(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានលើកឡើងថា ការផ្តល់សេវាសាធារណៈ គឺជាតម្រូវការយ៉ាងសំខាន់ សម្រាប់បម្រើជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។ ជាពិសេសគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឲ្យសកម្មភាពនៅគ្រប់មូលដ្ឋានតាមលក្ខណសម្បត្តិទាំង៩ គឺ គ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ គ្មានការដាំដុះ ការផលិត ការចរាចរណ៍ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន គ្មានអំពើរអនាចារ ការជួញដូរស្ត្រី និងកុមារ និងអំពើរហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង គ្មានការលេងល្បែងស៊ីសង ខុសច្បាប់ គ្មានការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានគ្រោះថ្នាក់ដោយសារអាវុធយុទ្ធភណ្ឌមុនទាន់ផ្ទុះ និងមានវិធានការស្រាវជ្រាវទប់ស្កាត់ ឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព។
លោក ម៉ម ប៊ុននាង បានលើកឡើងបែបនេះ ខណៈអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខស្ត្រីដែលទើបសម្រាលកូនមកពី ៩ភូមិ ព្រមទាំងចូលរួមរំលែកទុក្ខដល់គ្រួសារសព ដែលបានទទួលមរណៈភាព ស្ថិតក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩។
លោក ម៉ម ប៊ុននាង ក៏បានផ្តាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែចេះថែទាំសុខភាពឱបានល្អ និងជម្រាបជូនអំពី សភាពការណ៍បច្ចុប្បន្នរបស់ប្រទេសជាតិ និងស្នើអោយប្រជាពលរដ្ឋ កុំជឿលើការឃោសនារបស់គណបក្សនយោបាយ និងព័ត៌មានមិនពិត ដែលបង្កអោយមានអស្ថិរភាពនៅក្នុងសេដ្ឋកិច្ច សង្គមជាតិ។ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវជឿជាក់លើរាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលតែងតែគិតគូរពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
លោកបានបញ្ជាក់ថា ដោយប្រទេសយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អ ក្រោមការដឹកនាំដើរលើផ្លូវដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដូចនេះធ្វើឱ្យយើងទាំងអស់គ្នាមានឱកាស កសាង សមិទ្ធផលជាច្រើន ជំរុញឲ្យមានអ្នកវិនិយោគគិនបរទេស និងអ្នកទេសចរណ៏អន្តរជាតិមកវិនិយោគ និងទស្សនាកម្ពុជាកើនឡើងជាលំដាប់។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ម៉ម ប៊ុននាង បានចែកជូនអំណោយដល់ស្រ្តីដែលទើបសម្រាលកូនចំនួន៣៨នាក់ ក្នុងម្នាក់ៗទទួលបាន ត្រីខ០១ឡូ ទឹកស៊ីអីវ០១យួរ ទឹកត្រី០១យួរ ប៊ីចេងកន្លះគីឡូក្រាម អំបិល០១គីឡូក្រាម មី០១កេស សារុង០១ ថវិកាចំនួន១០ម៉ឺនរៀល និងជូនថវិកាចូលរួមរំលែកទុកដល់គ្រួសារសព ដែលបាកទទួលមរណៈភាពចំនួន២០នាក់ ដោយក្នុងមួយគ្រួសារទទួលបានថវិកា២០ម៉ឺនរៀល។
លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះត្រួតពិនិត្យផ្លូវក្រាលថ្មមួយខ្សែ ដែលបានជួសជុលរួចជាស្ថាពរ ស្ថិតនៅភូមិគោកព្រីង ស្រុកគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជាមួយគ្នានោះដែរ លោក ម៉ម ប៊ុននាង បានអញ្ជើញចុះសួរសុក្ខទុក និងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ចាស់ជរា អ្នកជំងឺដំនួន៣គ្រួសារ អ្នកជំងឺម្នាក់ជាមន្ត្រីយោធា អ្នកជំងឺម្នាក់ទៀតជាអ្នកប្រកបមុខរបរបេះស្លឹកអំពិលយកទៅលក់ គាត់បានធ្លាក់ពីលើដើមអំពិលធ្វើឱ្យរបួសដៃ និងអ្នកជំងឺផ្សេងទៀតជាមនុស្សចាស់ជរា ដោយក្នុងមួយគ្រួសារថវិកា២០ម៉ឺនរៀង និងសារុង១ ដោយចំណាយថវិកាសរុបអស់ចំនួន១២,១៥០,០០០រៀល៕