(ភ្នំពេញ)៖ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត សមាជិកកុដិ២៤ វត្ត នាគវ័នធ្លាប់ បាននាំបច្ច័យចំនួន២០លានរៀល ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា តាមអ្វីដែលព្រះអង្គធ្លាប់មានសង្ឃដីកាកន្លងមក ដើម្បីជួយទ្រទ្រង់មន្ទីរពេទ្យព្យាបាលកុមារ ដ៏ធំមួយនេះបន្តទៀត។
ការនាំយកថវិកាខាងលើ ធ្វើឡើងចំថ្ងៃបុណ្យចំរើនព្រះជន្ម ព្រះអង្គតែម្ដង ពោលគឺថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ ២០១៩។ តាមសង្ឃដីការបស់ព្រះអង្គ ថវិកាទាំងនេះ គឺជាសទ្ធាជ្រះថ្លារបស់បងធម៌ព្រះអង្គ ជាអ្នកជំនួញជនជាតិសាំងហ្គាពួរឈ្មោះ DATO DR JOHNNYONG ដែលបានប្រគេនថ្ងៃខួបកំណើតព្រះអង្គ ប៉ុន្តែព្រះអង្គមិនបានទុកជារបស់ផ្ទាល់ខ្លួនឡើយ គឺបានបន្តយកមកជួយដល់មន្ទីរពេទ្យគន្ធបុប្ផាតែម្ដង។
ការជួយនាំបច្ច័យមកជួយដល់មន្ទីរពេទ្យគន្ធបុប្ផានេះ មិនមែនជាការជួយលើកទី១ របស់ព្រះអង្គឡើយ កន្លងមកព្រះអង្គរធ្លាប់បាននាំបច្ច័យមកជួយមន្ទីរពេទ្យមួយនេះ ជាច្រើនលើកមកហើយជាមួយសប្បុរសជននានា ក៏ដូចជាអ្នកសិល្បៈជាដើម។
ព្រះអង្គបានមានសង្ឃដីកាលើកឡើងថា ការបរិច្ចាគ មន្ទីរពេទ្យ សាលារៀន វត្តអារាម ជួយដល់ជនក្រីក្រ ចាស់ជរា ក្មេងកំព្រា ឬជនទុរគតផ្សេងទៀត គឺជាទង្វើវិជ្ជមានសម្រាប់មនុស្សលោកគួរតែប្រតិបត្តិប្រសិនបើពួកគាត់មានលទ្ធភាព ហើយទង្វើបែបនេះ គឺទទួលបានផលបុណ្យច្រើនណាស់។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ព្រះសង្ឃដែលល្បីខាងទស្សន៍ទាយ មើលជំងឺ ផ្លូវក្រៅផ្លូវក្នុង ហើយមានអ្នកជឿច្រើន ព្រះអង្គតែងតែធ្វើបុណ្យចែកទានជាញឹកញាប់ មិនដែលអាក់ខានឡើយ។ ទន្ទឹមគ្នានោះដែរ ព្រោះអង្គតែងតែចែកទានដល់ជនក្រីក្រ ព្រមទាំងអ្នកសិល្បៈក្រីក្រ ចាស់ជរាជាដើម៕