ្ររបស់ខ្លួនយ៉ាងដូច្នេះថា «ពិតប្រាកដណាស់ប្រទេសមួយយើងត្រូវតែគិតគូរ។ ជាពិសេសប្រទេសកម្ពុជាយើង យើងនៅសល់ដីទូលំទូលាយ ហើយយើងឈឺចាប់ដែរមួយថ្ងៃៗគេសុំនាំឈើចូល ដូចជាក្តារកុងផ្លាកេ ក៏ដូចជាឈើផ្សេងៗទៀត ដើម្បីកែច្នៃធ្វើគ្រឿងសង្ហារិមនៅកម្ពុជាមួយឆ្នាំៗមិនតិចម៉ឺនម៉ែត្រគូបទេ។ ដូច្នេះយើងគួររុញការងារនេះឱ្យយើងមានម្ចាស់ការ ជាពិសេសគឺបញ្ហាទាក់ទងជាមួយពាក់ព័ន្ធជាមួយក្តារឈើបង្គំសំណង់ ក្តារអីយើងនាំចូលទាំងអស់ឥឡូវហ្នឹង។ ការដ្ឋានធំៗ គឺនាំចូលក្តារកុងផ្លាកេសឹងតែ១០០ភាគរយ ដែលយកមកធ្វើការសាងសង់។ នេះជារឿងមួយដែលយើងត្រូវជំរុញការអភិវឌ្ឍ»។
ទាក់ទងការវិនិយោគចម្ការដាំឈើនៅកម្ពុជានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ក៏បានបង្ហាញការគាំទ្រ និងបានថ្លែងថា ការវិនិយោគលើចម្ការឈើ ពិតជាមានសារៈសំខាន់ព្រោះវានឹងជួយកាត់បន្ថយសម្ពាធមកលើការប្រើប្រាស់ឈើធម្មជាតិ ហើយការបង្កើតឱ្យមានឧស្សាហកម្មកែច្នៃឈើនេះ ក៏នឹងជួយបង្កើតការងារ និងបង្កើនចំណូលជូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ចូលរួមក្នុងកំណើនសេដ្ឋកិច្ចជាតិ។
លោក នេត្រ ភក្ត្រា បានថ្លែងថាការបង្កើតចម្ការដាំឈើ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងចូលរួមពង្រឹងការអភិរក្សធនធានធម្មជាតិ ដែលកម្ពុជាមាននាពេលបច្ចុប្បន្ន។
ក្រុមហ៊ុន ស៊ីង បាយ អូថេក មិនត្រឹមតែបានឈូសឆាយដី និងដាំដុះកូនឈើប៉ុណ្ណោះទេ ដើម្បីគាំទ្រដល់គម្រោងដាំដុះឈើគាំទ្រដល់ឧស្សាហកម្មកែច្នៃឈើក្រុមហ៊ុន ក៏បានបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងបង្កាត់ពូជឈើតាមបែបវិទ្យាសាស្ត្រដ៏ធំមួយនៅក្នុងខេត្តកំពង់ធំលើផ្ទៃដីប្រមាណ ៣៧ហិកតា។ វិទ្យាស្ថាននេះ មានគម្រោងផលិតកូនឈើឱ្យបានប្រមាណ ១០លានដើមក្នុងមួយឆ្នាំ។
ក្រៅពីធ្វើសកម្មភាពប្រឹងប្រែងក្នុងដាំដុះឈើក្នុងពេលបច្ចុប្បន្នក្រុមហ៊ុនក៏មានរោងចក្រកែច្នៃឈើកម្ទេចកម្ទីឈើទៅជាក្តារបន្ទះចំនួនពីរកន្លែងផងដែរ។ មួយកន្លែងស្ថិតនៅតាមផ្លូវជាតិលេខ៦ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ជារោងចក្រផលិតផលិតផលសម្រេច និងមួយកន្លែងទៀតស្ថិតនៅក្នុងខេត្តកំពង់ចាម ជារោងចក្រផលិតផលិតផលពាក់កណ្តាលសម្រេច។
រោងចក្រទាំងពីរកន្លែងនេះកំពុងធ្វើសកម្មភាពយ៉ាងសកម្មភាពក្នុងការកែច្នៃកម្ទេចកម្ទីឈើ ឬដើមគរជាដើមទៅជាក្តារបន្ទះ សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងប្រទេសដែលកំពុងមានតម្រូវការខ្ពស់នោះ។ លោក លូ ឈូឆាង បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាត្រូវការក្តារបន្ទះប្រមាណ ២ម៉ឺនម៉ែត្រគូបក្នុងមួយខែ។ ក្នុងនោះក្រុមហ៊ុនរបស់លោកអាចផលិតបំពេញទីផ្សារបានចន្លោះពី ៣,៥០០ម៉ែត្រគូប ទៅ ៥,០០០ម៉ែត្រគូបប៉ុណ្ណោះ។ តាមការប៉ានប្រមាណរបស់លោក លូ ឈូឆាង តម្រូវការក្តារបន្ទះអាចនឹងកើនឡើងប្រមាណ ២០ភាគរយក្នុងមួយឆ្នាំប្រសិនកំណើនសំណង់នៅកម្ពុជាបន្តកើនឡើងដូចពេលបច្ចុប្បន្ន។
ការវិនិយោគដាំដុះឈើរបស់ក្រុមហ៊ុន ស៊ីង បាយ អូថេក មិនត្រឹមតែបានរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធនានានោះទេ តែការវិនិយោគនេះ បានជួយឱ្យប្រជាពលរដ្ឋទាំងនៅតំបន់វិនិយោគដាំដុះឈើក្នុងខេត្តក្រចេះ និងប្រជាពលរដ្ឋនៅទីតាំងរោងចក្រកែច្នៃក្នុងខេត្តកំពង់ចាម និងខេត្តកណ្តាល ទទួលបានការងារ និងរកបានកម្រៃសម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគេផងដែរ។
ប្រជាពលរដ្ឋនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ពោលនៅជិតទីតាំងក្រុមហ៊ុនដាំឈើ ដែលជាតំបន់ដាច់ស្រយាលមួយ បានរស់ពឹងលើរបរកាប់ឈើ រកត្រី និងធ្វើស្រែជាដើម ដើម្បីទ្រទ្រង់ជីវភាព។ របរទាំងនេះ មិនអាចឱ្យពួកគេរកចំណូលបានទៀងទាត់នោះឡើយ។ នៅពេលក្រុមហ៊ុន ស៊ីង បាយ អូថេក ចូលទៅដាំដុះឈើ បានផ្តល់ការងារជាច្រើនកន្លែងជូនដល់ប្រជាពលរដ្ឋ ហើយក៏បានធ្វើឱ្យជីវភាពរបស់ពួកគេបានប្រសើរផងដែរ។
លោក វេត ដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិឥន្ទជ័យ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានឃើញក្រុមហ៊ុន ស៊ីង បាយ អូថេក នេះ គាត់បានទាក់ទងឱ្យយើងនៅតាមភូមិ នៅតាមសហគមន៍យើងនេះចូលទៅធ្វើកម្មករដាំកូនឈើ ឬក៏ការងារអីដែលក្រុមហ៊ុនត្រូវមានអ៊ីចឹងយកពលរដ្ឋយើងមកចូលធ្វើការងារនៅក្រុមហ៊ុនមិនឱ្យចំណាកស្រុកទេ។ ពីមុនយើងទៅឆ្ងាយតែឥឡូវនេះយើងមានមុខរបរការងារនៅជិតផ្ទះរបស់យើង កូនឈឺគ្រុនយើងអាចទៅមើលកូនយើងបាន។ តែពីមុនមកយើងមិនមានក្រុមហ៊ុននេះ យើងទៅប្រទេសក្រៅ ទៅខេត្តក្រៅៗទៅ ទាល់តែដល់ឆ្នាំ ដល់ខែ កូនឯណេះឈឺស្លាប់ក៏មិនទាន់បានមកដែរ។ អ៊ីចឹងឥឡូវនេះយើងបានកាត់បន្ថយច្រើន ដើម្បីឱ្យប្រជាពលរដ្ឋយើងចូលធ្វើការងារនៅក្នុងក្រុមហ៊ុននេះ ងាយស្រួលថែទាំការពារកូនចៅ ប្រពន្ធកូនរបស់យើង មើលស្រែចម្ការ គោក្របីរបស់យើងបាន»។
លោក សឿង យុន ជាប្រជាពលរដ្ឋមួយរូបមានទីលំនៅក្នុងភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ពីមុនលោក សឿង យុន និងភរិយារបស់ខ្លួន បានធ្វើចំណាកស្រុកទៅធ្វើការនៅក្នុងប្រទេសថៃ។ បច្ចុប្បន្នលោក សឿង យុន និងភរិយា បានផ្លាស់មកធ្វើការងារនៅក្នុងរោងចក្រកែច្នៃឈើរបស់ក្រុមហ៊ុន ស៊ីង បាយ អូថេក នៅក្នុងខេត្តកំពង់ចាមវិញហើយ។
លោក សឿង យុន បានពេញចិត្តជាមួយការងារនៅក្នុងរោងចក្រ ដោយទទួលបានប្រាក់ឈ្នួលប៉ុន្មាន ២លានរៀលក្នុងមួយខែ ហើយនៅជិតផ្ទះ ជិតកូន ហើយលោកក៏ឆ្លៀតពេលចិញ្ចឹមសត្វបានថែមទៀតផង។ លោក សឿង យុន បានអះអាងថា ការធ្វើការងារនៅក្នុងប្រទេស និងជិតផ្ទះ ធ្វើឱ្យលោកសល់លុយច្រើនជាងទៅធ្វើការងារនៅប្រទេសថៃ៕