(ភ្នំពេញ)៖ ដោយពិនិត្យឃើញជាក់ស្ដែងពីបញ្ហាធូលីដីហ៊ុយធ្វើអោយប៉ះពាល់បរិស្ថាន និងសុខភាពប្រជាជនរស់នៅក្បែរតំបន់ការដ្ឋានសាងសង់ស្ពានអាកាសថ្មីជាប់ស្របគ្នា និងស្ពានអាកាសក្បាលថ្នល់ចាស់ និងប្រព័ន្ធលូមេដែលកំពុងដំណើរស្ថាបនាយ៉ាងមមាញឹកនាសព្វថ្ងៃនេះ និងអ្នកដំណើរ នៅព្រឹកថ្ងៃអាទិត្យទី២៩ ខែធ្នូ ឆ្នាំ២០១៩នេះ អភិបាលខណ្ឌចំការ លោក ថេង សុថុល បានដឹកនាំកម្លាំង ដោយយកឡានទឹកមកបាញ់ទឹកលាងសម្អាតមហាវិថីទាំង២ គឺមហាវិថីព្រះនរោត្ដម និងមហាវិថីព្រះមុនីវង្ស ចាប់ពីគល់ស្ពានអាកាសក្បាលថ្នល់ និងច្រមុះជ្រូកក្បាល់ថ្នល់ ។
ជាមួយគ្នានេះដែរ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានជំរុញអោយក្រុមការងាររដ្ឋបាលខណ្ឌចំការមន ដែលដឹកនាំដោយលោក ហាយ សិទ្ធី ប្រធានការិយាល័យផែនការ ចុះពិនិត្យធ្វើការងារនេះជាប្រចាំ ក្នុងការបាញ់ទឹកលាងសម្អាតផ្លូវថ្នល់នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ចាប់ពីគល់ស្ពានក្បាលថ្នល់ប៉ែកខាងជើង រហូតដល់ស្ដុបជលផល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមននិងមហាវិថីព្រះមុនីវង្សចាប់ពីស្ពានអាកាសក្បាល់ដល់ភ្លើងស្ដុបបឹងត្របែក ។
ដោយស្ថានភាពផ្លូវ២ខ្សែខាងលើនេះ កំពុងដែលសាងសង់ស្ពានអាកាសបន្ថែម និងកំពុងជីកដាក់ប្រព័ន្ធលូថ្មីផងដែរ ដោយមានដីហុយដែលធ្វើអោយប៉ះពាល់ផ្នែកបរិស្ថាន និងសុខភាពមកលើបងប្អូនប្រជាជនធ្វើដំណើរតាមបណ្ដោយផ្លូវនេះពិបាកក្នុងការធ្វើដំណើរ និងអាចប៉ះពាល់ដល់សុខភាពផងដែរ ។ ដូចនេះ រដ្ឋបាលខណ្ឌចំការមន សូមការអធ្យាស្រ័យពីផលប៉ះពាល់ ព្រោះការដ្ឋានកំពុងសាងសង់ ៕