(ភ្នំពេញ)៖ សាលាបឋមសិក្សាយុគន្ធរ នៅខេត្តកំពង់ឆ្នាំង ដែលបានរងការខូចខាតទាំងស្រុង ដោយអគ្គីភ័យកាលពីខែមិថុនា ២០១៩ បានទទួលអំណោយពីការរៃអង្គាសថវិកាសប្បុរសជន ក្នុងកម្មវិធីណូអែលគ្រួសាររីករាយ (Fun Family Christmas Party) ដែលបង្កើតឡើងដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកវិទ្យាសាស្រ្តវ័យក្មេងរ៉ូបូស៉ីង (RoboThink Cambodia)។
អំណោយមនុស្សធម៌ មានឧបត្ថម្ភជាថវិកា សម្លៀកបំពាក់ និងសម្ភារសិក្សាមួយចំនួន ដល់សាលាបឋមសិក្សាយុគន្ធរនេះ ត្រូវបាននាំយកទៅដោយផ្ទាល់ ពីអគ្គនាយកក្រុមហ៊ុន លោក គុយ ប៉ាន់ឆ័យ និងមានការចូលរួមពីនាយកសាលាបឋមសិក្សាយុគន្ធរ លោក នួន បូរ៉ា, លោកគ្រូ, អ្នកគ្រូ និងសិស្សានុសិស្សជាង ២៥០នាក់។
គោលបំណងសំខាន់បំផុត ក្នុងការផ្តួចផ្តើមសកម្មភាពសប្បុរសធម៌នេះគឺ ដើម្បីចូលរួមចែករំលែកក្តីស្រលាញ់ និងការយកចិត្តទុកដាក់ក្នុងនាមជាជាតិសាសន៍ខ្មែរតែមួយ ដោយមិនប្រកាន់វណ្ណៈ ជិតធ្ងាយ។ លើសពីនេះទៅទៀត គឺដើម្បីចូលរូមស្តារស្ថានភាព និងលើកទឹកចិត្តទៅដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតា ក្នុងការបន្តទឹកចិត្តស្រលាញ់ការសិក្សា ដោយមិនបោះបង់ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
មជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកវិទ្យាសាស្ត្រវ័យក្មេង បានសម្តែងនូវការសោកស្តាយ ក្នុងគ្រោះអគ្គីភ័យដ៏សោកសៅមួយនេះ ហើយលោកក៏បានសំណូមពរ ទៅដល់សិស្សានុសិស្សទាំងអស់ ក្នុងការបន្តទឹកចិត្តស្រលាញ់ការសិក្សា តស៊ូ និងជម្នះរាល់ឧបសគ្គ ដើម្បីកែប្រែវាសនាអនាគតក្លាយ ទៅជាបញ្ញវន្តខ្មែរគំរូមួយរូប សម្រាប់ប្រទេសជាតិ។ នេះជាការលើកឡើងរបស់លោក គុយ ប៉ាន់ឆ័យ អគ្គនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាល អ្នកវិទ្យាសាស្រ្តវ័យក្មេងរ៉ូបូស៉ីងកម្ពុជា របស់ក្រុមហ៊ុនរៀលលាននែរ។
លោកក៏បានថ្លែងអំណរគុណ ទៅដល់សប្បុរសជនតាមបណ្តាលក្រុមហ៊ុន រួមមាន៖ មជ្ឈមណ្ឌលកម្សាន្តអើប៊េនស្ពេស, ក្រុមហ៊ុនរ៉ូបូតូរី, ក្រុមហ៊ុនរៀលលាននែរគ្រុប, សាលាអន្តរជាតិ អេស អាយ អេស, ហាងលក់គ្រឿងសង្ហារឹម LV, គ្លីនិកធ្មេញសន្តិភាព, ក្រុមហ៊ុនវីស្កាយ, រោងភាពយន្តព្រីមស៊ីនេផ្លិច, ភោជនីយដ្ឋានម៉ាស្ទ័រស៊ុគីស៊ុប, ភោជនីយដ្ឋានសាគូរ៉ាប៊ូហ្វេ, ហាងនំគ្រីស្ពីក្រែម, និងបណ្តាសប្បុរសជនមួយចំនួនទៀត ដែលត្រូវជាមិត្តភក្តិ និងបងប្អូនជាដើម។
លោក គុយ ប៉ាន់ឆ័យ បានបន្ថែមថា ក្នុងនាមជាថ្នាក់ដឹកនាំមជ្ឈមណ្ឌបណ្តុះបណ្តាល អ្នកវិទ្យាសាស្រ្តវ័យក្មេងរ៉ូបូស៉ីងកម្ពុជា ក៏បានសម្តែងនូវសេចក្តីអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុត ទៅដល់សប្បុរសជន និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ ដែលបានចូលរូមបរិច្ចាគ ជាថវិកា សម្លៀកបំពាក់ និងសម្ភារសិក្សា។ សកម្មភាពទាំងនេះពិតជាបានធ្លុះបញ្ចាំងពីសាមគ្គីភាព និងការយកចិត្តទុកដាក់ចំពោះជនរួមជាតិ ដែលកំពុងរងគ្រោះយ៉ាងពិតប្រាកដមែន។
ថ្លែងនៅក្នុងពិធីនេះផងដែរ លោក នួន បូរ៉ា បានរៀបរាប់ពីប្រវត្តិតស៊ូ និងកត្តាប្រឈមជាច្រើន ដែលបានកើតឡើងកន្លងមកចំពោះសាលា ជាពិសេសការបាត់បង់ដ៏ធំធេង កាលពីខែមិថុនាកន្លងមក ដោយគ្រោះអគ្គីភ័យ។ ក្នុងនោះផងដែរ លោកក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ទៅដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកវិទ្យាសាស្រ្តវ័យក្មេងរ៉ូបូស៉ីងកម្ពុជា ដែលបាននាំយកអំណោយសប្បុរសធម៌ ទៅកាន់សាលាបឋមសិក្សាយុគន្ធរដោយផ្ទាល់ ដើម្បីបន្តក្តីសង្ឃឹមរបស់កុមារតូចៗលើវិថីនៃការអប់រំមួយនេះ ក្នុងការអភិវឌ្ឍខ្លូនក្លាយ ជាបុគ្គលជោគជ័យនាពេលអនាគត៕