(ត្បូងឃ្មុំ)៖ ព្រះធម្មវិបស្សនា ម៉ុន សាយ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះអគ្គនាយកស្ថានីយ៍វិទ្យុសម្លេងព្រះធម៌ FM 102.70 MHz វិទ្យុព្រះពុទ្ធសាសនាទូទាំងប្រទេស និងមហាឧបាសិកា កិន ស៊ីមអេត ព្រមទាំងព្រះសង្ឃ រួមនិងពុទ្ធបរិស័ទទាំងអស់ បាននិមន្ត-អញ្ជើញ ជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវសង្គហៈទាន ចែកជូនដល់ប្រជាពលរដ្ឋទីទាល់ក្រចំនួន ១០៨គ្រួសារ ស្ថិតនៅក្នុងភូមិឈើទាលជ្រុំ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅក្នុងបរិវេណវត្តថ្មី។
នៅក្នុងឱកាសជួបសំណេះសំណាលនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ព្រះធម្មវិបស្សនា ម៉ុន សាយ មានព្រះសង្ឃដីការបញ្ជាក់ថា ការឧបត្ថម្ភសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ រួមនឹងសម្ភារសិក្សាជូនដល់ប្រជាពលរដ្ឋទីទាល់ក្រទាំង១០៨គ្រួសារ និងសិស្សានុសិស្សនេះ គឺជាការចូលរួមជួយសម្រាលនូវការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលកំពុងជួបប្រទះនូវការលំបាកផ្សេងៗ។
ព្រះធម្មវិបស្សនា ម៉ុន សាយ បានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះព្រះសង្ឃ រួមទាំងពុទ្ធបរិស័ទទាំងអស់ ដែលមានសទ្ធាជ្រះថ្លាបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែក ជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋទីទាល់ក្រ ដែលកំពុងជួបប្រទះការលំបាកខ្វះខាតស្ថិតក្នុងស្រុកតំបែរនេះ ហើយសកម្មភាពនេះផងដែរ គឺបានឆ្លុះបញ្ជាំងឲ្យឃើញពីការសាមគ្គីគ្នា ចេះជួយយកអាសារគ្នា និងការរួមសុខទុក្ខជាមួយគ្នា រវាងខ្មែរ និងខ្មែរ ។
នៅក្នុងឱកាសនោះ ព្រះធម្មវិបស្សនា ម៉ុន សាយ និងមហាឧបាសិកា កិន ស៊ីមអេត ព្រមទាំងព្រះសង្ឃ រួមនិងពុទ្ធបរិស័ទទាំងអស់ បាននិមន្ត-អញ្ជើញនាំយកនូវសង្គហៈទាន ចែកជូនដល់ប្រជាពលរដ្ឋទីទាល់ក្រចំនួន១០៨គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន អង្ករ៥០គីឡូក្រាម សារ៉ុង ភួយ មុង ក្រមា អាវ ទ្រនាប់ជើង មី ត្រីខ ទឹកត្រី ទឹកស៊ី ឆែប៉ូវ និងថវិកាចំនួន ៣០,០០០រៀល ។
ដោយឡែក សម្រាប់សិស្សានុសិស្សចំនួន ២៣០នាក់ ក្នុងមួយនាក់ទទួលបានសម្ភារសិក្សារួមមាន សៀវភៅ២ក្បាល ប៊ិច១ដើម ខ្មៅដៃ និងថវិកា១០,០០០រៀល ។ ជាមួយគ្នានោះព្រះធម្មវិបស្សនា ម៉ុន សាយ បានឧបត្ថម្ភបច្ច័យចំនួនជាង២លានរៀល តម្កល់ទុកសម្រាប់កសាងវត្តថ្មីផងដែរ ។
នៅក្នុងឱកាសនោះដែរ លោកមេឃុំគោកស្រុក តំណាងឲ្យប្រជាពលរដ្ឋទីទាល់ក្រ និងសិស្សានុសិស្ស ទាំងអស់បានប្រគេន និងគោរពថ្លែងអំណរគុណ ដល់ព្រះធម្មវិបស្សនា ម៉ុន សាយ និងមហាឧបាសិកា កិន ស៊ីមអេត ព្រមទាំងព្រះសង្ឃ រួមនិងពុទ្ធបរិស័ទទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ ទទួលបាននូវពុទ្ធមង្គលពរទាំងឡាយ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕