(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានចាត់ទុកលោក មាស នី អ្នកវិភាគសង្គម និងលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ជាបណ្ឌិតដែលមានខួរក្បាលតែ១ចំហៀង។
បើតាមលោក ពេជ្រ ស្រស់, ការចាត់ទុកលោក មាស នី និងលោក រ៉ុង ឈុន ថាជាបណ្ឌិតខួរក្បាលមួយចំហៀងបែបនេះ បន្ទាប់ពីពួកគាត់ចោទប្រកាន់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ថាមិនបានធ្វើអ្វីសោះ ជាពិសេសមិនបានបម្រើប្រយោជន៍ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ។
ថ្លែងសារតាមរយៈ Facebook នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំផ្ញើជូនលោកបណ្ឌិត មាស នី និងលោក រ៉ុង ឈុន ព្រមទាំងអ្នកងងឹតទាំងភ្នែកអាចមើលឃើញមួយចំនួនទៀត ដែលវាយតម្លៃ និងចោទសមាជិកក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថា មិនបានធ្វើនូវអ្វីសោះ ជាពិសេស គឺមិនបានបម្រើប្រយោជន៍ប្រពលរដ្ឋ និងមិនបានដោះស្រាយនូវបញ្ហាដីធ្លី សុំអស់លោកបើកភ្នែកអានរបាយការណ៍របស់ប្រតិភូបក្សយុវជនថា តើមានប្រជាពលរដ្ឋប៉ុន្មានគ្រួសារ ត្រូវបានដោះស្រាយនិងមានចំនួនផ្ទៃដីប៉ុន្មានហិកតា ដែលពួកគាត់ទទួលបាននោះ»។
លោកបន្តថា «ក្នុងន័យនេះខ្ញុំសុំស្នើដល់ក្រុមអស់លោកបណ្ឌិតមានខួរក្បាលមួយចំហៀងសុំបើកទ្វារខួរក្បាលមួយចំហៀងទៀត គឺដើម្បីបំពេញឲ្យគ្រប់ខួរក្បាលទាំងសងខាងផង ហើយខ្ញុំសុំបញ្ជាក់ផងថា "ពលរដ្ឋម្នាក់" ក៏ជាពលរដ្ឋខ្មែរយើងដែរ ចុះអស់លោកបើកភ្នែកមើលនៅក្នុងរបាយការណ៍បន្តិចមើលថា មានពលរដ្ឋប៉ុន្មានគ្រួសារទទួលបានដំណោះស្រាយនេះបើអស់លោកខ្ចិលអាន គឺខ្ញុំប្រាប់តែម្តងក្នុងរបាយការណ៍នេះមានពលរដ្ឋចំនួន ៣១១៣គ្រួសារ ត្រូវបានដោះស្រាយជូនពួកគាត់ ចុះបើរាប់ជាចំនួននាក់វិញ ថាតើប៉ុន្មាននាក់ទទួលបានការដោះស្រាយពីប្រតិភូគណបក្សយុវជន ដូច្នេះគឺយើងយក ៣១១៣គ្រួសារគុណនឹង៣នាក់ ក្នុងមួយគ្រួសារយ៉ាងតិចស្មើ៩៣៣៩នាក់ឯណោះ តើពួកគាត់ទាំង៩៣៣៩នាក់ មិនមែនជាពលរដ្ឋទេអស់លោកបណ្ឌិតពិការខួរក្បាលទាំងឡាយ....»?
បើតាមលោក ពេជ្រ ស្រស់ ចំនួននេះមិនគិតចូលពីសកម្មភាពផ្សេងៗទៀតផង។ អ្នកនយោបាយវ័យក្មេងរូបនេះ ផ្តាំផ្ញើថា ធ្វើជាបណ្ឌិតគួរធ្វើឲ្យក្មេងៗជំនាន់ក្រោយគោរពខ្លះផង កុំចង់តែផ្គាប់ចិត្តមនុស្សមួយក្រុមបោះបង់គុណធម៌ក្នុងខ្លួនឲ្យសោះ ពីព្រោះអស់លោកក៏មានថ្ងៃស្លាប់ដូចតែគ្នាទេ ហើយមុននឹងនិយាយគួរគិតដល់ជនកំពុងរងគ្រោះផង។
«ចុងក្រោយ ខ្ញុំចង់ដាក់ការភ្នាល់ជាមួយ លោក បណ្ឌិត មាស នី និងលោក រ៉ុង ឈុន បើសិនជាការ វិភាគរបស់អស់លោកអាចជួយដល់បងប្អូនជនរងគ្រោះដីធ្លី ឲ្យទទួលបានដំណោះស្រាយពីរដ្ឋាភិបាលបាន និងជំរុញឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាមួយចំនួនទៀតបានដូចជា ការដណ្តើមដែនសមុទ្រពីពពួកទុច្ចរិត និងបញ្ហាផ្សេងទៀតបាន គឺខ្ញុំនឹងដើរចេញពីយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ព្រមទាំងរំលាយគណបក្សយុវជនកម្ពុជា ចោលតែម្តង ហើយខ្ញុំនឹងឈប់ប្រឡូកក្នុងឆាកនយោបាយអស់មួយជីវិត..»។ លោក ពេជ្រ ស្រស់ គូសបញ្ជាក់។
ប្រធានគណបក្សយុវជនកម្ពុជា បានដាក់សំណួរថា តើលោក មាស នី និងលោក រ៉ុង ឈុន ហ៊ានភ្នាល់ជាមួយលោកដែរឬទេ? សម្រាប់លោក ពេជ្រ ស្រស់ គឺលោករង់ចាំទទួលការភ្នាល់ពីលោក មាស នី និងលោក រ៉ុង ឈុន គ្រប់ពេលវេលា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានថ្លែងនូវការកោតសរសើរពីតួនាទី របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបានផ្តល់នូវរបាយការណ៍ចំនួនដល់សម្តេច ហើយបើសិនមិនមានរបាយការណ៍នេះទេ ប្រហែលជាសម្តេចមិនដឹងរឿងរ៉ាវទាំងនោះទេមើលទៅ។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ប្រសិនបើគ្មានការរុករកពីគណបក្សនយោបាយ ដែលនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទេ គឺប្រហែលជាគ្មានរបាយការណ៍ មកដល់នាយករដ្ឋមន្ត្រីនោះទេ ហើយមិនមែនត្រឹមតែមកដល់ក្នុងពេលនេះទេ ៥ឆ្នាំទៀត ១០ឆ្នាំទៀត វានៅតែមិនដល់នេះ ជាចំណុចដែលបានបង្ហាញចេញរួចមកហើយ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការពេញចិត្ត ចំពោះការទទួលយកនូវផ្តល់យោបល់ទាំងឡាយ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលអាចឲ្យរាជរដ្ឋាភិបាល ធ្វើការអន្តរាគមន៍ដោះស្រាយទាន់ពេលវេលា។ សម្តេចបានថ្លែងថា ក្នុងរយៈពេល១៦ខែមកនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើសកម្មភាពយ៉ាងសកម្ម និងផ្តល់ធាតុចូលជាច្រើន តាមរយៈរបាយការណ៍ជាក់ស្តែង ដើម្បីកែលំអរភាពអសកម្មទាំងឡាយ ដែលប្រសើរជាងការទទួលការបង្គាប់បញ្ជារបស់បរទេស។
សម្តេចតេជោចាត់ទុកថា ការចូលរួមរបស់គណបក្សនយោបាយនានា របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាការបង្ហាញឱ្យឃើញពីការចូលរួមពេញលេញ ក្នុងការអនុវត្តន៍នយោបាយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីរួមរស់ និងអភិវឌ្ឍន៍សង្គមជាតិ។ ជាមួយគ្នានេះ សម្តេចតេជោបានបង្ហាញនូវសុទិដ្ឋិនិយម និងជំនឿថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងបន្តធ្វើសកម្មភាពប្រកបដោយគុណប្រយោជន៍ សម្រាប់ចូលរួមធ្វើកំណែទម្រង់សង្គម៕