(ភ្នំពេញ)៖ កុមារី ហ៊ុន ពេជ្រមុន្នីលីណា ដែលជាចៅស្រីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបទទួលបានវិញ្ញាបនបត្រមាសថ្មីមួយទៀត ពីកម្មវិធីប្រឡងគណិតវិទ្យាលលំដាប់ពិភពលោក ដែលមានឈ្មោះថា «Mathletics»។
រហូតមកដល់ពេលនេះ កុមារី ហ៊ុន ពេជ្រមុន្នីលីណា ជាកូនស្រីទី២របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានឈ្នះវិញ្ញាបនបត្រមាស ថ្នាក់ពិភពលោកនេះ រហូតដល់៦លើកហើយ។
ការឈ្នះវិញ្ញាបនបត្រមាសថ្នាក់ពិភពលោកនេះ ដោយសារភាពឆ្លាតវៃរបស់ កុមារី ហ៊ុន ពេជ្រមុន្នីលីណា ដែលតែងតែដណ្តើមតំណែងកំពូលតារាង កម្មវិធីប្រកួតគណិតវិទ្យា «Mathletics» ទូទាំងពិភពលោក។
សូមជម្រាបថា «Mathletics» គឺជាគេហទំព័រអប់រំ តាមអ៊ីនធឺណិតមួយ ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ នៅប្រទេសអូស្ត្រាលី។ ជាបន្តបន្ទាប់កម្មវិធីនេះ ត្រូវបានពង្រីកផ្សព្វផ្សាយទូទាំងពិភពលោក។
គិតត្រឹមឆ្នាំ ២០១៨ «Mathletics» ទាក់ទាញអ្នកចូលរួមបានសិស្សចំនួន៤.១លាននាក់ នៅទូទាំងពិភពលោក និងសាលារៀនចំនួន១៧,០០០ឲ្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ។
សាលា International School of Phnom Penh-ISPP ដែលកុមារី ហ៊ុន ពេជ្រមុន្នីលីណា កំពុងសិក្សា បានឱ្យកូនសិស្សចុះឈ្មោះប្រឡងកម្មវិធី Mathletics នេះ សម្រាប់សិស្សថ្នាក់ទី២ ដល់ថ្នាក់ទី៥ ហើយបច្ចុប្បន្ន កុមារី ហ៊ុន ពេជ្រមុន្នីលីណា រៀននៅថ្នាក់ទី៤។
កម្មវិធីនេះប្រឡងរៀងរាល់ថ្ងៃ អ្នកប្រឡងបានពិន្ទុលើសពី ១,០០០ នឹងបានទទួលវិញ្ញាបនបត្រសំរឹទ្ធ (Bronze certificate) មួយ ។ ក្នុងមួយសប្តាហ៍ទើបកម្មវិធីនេះសរុបពិន្ទុម្ដង ហើយគេប្រកាសលទ្ធផលតែអ្នកដែលបានពិន្ទុកំពូល១០០នាក់តែប៉ុណ្ណោះ ។
កុមារី ហ៊ុន ពេជ្រមុន្នីលីណា ចៅស្រីសម្តេចតេជោ ហ៊ុន សែន តែងតែទទួលបានពិន្ទុលេខ១ក្នុងចំណោមអ្នកកំពូល ១០០នាក់នោះ។ អ្នកទទួលបានវិញ្ញាបនបត្រសំរឹទ្ធ៥ នឹងទទួលបានវិញ្ញាបនបត្រប្រាក់ (Silver certificate) មួយ ហើយអ្នកទទួលបានវិញ្ញាបនបត្រប្រាក់៤ និងទទួលបានវិញ្ញាបនបត្រមាស (Gold certificate) មួយ។ វិញ្ញាបនបត្រទាំងនេះ គឺជាវិញ្ញាបនបត្រថ្នាក់ពិភពលោក។ រហូតដល់ពេលនេះ កុមារី ហ៊ុន ពេជ្រមុន្នីលីណា ទទួលបានវិញ្ញាបនបត្រមាសចំនួន៦ហើយ៕