(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រកាសទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមានគម្រោងទៅទស្សនកិច្ចតំបន់ទេសចរណ៍នានាក្នុងអំឡុងពេលឆ្លងឆ្នាំខាងមុខ អោយមកទស្សនាកម្សាន្តតំបន់ទេសចរណ៍ធម្មជាតិល្បីៗជាច្រើនកន្លែងក្នុងខេត្តកោះកុងដែលរួមមាន៖ រមណីយដ្ឋានព្រៃកោងកាង បាងកាយ៉ាក ឃុំពាមក្រសោប ទឹកជ្រោះតាតៃ ទឹកជ្រោះតាប៉ន តារាសាគរ ស្រុកគីរីសាគរ និងតំបន់ច្រកទ្វារអន្តរជាតិកម្ពុជាថៃ ចាំយាមជាដើម។
លោកស្រីបានរឭកផងដែរថា ចំនួនបន្ទប់ស្នាក់នៅសម្រាប់ភ្ញៀវទេសចរក្នុងខេត្តកោះកុងទាំងមូល រហូតដល់ 1513 បន្ទប់ឯណោះ ដូច្នេះការស្នាក់នៅមិនមានអ្វីជាកង្វល់សោះឡើយ ចំណែកតម្លៃវិញ លោកស្រីក៏បានស្នើដល់ម្ចាស់សណ្ឋាគារ និងរមណីយដ្ឋាននីមួយៗឲ្យរក្សានៅដដែរ មិនមានការឡើងថ្លៃហួសកម្រិតពេកនោះឡើយ។
ដោយឡែកសុវត្ថិភាពនៅតាមរមណីយដ្ឋាននានាក្នុងខេត្តកោះកុង លោកស្រីជាមួយស្នងការនគរបាលខេត្ត បានរៀបចំអោយមានការយាមកាមប្រចាំការនៅតាមតំបន់នីមួយៗ យ៉ាងម៉ត់ចត់ជាទីបំផុត។
ក្រៅពីមានរមណីយដ្ឋានធម្មជាតិស្អាតៗទាំងនេះ ក្រុមការងារសាលាខេត្តក៏បាន សហការជាមួយក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ដើម្បីរៀបចំកម្មវិធីប្រគំតន្ត្រីឆ្លងឆ្នាំដោយមានការចូលរួមសម្តែងដោយតារាចម្រៀងល្បីៗដូចជាលោក ហ្សូណូ កញ្ញា យូរី និង ឌីជេល្បីមកពី ប្រទេសថៃគឺកញ្ញា JINNICHA រយៈពេល ២ថ្ងៃ ៣០-៣១ ធ្នូ ឆ្នាំ ២០១៩ ចាប់ពីម៉ោង ៦ល្ងាចតទៅនៅមាត់សមុទ្រទល់មុខសាលាខេត្តកោះកុងសម្រាប់ជាការកម្សាន្តសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ក្នុងទីរួមខេត្តនិងជាការអបអរសាទឆ្នាំចាស់ឆ្លងចូលឆ្នាំថ្មីសម្រាប់ពលរដ្ឋខេត្តកោះកុងទំាងមូល និងសមិទ្ធិផលដែលក្រុមការងារខេត្តសម្រេចបានពេញមួយឆ្នាំកន្លងទៅ។
ជាចុងក្រោយលោកស្រីអភិបាលក៏សូមគោរពជូនពរដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល សូមទទួលបានសិរីសួស្តីក្នុងឆ្នាំថ្មីឆ្នាំសកល ទទួលបានសេចក្តីសុខគ្រប់ៗគ្រួសារ និងចូលរួមទទួលអំណរឆ្នាំថ្មី២០២០ ទាំងអស់គ្នា៕