(ភ្នំពេញ)៖ ការឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារក្រីក្រអាយុក្រោម ២ឆ្នាំ នឹងចាប់អនុវត្តពីដើមខែមករា ឆ្នាំ២០២០ នេះតទៅ ហើយដើម្បីសម្រួលដល់ការងារនេះឲ្យបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចប្រគល់ Tablets ចំនួន១០៥គ្រឿង ទៅក្រុមប្រឹក្សាសង្កាត់ទាំង ១០៥ក្នុងរាជធានីភ្នំពេញ យកទៅប្រើប្រាស់ជាប្រយោងក្នុងការអនុវត្តគម្រោងកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំឲ្យមានប្រសិទ្ធភាព។
ពិធីចែកនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ និងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងតំណាងអង្គការយូនីសេហ្វ, ប្រធានមន្ទីរផែនការ រួមនឹងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។
លោកស្រី មុំ ចាន់ដានី បានលើកឡើងថា ពិធីប្រគល់-ទទួល Tablets ជូនសង្កាត់នាពេលនេះ សម្រាប់អនុវត្តកម្ម វិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំនាពេលនេះ បានបង្ហាញពីកាយវិការប្រកបដោយគុណធម៌ និងគតិបណ្ឌិតរប ស់ថ្នាក់ដឹកនាំ ក្នុងការផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅប្រកបដោយការទទួលខុសត្រូវ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រ៥ឆ្នាំរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០១៨-២០២៣។
លោកស្រី មុំ ចាន់ដានី បានគូសបញ្ជាក់ថា ផ្អែកតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម២០១៦~២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញឲ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ៥ឆ្នាំក្នុងគ្រួសារក្រីក្រ ក្នុងគោលបំណងអភិវឌ្ឍន៍ធនធានមនុស្ស ចាប់តាំងពីទារកចាប់កំណើតក្នុងផ្ទៃមាតារហូតដល់អាយុក្រោម ២ឆ្នាំ ព្រមទាំងដើម្បីលើកកំពស់សុខុមាលភាពមាតា និងទារក ជួយដោះស្រាយបញ្ហាកង្វះអាហាររូបត្ថម្ភ និងដើម្បីជំរុញការលូតលាស់ទាំងផ្នែកកាយសម្បទា និងបញ្ញាស្មារតីឪ្យដល់ទារក កុមារ ជួយលើកកំពស់ជីវភាពស្ត្រីមានផ្ទៃពោះក្រីក្រនៅតាមមូលដ្ឋានទូទាំងប្រទេស។
លោកស្រី កែវ សុខពិសី ដែលបានអញ្ជើញចូលរួមបានថ្លែងថា ការកសាងសមត្ថភាពមន្ត្រីអនុវត្តកម្មវិធី ជាពិសេសមន្ត្រីរដ្ឋបាលសង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈជាកិច្ចការបន្ទាន់ និងមិនអាចខ្វះបានក្នុងការកំណត់ភាពជោគជ័យនៃការអនុវត្តកម្មវិធី។
ដើម្បីសំរេចកិច្ចការនេះ រដ្ឋបាលរាជធានីភ្នំពេញសូមឲ្យលោក លោកស្រី អាជ្ញាធរជំនាញពាក់ពន្ធ័ធ្វើយ៉ាងណា អនុវត្តកម្មវិធីឲ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមខ្លឹម សារដូចមានចែងក្នុងសៀវភៅ ប្រតិបត្តិគោលស្ដីពីការឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រី មានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំចាប់ពីដើមខែមករា ឆ្នាំ២០២០នេះតទៅ។
គួរបញ្ជាក់ថា កម្មវិធីប្រគល់ Tablets ដើម្បីសង្កាត់បានប្រើប្រាស់យន្តការអនុវត្តជាលក្ខណៈអន្តរស្ថាប័ន ដែលមានការចូលរួមពីក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលក្នុងនោះនៅថ្នាក់ជាតិមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ និងអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិគាំពារសង្គម៕