(កំពត)៖ លោក ម៉ាត់ សេត អ្នកតំណាងរាស្រ្តមណ្ឌលកំពត អមដំណើរដោយលោកស្រី យ៉យ នីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងលោក ភូ លិ អភិបាលរងខេត្តកំពត ប្រធានក្រុមការងារចុះជួយឃុំត្រពាំងសង្កែ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ បានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកធុងចំរោះទឹកស្អាតចំនួន ១៥០ធុង ចែកជូនប្រជាពលរដ្ឋនៅឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។
កិច្ចសំណេះសំណាល និងការប្រគល់ជូនធុងចំរោះទឹកខាងលើ ធ្វើឡើងនៅបរិវេណវិហារភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដោយមានការចូលរួមពីសំណាក់គណៈអ៉ីម៉ាំខេត្ត ក្រុមការងារសម្ពន្ធ័យុវជនមុស្លិមកម្ពុជាខេត្តកំពត អាជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
មានមតិសំណេះសំណាលនាឱកាសនោះ លោក ម៉ាត់ សេត បាននូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ និងបានលើកឡើងថា សម្តេចតែងតែយកចិត្តទុក្ខដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទិសទីទាំងអស់ ជាមួយនឹងការខឹតខំប្រឹងប្រែង អភិវឌ្ឍន៍ប្រទេសជាតិតាំងពីបាតដៃទទេ រហូតមានការរីកចម្រើនលើគ្រប់វិស័យ គឺដោយសារស្ថិរភាពនយោបាយ និងការរក្សាបាននូវសុខសន្តិភាព។
នៅក្នុងឱកាសនោះដែរ លោកតំណាងរាស្ដ្រ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាឲ្យបាន នូវសមិទ្ធិផលដែលមាននាពេលបច្ចុប្បន្ន ជាពិសេសគឺថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលកំពុងតែមានស្រាប់ ដើម្បីឲ្យកម្ពុជា កាន់តែមានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនជឿនលឿន តទៅមុខទៀត។
សូមជម្រាបថា នេះជាលើកទី៨ហើយ ដែលលឡោកតំណាងរាស្ត្រ ម៉ាត់ សេត បាននាំយកធុងចំរ៉ោះទឹកស្អាត ដែលជាការឧបត្ថម្ភរបស់សប្បុរសជនប្រទេសសិង្ហបុរី តាមរយៈសមាគមសម្ពន្ធ័យុវជន មុស្លីមកម្ពុជា ខេត្តកំពត ចែកជូនប្រជាពលរដ្ឋ ដែលលើកទី១ ចែកជូនដល់ប្រជាពលរដ្ឋឃុំព្រៃថ្នង ស្រុកទឹកឈូ ចំនួន១៥០គ្រួសារ, លើកទី២ ឃុំព្រែកត្នោត ស្រុកទឹកឈូ ចំនួន១៥០គ្រួសារ, លើកទី៣ ឃុំបឹងទូក ស្រុកទឹកឈូ ចំនួន១៥០គ្រួសារ, លើកទី៤ ឃុំកំពង់សំរោង ស្រុកទឹកឈូ ចំនួន១៥០គ្រួសារ, លើកទី៥ ឃុំស្រឹងកែវ ស្រុកទឹកឈូ ចំនួន១៥០គ្រួសារ, លើកទី៦ សង្កាត់ត្រើយកោះ ក្រុងកំពត ចំនួន១៥០គ្រួសារ និងលើកទី៧ ប្រគល់ជូនប្រជាពលរដ្ឋសង្កាត់ព្រៃធំ ក្រុងកែប ចំនួន១៥០ គ្រួសារ សរុបទាំងអស់មកទល់ពេលនេះ លោកប្រគល់ជូនធុងចំរ៉ោះទឹកស្អាតដល់ប្រជាពលរដ្ឋខេត្តកំពតបានចំនួន ១,២០០ធុង៕