(កំពង់ឆ្នាំង)៖ លោកស្រី នុត ស៊ីណា និងលោក យន់ សំណាង ជាកសិករដាំឪឡឹកនៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ នៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ បាននិយាយថា ការដាំដុះឪឡឹកនៅក្នុងឆ្នាំនេះត្រូវខាតបង់ ដោយសារតែធាតុអាកាសគ្មានភ្លៀងកក់ខែ ផ្លែឪឡឹកតូចៗ គ្មានការរីកធំធាត់ និងបេះតែមួយដងអស់ទៅហើយ ចំណែកតម្លៃផ្លែឪឡឹកវិញ លក់បោះឲ្យម៉ូយនៅទីផ្សារ ក៏ធ្លាក់ចុះព្រោះតែឪឡឹកសំបូរច្រើនចូលមកពីខេត្តផ្សេងៗទៀត។
លោកស្រី នុត ស៊ីណា បានបន្តថា លោកស្រីបានប្រកបមុខរបរដាំឪឡឹកនេះ គឺបានជួលដីគេជាង ១ហិកតា ដែល១រដូវ ថ្លៃក្នុង១ហិកតាចំនួន ៣៥ម៉ឺនរៀល។ ចំណែកពូជគ្រាប់ឪឡឹក ១កំប៉ុងថ្លៃ ១៣ម៉ឺនរៀល និងក្នុង១ហិកតា ត្រូវដាំអស់គ្រាប់ ៦កំប៉ុង អស់លុយ ៧៨ម៉ឺនរៀល និងត្រូវទិញជីធម្មជាតិ (អាចម៍គោ) មកដាក់ទៀតអស់ប្រមាណ ៤០ម៉ឺនរៀល ក្នុង១ ហិកតា គិតទៅក្នុង ១ហិកតាត្រូវចំណាយដើមអស់ប្រមាណ ១៥០ម៉ឺនរៀល និងត្រូវដាំដុះរយៈពេល ២ខែកន្លះទៅ ៣ទើបទទួលផល។
ដោយឡែក នៅក្នុងឆ្នាំនេះ ដោយសារតែមេឃគ្មានភ្លៀងកក់ខែ ផ្លែឪឡឹកមិនសូវធំនោះទេ និងប្រមូលផលបានតែម្តងប៉ុណ្ណោះ គឺក្នុង១ហិកតា ក្នុងឆ្នាំនេះ បេះផ្លែឪឡឹកបានតែ ៥ទៅ ៦គោយន្ត តែប៉ុ ណ្ណោះ ដែលក្នុង១គោយន្តៗ មានផ្លែឪឡឹកប្រមាណ ៦០០ផ្លែ។ ហើយដឹកយកទៅលក់បោះឲ្យម៉ូយនៅក្នុងផ្សារពន្លៃ និងផ្សារពង្រ ក្នុង១គោយន្តបានតែ ៤០ម៉ឺនរៀល និងពេលខ្លះបើផ្លែឪឡឹករៀងតូច គឺលក់បានតែ ៣៥ម៉ឺនរៀលប៉ុណ្ណោះ ក្នុង១គោយន្ត ចំណែកតម្លៃគេយកទៅលក់រាយបន្ត នៅក្នុងទីផ្សារវិញគឺថ្លៃ១០០០ ទៅ១៥០០រៀលឯណោះ។
ខុសពីឆ្នាំមុនៗ ដែលធាតុអាកាសល្អមានភ្លៀងកក់ខែ ឪឡឹកក្នុង១ហិកតាបេះបាន ២ទៅ ៣ដង គឺបេះប្រមាណពី ១០ទៅ ១២គោយន្ត និងយកទៅលក់បោះម៉ូយក្នុង១គោយន្ត បានថ្លៃពី៥០ ម៉ឺនទៅ៥៥ម៉ឺនរៀល។
ដោយក្នុង១ហិកតា អាចចំណេញបានពី ៣ទៅ ៤លានរៀល តែឆ្នាំនេះអត់ចំណេញទេគឺខាតបង់កម្លាំងពលកម្មនិងថវិកាទទេតែម្តង។ កសិករទាំង ២នាក់ប្តីប្រពន្ធខាងលើបានបញ្ជាក់ថា ទោះបីឆ្នាំនេះខាតបង់ក៏ដោយ ក៏ឆ្នាំក្រោយ គាត់នឹងតស៊ូដាំឪឡឹកនេះបន្តទៀត ព្រោះក្រៅពីមុខរបរធ្វើស្រែ គឺពួកគាត់មានតែដាំចំការឪឡឹកនេះហើយជាមុខរបររួមផ្សំ ទើបអាចរកប្រាក់ចំណូលផ្គត់ ផ្គង់គ្រួសារបាន។
គាត់គិតថា មុខរបរដាំឪឡឹកនេះបើមានភ្លៀងកក់ខែ ឬមានប្រភពទឹកអាចបូមមកស្រោចស្រពចំការឪឡឹកនេះបាន គឺការប្រមូលផលក៏បានច្រើន ដែលអាចដោះស្រាយជីវភាព បានធូរធាមួយកំរិតផងដែរ៕