(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់អង្គភាពព័ត៌មាន Fresh News រួមជាមួយក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិ ដែលសរុបជាង ១៥០នាក់ បានរួមគ្នាធ្វើដំណើរកម្សាន្តប្រចាំឆ្នាំទៅកាន់កោះឋានសួគ៌ដ៏ស្រស់ស្អាត នៅក្នុងខេត្តព្រះសីហនុ។
ដំណើរកម្សាន្តប្រចាំឆ្នាំ២០១៩នេះ មានរយៈពេល២ថ្ងៃមួយយប់។ ដំណើរកម្សាន្តដ៏សប្បាយរីករាយនេះ ក្រៅពីសម្រាកលំហែកាយ ស្រស់ស្រូបអាហារ លេងកម្សាន្តហើយនោះ ក៏មានការផ្តល់ថវិកាចំនួន១០០ដុល្លារ និងចាប់រង្វាន់ធំកាំមេរ៉ាតម្លៃជិត២០០០ដុល្លារ ទូរទស្សន៍ ទូរស័ព្ទ និងរង្វាន់ផ្សេងៗទៀត ដើម្បីជាការលើកទឹកចិត្តដល់បុគ្គលិកផងដែរ។
អង្គភាពព័ត៌មាន Fresh News ដែលមានបណ្តាញផ្សព្វផ្សាយយ៉ាងសម្បូរបែបនៅកម្ពុជា តែងរៀបចំឱ្យមានដំណើរកម្សាន្តសម្រាប់បុគ្គលិកចំនួនពីរដងក្នុងមួយឆ្នាំ។ មួយដងគឺនៅរៀងរាល់ដំណាច់ឆ្នាំ និងមួយដងទៀតនៅថ្ងៃបង្កើតអង្គភាពព័ត៌មាន Fresh News ក្នុងខែឧសភា។
ស្ថាបនិក និងជានាយកប្រតិបត្តិរបស់អង្គភាពព័ត៌មាន Fresh News លោក លឹម ជាវុត្ថា បានគូសបញ្ជាក់ថា ដំណើរកម្សាន្តនេះ ដើម្បីលើកទឹកចិត្តដល់បុគ្គលិកទាំងអស់ ដែលបានខិតខំអស់កម្លាំងកាយចិត្តយ៉ាងនឿយហត់បំពេញការងារជូនអង្គភាពពេញមួយឆ្នាំៗ។ មួយវិញទៀត ការដើរលេងកម្សាន្តជាពេលវេលាមួយក្នុងការរឹងចំណងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ឱ្យកាន់តែល្អប្រសើរ ដើម្បីប្រមូលថាមពលបំពេញការងារឱ្យកាន់តែប្រសើរសម្រាប់ឆ្នាំថ្មី។
សូមជំរាបថា កោះឋានសួគ៌ ជារមណីយដ្ឋានលម្ហែកាយបែបធម្មជាតិ មានឆ្នេរខ្សាច់សក្បុសអមដោយដើមដូងជាច្រើន និងព័ទ្ធដោយដើមឈើពណ៌បៃតងដ៏ស្រស់ស្អាតគួរជាទីគយគន់។ កោះឋានសួគ៌ស្ថិតនៅក្នុងក្រុងកោះរ៉ុង ដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ។
ភ្ញៀវទេសចរជាតិនិងអន្ដរជាតិ អាចសម្រាកលម្ហែកាយជាមួយធម្មជាតិដែលមានជំនោរសមុទ្រដ៏ត្រជាក់នៅកោះឋានសួគ៌ ដោយគ្រាន់តែធ្វើដំណើរតាមនាវាល្បឿនលឿនពីឆ្នេរអូរឈើទាលប្រហែល១ម៉ោងប៉ុណ្ណោះ៕