(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា គោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាស៊ីវិលនៅកម្ពុជា គឺមិនមែនជារឿងចៃដន្យនោះទេ គឺជាការពលីកម្មដ៏ធំធេង ចំពោះប្រជាពលរដ្ឋខ្មែរ និងមាតុភូមិកម្ពុជាទាំងមូល។

នយោបាយឈ្នះ-ឈ្នះ ជាគោលនយោបាយដ៏ធំមួយក្នុងការដឹកនាំប្រទេសកម្ពុជា ដើម្បីនាំមកនូវការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង និងនាំមកនូវសន្តិភាព ព្រមទាំងការឯកភាពពេញលេញនៅកម្ពុជា។ គោលនយោបាយនេះ បានបង្កើតឡើងដោយមគ្គទេសក៍ឆ្នើមរបស់កម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនមែនជាការចៃដន្យនោះទេ តែជាពលិកម្មដ៏មហាធំធេងមួយ ដែលប្រជាជនខ្មែរគ្រប់រូបត្រូវចងចាំជាប្រវត្តិសាស្ត្រ និងគោរពមហាវីរៈភាពដែល សម្តេចតេជោ បានយកជីវិតមកប្តូរដើម្បីសន្តិភាព»។

ការមានប្រសាសន៍បែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩​នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញ ជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីខួប២១ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានរំលឹកថា នៅថ្ងៃនេះ កាលពី២១ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ត្រូវបានកំណត់ជាថ្ងៃ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅក្នុងប្រទេសកម្ពុជា និងទទួលបានសន្តិភាពពេញលេញ ដែលជាឱកាសនៃការចាប់ផ្តើមកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិឡើងវិញ។ សន្តិភាពពេញលេញរយៈពេលជាង២០ឆ្នាំមកនេះ គឺទទួលបានមកដោយលំបាក ដោយបានឆ្លងកាត់ នូវដំណាក់កាលសង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ដំណាក់កាលសង្គ្រាមផងចរចារផង រហូតដល់ការលេចឡើង នៃវត្តមានរបស់ នយោបាយ ឈ្នះ ឈ្នះ ដែលជានយោបាយបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅក្នុងប្រទេសកម្ពុជា ដោយមិនមានការបង្ហូរឈាម ហើយផ្អែកលើគោលការណ៍ឯកភាពជាតិជាធំ។

សម្តេចបានឱ្យដឹងថា រយៈពេលជាង២០ឆ្នាំមកនេះ កម្ពុជាបានអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់រហូតក្លាយជាប្រទេសមួយ ដែលមានសក្តានុពល ទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម សំណង់ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ក្លាយជាប្រទេសគោលដៅទីផ្សារមួយដ៏សំខាន់ សម្រាប់ពិភពលោក និងជាពិសេសក្លាយជាប្រទេសគម្រូមួយ ដែលបានអនុវត្តន៍ នយោបាយបញ្ចប់សង្គ្រាមស៊ីវិល នៅក្នុងប្រទេសដោយភាពជោគជ័យនយោបាយរបស់ខ្មែរ និងអ្នកដាក់ចេញនូវនយោបាយជាជនជាតិខ្មែរ។

ប្រមុខការពារជាតិកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា​៖ «នយោបាយឈ្នះ-ឈ្នះ ជាគោលនយោបាយដ៏ធំមួយក្នុងការដឹកនាំប្រទេសកម្ពុជា ដើម្បីនាំមកនូវការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង និងនាំមកនូវសន្តិភាព ព្រមទាំងការឯកភាពពេញលេញនៅកម្ពុជា។ គោលនយោបាយនេះ បានបង្កើតឡើងដោយមគ្គទេសក៍ឆ្នើមរបស់កម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនមែនជាការចៃដន្យនោះទេ តែជាពលិកម្មដ៏មហាធំធេងមួយ ដែលប្រជាជនខ្មែរគ្រប់រូបត្រូវចងចាំជាប្រវត្តិសាស្ត្រ និងគោរពមហាវីរៈភាពដែល សម្តេចតេជោ បានយកជីវិតមកប្តូរដើម្បីសន្តិភាព»

ប្រមុខការពារជាតោកម្ពុជា បានបន្ថែមទៀតថា សម្តេចតេជោ បានក្លាយជាមេដឹកនាំដែលបានផ្សារភ្ជាប់ជាមួយដំណើរជាតិរបស់កម្ពុជាជារៀងរហូត ដោយមិនដាច់ខ្សែរយៈមួយណាឡើយ ពោលគឺតាំងពីការការចាប់ផ្តើមតស៊ូបង្កើតកងកម្លាំងប្រដាប់អាវុធ «កងទ័ពសាមគ្គីសង្គ្រោះជាតិអង្គភាព១២៥ រណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ ធ្នូ» ការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ និងចរចាបង្រួបបង្រួមជាតិគ្រប់ដំណាក់កាល ព្រមទាំងការដាក់ចេញ និងអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ និងដំណាក់កាលសន្តិភាពពេញលេញ។ ការសម្រេចចិត្តដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ ដោយសារតែសង្គ្រាមស៊ីវិល នៅតែកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា គោលនយោបាយនេះ បានកំណត់នូវភាពជោគជ័យ ដោយបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅក្នុងប្រទេស កម្ពុជានៅពេលដែលថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្មែរក្រហមបានមកភូមិគ្រឹះរបស់សម្តេចហ៊ុន សែន នៅទីក្រុងតាខ្មៅ ដូច្នេះទើបយើងកំណត់យកថ្ងៃនេះ ជាថ្ងៃដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង និងសន្តិភាពពេញលេញនៅក្នុងប្រទេសកម្ពុជា និងបានកំណត់ជាទិវានយោបាយឈ្នះ-ឈ្នះផងដែរ។ ថ្ងៃនេះគឺជា ខួប២១ឆ្នាំ នៃទិវានយោបាយឈ្នះ-ឈ្នះ សូមអបអរសាទរចំពោះប្រជាជាតិកម្ពុជាទាំងមូល ដែលទទួលបានសន្តិភាព ការឯកភាពពេញលេញ និងការអភិវឌ្ឍ៕