(កំពត)៖ នៅក្នុងកម្មវិធីប្រគល់ឧបករណ៍ថេបប្លែក (Tablets) ជូនដល់ថ្នាក់ឃុំសង្កាត់ទាំង៩៣ ក្នុងខេត្តកំពត នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១ អភិបាលខេត្តកំពត លោក ជាវ តាយ បានថ្លែងថា ការអនុវត្តកម្មវិធីឧបត្ថមសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងការកំណត់អត្តសញ្ញាណកម្មនៃគ្រួសារក្រីក្រ តាមការស្នើសុំ គឺជាបរិបទមួយដ៏សំខាន់ ក្នុងការជំរុញ និងលើកកម្ពស់ការផ្ដល់សេវាជូនដល់ក្រុមគោលដៅនៃគ្រួសារក្រីក្រ។

លោកអភិបាលខេត្ត បានបន្តថា កម្មវិធីការឧបត្ថម្ភផ្ដល់សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៃគ្រួសារក្រីក្រគឺជាកម្មវិធីមួយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា គឺជាការងារដ៏មានសារៈសំខាន់ដែលស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ត្រូវខិតខំរួមគ្នាដោះស្រាយ និងអនុវត្តឱ្យបានលទ្ធផលជោគជ័យ និងមានប្រសិទ្ធភាព។

លោក ជាវ តាយ បានបន្តលើកឡើងទៀតថា ដោយផ្នែកតាមក្របខ័ណ្ឌគោលនយោបាយជាតិកំពារសង្គម (២០១៦-២០២៥) របស់រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ដែលក្នុងនោះចែកចេញជាពីរដំណាក់កាល៖ ដំណាក់កាលទី១ ជាដំណាក់កាលអន្តរកាល ដែលប្រគល់ភារកិច្ចអនុវត្តកម្មវិធី ទៅឲ្យក្រសួងសុខាភិបាល ប្រើប្រាស់មូលដ្ឋានសុខាភិបាល និងដំណាក់កាលទី២ ផ្ទេរការអនុវត្តកម្មវិធីពីក្រសួងសុខាភិបាល ទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីគ្រប់គ្រង និងអនុវត្តបន្ត ពីក្រសួងសុខាភិបាល ដែលគ្រោងចាប់ផ្ដើមពីខែមករា ឆ្នាំ២០២០នេះតទៅ ដែលជារួមកម្មវិធីនេះ ត្រូវបានប្រើប្រាស់យន្តការអនុវត្តជាលក្ខណៈអន្តរស្ថាប័ន ដែលមានការចូលរួមពីក្រសួងស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងនោះថ្នាក់ជាតិមានក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងមហាផ្ទៃក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងផែនការ។ ចំណែកនៅថ្នាក់ខេត្ត មានរដ្ឋបាលខេត្តមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ទីរសុខាភិបាលខេត្ត និងនៅថ្នាក់ឃុំសង្កាត់ មានរដ្ឋបាលឃុំសង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ។

លោកអភិបាលខេត្ត ក៏បានស្នើដល់មន្ត្រីពាក់ព័ន្ធ ដែលមានភារកិច្ចលើកិច្ចការនេះ ត្រូវខិតខំបំពេញការងារនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសហការល្អជាមួយស្ថាប័នពាក់ព័ន្ធ។ ពិសេសអាជ្ញាធរដែនដី លើការគ្រប់គ្រងទិន្នន័យ ហើយសង្ឃឹមថាអាជ្ញាធរឃុំសង្កាត់ ដែលទទួលបានឧបករណ៍ថេបប្លែក(Tablets) នាពេលនេះព្រមទាំងមូលដ្ឋានសុខាភិបាលសាធារណៈ មានមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ដែលកំពុងតែអនុវត្តកម្មវិធីនេះស្រាប់ ត្រូវសហការជាមួយថ្នាក់ឃុំសង្កាត់ និងអនុវត្តឲ្យបានទាន់ពេលវេលា តាមកម្មវិធីដែលបានគ្រោងទុក គឺនៅខែមករា ឆ្នាំ២០២០ខាងមុខនេះ និងប្រើប្រាស់ឧបករណ៍ថេបប្លែក
ឲ្យបានស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ៕