(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ បានព្រមានចាត់វិធានការច្បាប់ ទៅលើជនខិតខូចទាំងឡាយណា ដែលហ៊ានរត់ការបើកអាជីវកម្មល្បែងភ្នាល់តាមអ៉ីនធ័រណេតទាំងក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ បន្ទាប់ពីដល់កំណត់ត្រូវបញ្ចប់ទាំងស្រុង តាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៉ីនអេឡិចត្រួនិច តាមរយៈអ៉ីនធ័រណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព នៅក្នុងប្រទេសកម្ពុជា នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានឲ្យដឹងថា អាជីវកម្មល្បែងអនឡាញ នឹងត្រូវបញ្ចប់ទាំងស្រុងនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩តទៅ។
អគ្គស្នងការនគរបាលជាតិ បានអះអាងទៀតថា បន្ទាប់សារាចរណែនាំនេះ ត្រូវបានផ្សព្វផ្សាយក៏អាចមានបុគ្គលមួយចំនួន បានប្រឌិតព័ត៌មានថា សារាចរណែនាំនេះមិនពិតប្រាកដឡើយ ហើយអះអាងថា នៅអាចស្នើបើកអាជីវកម្មបន្ដទៀតបាន ដែលព័ត៌មាននេះមិនពិតឡើយ ពោលនេះគ្រាន់តែឧបាយកលជនទុច្ចរិតប៉ុណ្ណោះ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «តាមព័ត៌មានគណៈកម្មាធិការទទួលយកបាន គឺមានបុគ្គលខ្លះ ក្រុមខ្លះអាចដើរទៅបោកបញ្ឆោត ឬក៏និយាយថា ស្មារតីសារាចរមិនពិត ខ្លះធានាឲ្យបើកកន្លែងនោះបាន (អាជីវកម្មហ្គេមអនឡាញ) នេះគឺជាឧបបាយកល ជាសកម្មភាពរបស់ជនទុច្ចរិត ដែលបោកបញ្ឆោតទេ ជាខ្លឹមសាររួចយើងត្រូវអនុវត្តខ្លឹមសារសារាចរនេះ យើងត្រូវបញ្ចប់ទាំងស្រុងហ្គេមអនឡាញ។ ដូច្នេះសូមឲ្យក្រុមហ៊ុនទាំងអស់ អាជ្ញាធរដែនទាំងអស់ ត្រូវក្ដាប់ស្មារតីនេះ គ្មានបុគ្គលណា គ្មានអង្គភាពណា ដែលបំពានលើស្មារតីសារាចរនេះទេ បើសិនជាមានក្រុមហ៊ុន ឬមានកន្លែងណាមួយ ដែលចាញ់បោកត្រូវទទួលខុសត្រូវ»។
អគ្គស្នងការនគរបាលជាតិរូបនេះ ក៏បានអំពាវនាវដល់សមត្ថកិច្ចគណៈកម្មាធិការបង្ក្រាបល្បែង, អាជ្ញាធរដែនដីទាំងអស់ ត្រូវមានកិច្ចសហការល្អជាមួយក្រុមហ៊ុន ដើម្បីអនុវត្តឲ្យបានតាមខ្លឹមសារសារាចរណែនាំរបស់រាជរដ្ឋាភិបាល ជៀសវាងមានកន្លែងខ្លះនៅបន្ដបើកលួចលាក់ដំណើរការ ហើយប្រសិនបើរកឃើញសមត្ថកិច្ច នឹងយកច្បាប់ទៅអនុវត្ត។
សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ បានចុះហត្ថលេខាលើសារាចរណែនាំមួយ ដោយបញ្ឈប់ការ ផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាយ ( Internet Online) ទាំងក្នុង និងក្រៅប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះ។
ការចេញសារាណែនាំនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលសង្កេតឃើញថា សកម្មភាពអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមអយៈអ៉ិនធ័រណេត ក្នុង និងក្រៅប្រទេសមួយចំនួន បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល និងមួយចំនួនទៀតលួចលាក់ធ្វើសកម្មភាពនៅតាមទីតាំងផ្សេងៗគ្នា ហើយពួកឧក្រិដ្ឋជនបរទេសមួយចំនួន បានជ្រកក្រោមរូបភាពល្បែងភ្នាល់ប្រភេទនេះ ដើម្បីធ្វើសកម្មភាពបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុង និងក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម៕