(ភ្នំពេញ)៖ ក្រុមហ៊ុនរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញល្បីឈ្មោះ មួយរូបផងនោះ បានបោះទុនបើកផ្សារទំនើបធម្មជាតិ ទទួលទិញកសិផល របស់បងប្អូនប្រជាពលរដ្ឋ ដែលដាំដុះឡើងដោយពុំមានជាតិគីមី ដើម្បីបម្រើដល់វិស័យម្ហូបអាហារ និងជាការលើកទឹកចិត្តដល់បងប្អូនកសិករ ដែលដាំដុះបានហើយគ្មានទីផ្សារ សម្រាប់លក់។
លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា លោកម្រេចបើកផ្សារទំនើប (កសិផលធម្មជាតិ) ដែលមានទីតាំងនៅ កណ្ដាលផ្សារទំនើប Olympia ហើយកំពុងត្រៀមពង្រីក២៥០ សាខា បន្ថែមទៀត ក្នុងទីក្រុងភ្នំពេញ ដែលផ្សារទំនើបនេះ ទទួលទិញតែកសិផល របស់កសិករខ្មែរតែប៉ុណ្ណោះ ដើម្បីយកមកលក់បន្ត។ លោកថាសូមបងប្អូនកសិករទាំងអស់ ផលិតផលកសិកម្ម ផ្ដោតទៅលើគុណភាព សុខភាពជាចំបង ទើបខាងផ្សាររបស់លោកទទួលទិញ ដោយក្នុងនោះត្រូវឆ្លងកាត់កាត្រួតពិនិត្យ ពីអង្គការ និងស្ថាប័នពាក់ព័ន្ធ បញ្ជាក់ពីគុណភាពសុខភាពពិតប្រាកដ ទើបអាចចូលទីផ្សាររបស់លោកបាន។ លោកបានសង្កត់ធ្ងន់ថា សូមបងប្អូនកសិករប្រយ័ត្នប្រយែង ក្នុងការប្រើប្រាស់សាធាតុគីមី ដែលធ្វើឲ្យប៉ះពាល់សុខភាព ព្រោះខាងផ្សារទំនើបរបស់លោក មិនទទួលទិញនោះទេ។
ជាមួយគ្នានេះ ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានស្នើសុំទៅស្ថាប័នក្រសួងដែលពាក់ព័ន្ធ មេត្តាជួយសម្របសម្រួល ដើម្បីមានភាពងាយស្រួល នឹងទទួលបានគុណភាព ប្រកបដោយជោគជ័យ។ សម្រាប់ក្រុមហ៊ុនផ្សេង ឬបងប្អូនដែលមានបំណងចង់ចូលរួម ទៅលើគម្រោងនេះ ឬមានចំណេះដឹងអ្វីបន្ថែម អាចទាក់ទង ដើម្បីពិភាក្សាដាក់គោលដៅបន្ថែម ឲ្យផ្សារទំនើបកសិផល នេះទទួលបានភាពជោគជ័យ ពិតប្រាកដសម្រាប់ការទទួលទិញ ពីបងប្អូនកសិករ។
ជាពិសេសនោះ គឺមានតែបងប្អូន ទាំងអស់មេត្តា គាំទ្រផលិតផលកសិផលធម្មជាតិ ទើបផ្សារទំនើបនេះ អាចឆ្ពោះទៅរកភាពជោគជ័យដ៏អស្ចារ្យបាន ហើយលោកនឹងប្ដេជ្ញាចិត្ត ប្រឹងប្រែងឲ្យអស់ពីលទ្ធភាព៕