(កំពង់ឆ្នាំង)៖ ក្នុងកិច្ចប្រជុំជាមួយ លោកចៅសង្កាត់ និងលោកមេឃុំ ទាំង៧០របស់ខេត្ត នៅក្នុងសាលាខេត្ត នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា អនុវត្តន៍តាមគោល នយោបាយ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩មក ប្រមុខរាជរដ្ឋាភិបាល បានអនុវត្តន៍កម្មវិធីជួយឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះក្រីក្រ និងកុមារអាយុក្រោម២ឆ្នាំ ដែលក្នុងម្នាក់ៗពេលមានផ្ទៃពោះ និងសំរាលកូនមួយៗ នឹងទទួលបានទឹកប្រាក់ចំនួន៧៦ម៉ឺនរៀល ទៅតាមដំណាក់កាល។
លោក ឈួរ ច័ន្ទឌឿន បន្ដថា ហេតុនេះហើយ ទើបនៅថ្ងៃនេះ មន្ទីរសង្គមកិច្ចខេត្ត បានរៀបចំពិធីចែក Tablets ដើម្បីប្រើប្រាស់រួមគ្នាក្នុងកម្មវិធីខាងលើនេះ។
លោកអភិបាលខេត្ត បានបន្តទៀតថា ដូច្នេះដើម្បីកំណត់បានអត្តសញ្ញាកម្មគ្រួសារក្រីក្រ នៅក្នុងមូលដ្ឋានតាមការស្នើសុំ ឬតាមការពិនិត្យឃើញជាក់ស្តែង សំរាប់ទទួលបានប្រាក់ឧបត្ថម្ភខាងលើនេះ ដូច្នេះលោកមេឃុំ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែចេះប្រើប្រាស់ Tablets នេះឲ្យបានត្រឹមត្រូវបំផុត ដើម្បីអនុមត័ស្នើសុំទៅថ្នាក់ជាតិ។ នៅក្នុងការអនុវត្តន៍កម្មវិធីគោលនយោបាយនេះដែរ សូមកុំឲ្យកូនក្មួយ ឬបងប្អូន លោកមេឃុំ លោកមេភូមិ សុទ្ធតែជាគ្រួសារក្រីក្រទាំងអស់នោះឲ្យសោះ ចំណែកប្រជាពលរដ្ឋជាគ្រួសារក្រីក្រពិតបា្រកដ បែរជាមិនទទួលបានបណ្ណ័ក្រីក្រវិញ ព្រោះថាការភូតភរ បោកប្រាស់ថ្នាក់លើ នៅក្នុងរឿងនេះ កុំយល់ថាគ្មានទោសឲ្យសោះ។
លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្ត នៅក្នុងពិធីនេះ បានលើកឡើងថា ពិធីចែក Tablets ជូនឃុំ-សង្កាត់ទូទាំងខេត្តនៅក្នុងថ្ងៃនេះ គឺសម្រាប់ប្រើប្រាស់រួមគ្នា ក្នុងការងារកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ តាមការស្នើសុំ និងការអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះនិងកុមារ អាយុក្រោម២ឆ្នាំ ដើម្បីលើកទឹកចិត្តដល់ស្ត្រីជាមាតា និងកុមារឲ្យប្រើប្រាស់សេវាសុខភាព ដោយភ្ជាប់លក្ខខណ្ឌជាមួយទម្លាប់ថែទាំ សុខភាពចាំបាច់មួយចំនួន។
លោកបន្ដថា នៅក្នុងគោលបំណង គឺដើម្បីលើកកំពស់សុខមាលភាពមាតានិងកុមារ រួមចំណែកដោះស្រាយបញ្ហាកង្វះអាហាររូបត្ថម្ភ របស់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូននៅក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ ដើម្បីជុំរុញ ការលូតលាស់ ទាំងកាយសម្បទានិងប្រា ជ្ញាស្មារតី។
លោកបន្ថែមទៀតថា ដើម្បីអនុវត្តកម្មវិធីនេះ បានជោគជ័យ កន្លងមកមន្ទីរសង្គមកិច្ច ក៏បានសហការជាមួយរដ្ឋបាល ខេត្ត មន្ទីរសុខាផិបាលខេត្ត បើកវគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន និងការប្រើប្រាស់ Tablets នេះ ដល់លោកមេឃុំ និងចៅសង្កាត់ទាំង៧០រួចមកហើយ។ ដោយសង្ឃឹមថា មានតែអ្នកប្រើប្រាស់ Tablets ជាមេឃុំចៅ និងសង្កាត់ តែប៉ុណ្ណោះ ដែលអាចដឹងពីការប្រើប្រាស់នេះ។
ក្នុងកម្មវិធីនេះ លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត និងលោក ឈាង ចន្ធី អនុប្រធានមន្ទីរ សង្គមកិច្ចខេត្ត ក៏បានឡើងពន្យល់អំពីរបៀបប្រើប្រាស់ និងសរសេរទិន្នន័យនៅក្នុង (Tablets) ថាប្លេកនេះ ដល់លោកមេឃុំ និងចៅសង្កត់ផងដែរ។ លោកអភិបាលខេត្ត និងក្រុមការងារ ក៏បានចែក Tablets នេះជូនដល់ ចៅសង្កាត់ និងលោកមេឃុំទាំង៧០ នៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីយកទៅប្រើប្រាស់នៅក្នុងកម្មវិធីខាងលើនេះ ឲ្យទទួលបានជោគជ័យ៕