(ភ្នំពេញ)៖ តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា និងលោក គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ បានជួបសំណេះសំណាល និងទទួលថវិកាបរិច្ចាគសរុបចំនួន២៨,៥៨៩ដុល្លារអាមេរិក។
ក្នុងនោះ ថវិកាចំនួន២១,១៥០ដុល្លារអាមេរិក បានមកពីការបរិច្ចាគ ពីសំណាក់លោកឧកញ៉ា ជឹម ឃាន ប្រធានក្រុមហ៊ុនបូរីសែនសុខ និងលោកស្រី ឈឹម ណារិន ព្រមទាំងក្រុមគ្រួសារ និងថវិកាចំនួន៧,៤៣៩ ដុល្លារអាមេរិកទៀត បានមកពីការបរិច្ចាគពីសំណាក់សមាគមអតីតនិស្សិតខ្មែរ នៃសកលវិទ្យាល័យហួរឈៀវ ប្រទេសចិន ដែលដឹកនាំដោយ លោក ជឹម សុផល ប្រធានសមាគម និងលោកស្រី វ៉ា សុជិន អនុប្រធានសមាគម។
ក្នុងឱកាសនោះ តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា បានជម្រាបជូនសប្បុរសជនអំពីប្រភេទចំនួន និងលក្ខខណ្ឌ នៃការចូលជាសមាជិកមូលនិធិគន្ធបុប្ផាកម្ពុជា ដែលរួមមាន សមាជិកស្ថាបនិក សមាជិកកិត្តិយស និងសមាជិកគាំទ្រ ព្រមទាំងបានសំណូមពរដល់ភាគីភ្ញៀវ ឲ្យចូលរួមបំផុសចលនាបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងចំណោមគណៈគ្រប់គ្រង និងបុគ្គលិករបស់របស់ក្រុមហ៊ុន និងសមាគម ដែលរួមមានសមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០,០០០,០០០រៀល /៥,០០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬសមាជិគាំទ្រដោយបរិច្ចាគចាប់ពី៥,០០០ (ប្រាំពាន់)រៀល ក្នុងមួយខែ/ ៦០,០០០រៀល ក្នុងមួយឆ្នាំ។
ដោយឡែក លោកប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានជម្រាបជូនភ្ញៀវពីទំហ៊ំចំណាយប្រចាំឆ្នាំ ដែលមានប្រមាណ៤០ ទៅ៤៥ លានដុល្លារអាមេរិក និងប្រភពថវិកាដែលរួមមាន តាមរយៈមូលនិធិគន្ធបុប្ផាស្វីស រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់ប្រតិបត្តិការមន្ទីរពេទ្យគន្ធបុប្ផា ដោយលោកបញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០១៩នេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រគល់ថវិកាជិត១១លានដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។
ជួសមុខឲ្យកុមារកម្ពុជា, មូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ផា សូមថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌របស់លោកឧកញ៉ា ជឹមឃាន និងលោកស្រី ឈឹម ណារិន ព្រមទាំងក្រុមគ្រួសារ, លោក ជឹម សុផល និងលោកស្រី វ៉ា ស៊ូជីង ដែលបានបំផុសចលនាកៀតគរថវិកាបរិច្ចាគ និងបានប្ដេជ្ញាចូលរួមបង្កើតសមាជិកមូលនិធិគន្ធបុប្ផាកម្ពុជា នៅតាមក្រុមហ៊ុន និងសមាគមរៀងៗខ្លួន ដើម្បីជួយសង្គ្រោះកុមារកម្ពុជា ដែលត្រូវការសេវាពិនិត្យ ពិគ្រោះ និងព្យាបាល ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង។
សូមជម្រាបជូនផងដែរថា ក្នុងករណី ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មានបំណងចូលរួមបរិច្ចាគដោយផ្ទាល់ នៅមន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាផ្តល់ដំណឹងជាមុន មកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីក្រុមការងារ អាចរៀបចំកត់ត្រាថវិកាបរិច្ចាគទាំងអស់ក្នុងបញ្ជីរួមតែមួយ ដែលបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»។
សូមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ៖
* ធនាគារកាណាឌីយ៉ា
* ធនាគារអេស៊ីលីដា
* ធនាគារ ABA
* ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing
* ភ្នាក់ងារវេប្រាក់ TrueMoney
* ភ្នាក់ងារវេប្រាក់ DaraPay ឬទំនាក់ទំនងមកលេខាធិកាដ្ឋាន ដែលមានទីតាំងក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទូរស័ព្ទលេខ ០៦១ ៧០១ ១១១/ ០៩៦ ៧០១ ១១១១ និងគេហទំព័រ www.ckf.org.kh ៕