(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News សូមធ្វើការបដិសេធយ៉ាងដាច់អហង្ការចំពោះជនទុច្ចរិតមួយក្រុម ដែលបានប្រើប្រាស់ឈ្មោះអង្គភាពព័ត៌មាន Fresh News ទៅប្រព្រឹត្តបទល្មើសធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាពព័ត៌មានយើងខ្ញុំយ៉ាងធ្ងន់ធ្ងរបំផុត ហើយក៏សូមអំពាវនាវដល់អាជ្ញាធរ មានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងវែករកមុខជនទុច្ចរិតទាំងអស់នោះដើម្បីនាំយកទៅផ្ដន្ទាទោសតាមច្បាប់ឲ្យបានតឹងរឹងបំផុត។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង០០ និង៣០នាទី ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមុខការ៉ាសឡាន ស្ថិតក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ មានករណីជនល្មើសមួយក្រុមបានបន្លំខ្លួនដោយអះអាងថា ពួកគេជាភ្នាក់ងារព័ត៌មាន Fresh News ជាសមត្ថកិច្ចនគរបាល និងមន្ត្រីអាវុធហត្ថ បានព្រួតវាយទៅលើស្ត្រីម្នាក់ដែលកំពុងធ្វើដំណើរតាមដងផ្លូវយកលុយ និងទ្រព្យសម្បត្តិអស់មួយចំនួនរួចហើយនាំគ្នាគេចខ្លួនបាត់អស់។
អង្គភាពព័ត៌មាន Fresh News សូមធ្វើការថ្កោលទោស និងបដិសេធយ៉ាងដាច់អហង្ការចំពោះសកម្មភាពល្មើសដែលប្រព្រឹត្តដោយក្រុមជនទុច្ចរិតខាងលើមិនមានពាក់ព័ន្ធ ជាមួយភ្នាក់ងារ ឬបុគ្គលិករបស់អង្គភាពព័ត៌មាន Fresh News យើងខ្ញុំឡើយ។ បច្ចុប្បន្នដោយមានការជំរុញពីអង្គភាពយើងខ្ញុំ ស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ចរួចហើយ ដើម្បីស្រាវជ្រាវរកមុខជនល្មើសនាំយកមកផ្ដន្ទាទោសតាមច្បាប់របស់កម្ពុជា។
ក្នុងនាមអង្គភាពព័ត៌មាន Fresh News ដែលប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន តែងតែអប់រំ ណែនាំ ក្រើនរំលឹកដល់បុគ្គលិក និងភ្នាក់ងារយកព័ត៌មានទាំងអស់អោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ក្នុងនាមជាអ្នកសារព័ត៌មាន៕