(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិរៀបចំ កីឡាស៊ីហ្គេម លើកទី២៣ បានធ្វើការអំពាវនាវដល់ក្រសួងអប់រំ និងស្ថាប័ន្ធ ពាក់ព័ន្ធទាំងអស់បង្កើនទីកន្លែងហ្វឹកហាត់កីឡាបន្ថែមទៀត ខណៈយុវជនខ្មែរខ្លះមានទេពកោសល្យតាំងពីកំណើតតែពួកគេគ្មានឱកាសក្នុងការហ្វឹកហាត់ដោយសារតែជីវភាព និងគ្មានកន្លែងត្រឹមត្រូវសម្រាប់ ការហាត់ជាដើមនោះ។
ការជំរុញបែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញ បូកសរុបលទ្ធផលការងារកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្ត នៅវិមានសន្តិភាព។
ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ការបង្កើនទីកន្លែងច្រើនសម្រាប់ហ្វឹកហាត់កីឡា គឺជាឱកាសសម្រាប់យុវជនខ្មែរ ហើយសម្តេចរំពឹងថា កូនខ្មែរនឹងមានអ្នកខ្លាំងច្រើនផ្សេងទៀត នៅតាមខេត្ត និងទីជនបទ ប៉ុន្តែពួកគេ គ្មានឱកាសចូលរួមដោយសារ តែគ្មានកន្លែងហ្វឹកហាត់ត្រឹមត្រូវ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា៖ «យើងត្រូវតែជំរុញឱ្យខ្លាំងក្លាបន្ថែមទៀតតាមរយៈមន្ទីរអប់រំយុវជន និងកីឡាត្រូវឱ្យមានកន្លែងហាត់ឱ្យបានច្រើន យុវជនខ្លះវាខ្លាំងតែពួកគេមិនបានចេញមុខចេញមាត់ដោយសារតែពួកគេនៅតាមទីជនបទ ហើយក្មេងខ្លះមានជំនាញនិងចាប់អារម្ភណ៍តាំងពីតូចតែពួកគេ មិនអាចធ្វើអ្វីកើតដោយសារតែគ្នានខ្សែរយៈ និងសម្ភារៈគ្រប់គ្រាន់សម្រាប់ហ្វឹកហាត់ជាដើមនោះ»។
យ៉ាងណាក៏ដោយសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងកោតសរសើរចំពោះកីឡាករកម្ពុជា នាពេលបច្ចុប្បន្នស្ទើតែគ្រប់វិញ្ញាសារកីឡាទាំងអស់ បានកំពុងរីកចម្រើនជាបន្តបន្ទាប់ដោយសារតែ មានការយកចិត្តទុកដាក់ច្រើន និងការទទួលខុសត្រូវខ្ពស់ពីសំណាក់គ្រួបង្វឹក និងការខិតខំផ្ទាល់ របស់កីឡាករ-កីឡាការិនី បើទោះបីកម្ពុជាយើងនៅមានការខ្វះខាត់ខ្លះៗ នូវឧបករណ៍សម្ភារ មធ្យោបាយ ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការហ្វឹកហ្វឺន និងបណ្តុះបណ្តាល ជាពិសេសបណ្តុះបណ្តាលធនធានមនុស្សវ័យក្មេងលើវិស័យកីឡានៅមានកម្រិត ប៉ុន្តែវាត្រូវទាមទារឱ្យយើងទាំងអស់គ្នា ខិតខំរួមគ្នាដោះ ស្រាយការងារទាំងអស់នេះជាបន្តបន្ទាប់ទៀត ដើម្បីធ្វើយ៉ាងណាឱ្យវិស័យកីឡានេះ កាន់តែរីកចំរើន បន្ថែមទៀត៕