(កំពង់ចាម)៖ លោកស្រីគតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានកោតសរសើរដល់សមិទ្ធផលជាច្រើននៅ ក្នុងខេត្តកំពង់ចាម ដោយមានការរួមចំណែកខិតខំប្រឹង ប្រែងពីសមាគមនារីកម្ពុជាផងដែរ។
លោកស្រីឧបនាយករដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរទៅកាន់អង្គសន្និបាត នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ចាម ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខេត្តកំពង់ចាម។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងឲ្យដឹងថា សាខាសមាគមនារីកម្ពុជាខេត្តកំពង់ចាម បានអនុវត្តការងាយ៉ាងសកម្ម ប្រកបដោយឆន្ទៈមុតស្រួច ដើម្បីការអភិវឌ្ឍរីកចម្រើន ក្នុងសង្គមជាតិ និងបានលើកកម្ពស់តម្លៃរបស់ស្ត្រីជាមេគ្រួសារ ឱ្យមានភាពម្ចាស់ការក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតដោយខ្លួនឯង ដោយមិនផ្អែកលើបុរសដូចកាលពីពេលមុនទៀតឡើយ។
លោកបន្តថា សន្និបាតនាពេលនេះ បានប្រារព្ធឡើងក្នុងខណៈពេលដែលប្រទេសជាតិ មានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយរក្សាបាននូវកំណើនការងារ មានសមធម៌សង្គម និង មានប្រសិទ្ធិភាពការងារ ដែលប្រជាជនទទួលបាននូវភាពសប្បាយរីករាយពីកម្ម វិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ហើយក៏ជាឱកាសមួយសម្រាប់ស្ត្រីចំនួន ៦១៦នាក់ ក្នុងខេត្តកំពង់ចាម បានជួបជុំគ្នាដើម្បីចែករំលែកបទពិសោធន៍ការងារ នៅមូលដ្ឋានក្នុង គោលបំណងលើកកម្ពស់តម្លៃស្រ្តី ក្នុងសង្គមជាតិរបស់យើងផងដែរ។
លោកស្រី ម៉ែន សំអន បានថ្លែងថា «ការខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ក្នុងរយៈពេលកន្លងមក បានធ្វើឲ្យខេត្តកំពង់ចាម និងបានលើកកម្ពស់សោភ័ណភាព មានការរីកចម្រើនលើគ្រប់វិស័យ ដែលមានរមណីយដ្ឋានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងតភ្ជាប់ហូរហែរ ដូចជា ភ្នំប្រុស ភ្នំស្រី ទឹកឆា ស្ពាន់កោះបែន និងស្ពានគីស៊ូណា និងទីទួលប្រវត្តិសាស្ត្រជាច្រើនទៀត ដោយបានប្រែក្លាយទៅជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់»។
ជោគជ័យទាំងអស់នេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នាអស់ពីកម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំសមាគមនារី និងក្រុមចលនាស្ត្រីពិសេសប្រធានកិត្តិយសសមាគមនារីខេត្ត ព្រមទាំងការចូលរួមយ៉ាងសកម្មរបស់សមាជិកាសមាគមនារីទាំងអស់ផងដែរ។ លោកស្រីបានបន្ថែម។
ឆ្លៀតក្នុងឱកាសនោះលោកស្រី ម៉ែន សំអន បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុង ស្រុក ក្រុមប្រឹ ក្សាឃុំ ភរិយាថ្នាក់ដឹកនាំសប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រទាំងថវិកាស្មារតី និងផ្តល់ឱកាស ព្រមទាំងការជួយសម្រួលឱ្យស្តីគ្រប់លំដាប់ថ្នាក់អាចរាប់រង និងសម្រេចបានជោគជ័យ គ្រប់សកម្មភាពដែលបក្សរាជរដ្ឋាភិបាល ប្រគល់ជូននេះ៕