(កោះកុង)៖ ថ្លែងក្នុងពិធីចុះអនុសារណៈយោគយល់គ្នា (MOU) រវាងសមាគមតន្រ្តីសំនៀងជនពិការ ជាមួយនឹងសហព័ន្ធស្រ្តីអ្នកជំនួញកម្ពុជា (CWBF) អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានអះអាងថា សកម្មភាពនេះ គឺជាការពង្រឹកជីវភាពសេដ្ឋកិច្ច និងការលើកកម្ពស់ ការអនុវត្តសិទ្ធិជនពិការនៅកម្ពុជារ ដូចមនុស្សទូទៅដែលមិនមានពិការភាពដែរ។
បើតាមលោកស្រី មិថុនា ភូថង បានចាត់ទុកការចុះ MOU មួយនេះគឺជាព្រឹត្តិការណ៍គួដ៏រឱ្យត្រេកអរ ដែលលោកស្រីបានឃើញពីកិច្ចសហការ និងសហប្រត្តិការនៃបណ្តាញអ្នកជំនួញស្រ្តី បានចងក្រងគ្នាក្នុងការពង្រឹងទួរកិច្ចនៅក្នុងប្រទេសកម្ពុជា ក្នុងមេត្រីភាពដែលជាទីមោទនភាពរបស់ជាតិ។ ក្នុងនាមអាជ្ញាធរដែនដី លោកស្រីសូមកោតសរសើរ សម្រាប់ការបង្កើតបណ្តាញស្រ្តីអ្នកជំនួញនេះឡើង និងសូមគាំទ្រ។
លោកស្រី មិថុនា ភូថង បានបញ្ជាក់ថា៖ «ដែលពិសេសទៅទៀតនេះ ភាគីទាំងពីរមិនត្រឹមដែលបានយកទឹកដីខេត្តកោះកុង ជាកន្លែងសិក្សារៀនសូត្រផ្លាស់ប្តូរបទពិសោធន៍ នៅក្នុងវិស័យធុរកិច្ចប៉ុណ្ណោះនោះទេ តែបានយកទឹកដីខេត្តកោះជាសាក្សី ក្នុងពិធីចុះអនុសារណៈយោគយល់គ្នា រវាងសមាគមតន្ត្រីសំនៀងជនពិការ ជាមួយនឹងសហព័ន្ធស្រ្តីអ្នកជំនួញកម្ពុជា។ សកម្មភាពនេះ បានផ្តល់នូវក្តីសង្ឃឹមដល់បងប្អូនជនពិការ របស់សមាគមតន្ត្រីសំនៀងជនពិការ បានទទួលនូវឱកាសដ៏ល្អប្រពៃ ក្នុងទទួលបាននូវឱកាសគាំទ្រ ការពង្រឹកជីវភាពសេដ្ឋកិច្ច និងការលើកកម្ពស់ការអនុវត្តន៍សិទ្ធជនពិការ ដូចមនុស្សទូទៅដែលមិនមានពិការភាពដែរ»។
«ខ្ញុំចង់ឃើញភាពរីកចម្រើនរបស់ស្រ្តីក្នុងវិស័យធុរកិច្ចកាន់តែរីកដុះដាលកាន់តែខ្លាំង នៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតឱកាសពង្រីកវិស័យធុរកិច្ចរបស់ស្រ្តីកម្ពុជា»។ លោកស្រី អភិបាលខេត្តគូសបញ្ជាក់។
សូមបញ្ជាក់ថា ការចុះអនុស្សារណៈយោគយល់គ្នានេះ បានធ្វើឡើងក្នុងឱកាសដែលលោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់ជាតិ ដឹកនាំជនពិការភ្នែកចំនួន៣៨នាក់ ចុះទៅធ្វើទស្សនកិច្ចសិក្សា និងដំណើរកម្សាន្ត ជាមួយសហគ្រិនស្ត្រី ដែលមកពីសហព័ន្ធស្ត្រីអ្នកជំនួញកម្ពុជា។ ទស្សនកិច្ចនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងដោយមានការចូលរួមពីលោក ទូច វុធ អភិបាលរងខេត្ត, មន្ទីរកិច្ចការនារី, អភិបាលរងស្រុក, មេឃុំ និងសប្បុរសជនយ៉ាងច្រើនកុះករ។
លោកស្រី ញ៉ែម មរកត បានថ្លែងថា រាជរដ្ឋាភិបាលបានអណត្តិទី៦នេះ បានប្តេជ្ញាចិត្ត និងបានយកចិត្តទុក្ខជាខ្លាំងនូវក្នុងការពង្រឹងវិស័យពិការភាព និងធុរកិច្ចដែលជាគន្លឹះ ក្នុងការជួយឱ្យវិស័យសេដ្ឋកិច្ចជាតិ សម្រេចបានតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) ដែលទើបប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្មីកន្លងមកនេះ និងផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍វិស័យពិការភាព ដែលរាជរដ្ឋាភិបាលទើបតែប្រកាស ឱ្យប្រើប្រាស់កាលពីថ្ងៃទិវាជនពិការ៣ធ្នូ។ លោកស្រីបន្តថា ដើម្បីឱ្យសម្រេចបាននូវផែនការយុទ្ធសាស្រ្តទាំងនោះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ស្ថាប័នឯកជន សង្គមស៉ីវិល និងដៃគូអភិវឌ្ឍន៍នៅគ្រប់កម្រិត។
លោកស្រី ញ៉ែម មរកត បានបន្ថែមថា ក្នុងចំណោមគោលដៅជាយុទ្ធសាស្រ្តចម្បងៗ នៃផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍វិស័យពិការភាពថ្មីនេះ រាជរដ្ឋាភិបាលនឹងបន្តការយកចិត្តទុកដាក់លើចំណុចមួយចំនួន មានការពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ រួមទាំងថ្នាក់តំបន់និងអន្តរជាតិ ក្នុងនោះរួមមាន៖
*ការពង្រឹងយន្តការសម្របសម្រួលជាមួយក្រុមការងារពិការភាពរបស់ក្រសួងពាក់ព័ន្ធ និងក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់ក្រោមជាតិ។
*ការបង្កើនឱកាសការងារ មុខរបរ ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនដែលមានពិការភាព ដើម្បីរួមចំណែកការកាត់បន្ថយភាពក្រីក្រ។
«ដូចនេះការផ្សាភ្ជាប់គ្នារវាងសមាគមសំនៀងជនពិការ ជាមួយនឹងសហព័ន្ធស្រ្តីអ្នកជំនួញកម្ពុជា គឺសាក្ខីភាពមួយនៃការរួមចំណែក ក្នុងជួយរាជរដ្ឋាភិបាល ក្នុងការសម្រេចបានផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ដើម្បីឱ្យវិស័យទាំងពីរការរីកសម្រើន។ សកម្មភាពថ្ងៃនេះ ក៏ជាគំរូមួយយ៉ាងល្អដែលបានបង្ហាញពីការយកចិត្តទុកដាក់ និងគណនេយ្យភាពសង្គមនៃវិស័យឯកជនក្នុងការរួមចំណែកអភិវឌ្ឍន៍កិច្ចការសង្គម»។ លោកស្រីគូសបញ្ជាក់។
លោក ចាប តូ ប្រធានសមាគមតន្ត្រីសំនៀងជនពិកាដរ បានឡើងធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាព និងការប្រឈមរបស់សមាគម។ លោកបានថ្លែងថា សមាគមនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ គឺដំបូងមានជនពិការត្រឹមជាង ២០នាក់ប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ សមាគមមានសមាជិកជាង ២៥០នាក់ ដែលសុទ្ធសឹងតែជាជនមានពិការភាពភ្នែក និងកាយសម្បទា។
លោកបានឲ្យដឹងដែរថា ដំណើរទស្សនកិច្ចសិក្សា និងកម្សាន្ត របស់ជនមានពិការភាព និងសហគ្រិនស្ត្រី ដែលមកពីសហព័ន្ធស្ត្រីអ្នកជំនួញកម្ពុជា បានប្រើប្រាស់រថយន្ត ៣៩កៅអី ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាតក្រហមកម្ពុជា។ ជនមានពិការភាព និងសហគ្រិនស្រ្តី ក៏បានទៅស្តាប់របាយការណ៍ ការធ្វើអាជីវកម្មសំបុកត្រចៀកកាំ ជិះកាណូតកម្សាន្ត នៅព្រៃកោងកាង និងចម្ការទុរេន ដែលមានអាយុកាលរាប់រយឆ្នាំផងដែរ៕