(រតនគិរី)៖ រដ្ឋាភិបាលចិន ទើបអនុញ្ញាតឲ្យក្រុមហ៊ុនដាំដុះដំណាំចេកអំបូងលឿង នៅកម្ពុជាចំនួន៤ថែមទៀត អាចនាំចេញផ្លែចេកស្រស់ទៅកាន់ទីផ្សារចិន បន្ទាប់កាលពីកន្លងមកបានអនុញ្ញាត៥ក្រុមហ៊ុនរួចមកហើយនោះ ដែលគិតមកដល់ពេលនេះ មានក្រុមហ៊ុនចំនួន៩ហើយ មានសិទ្ធិនាំចេញចេកទៅប្រទេសចិន។
ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកស្រស់ របស់ក្រុមហ៊ុនហ័ងអាញអណ្តូងមាស ហ័ងអាញលំផាត់, ក្រុមហ៊ុនដូនពេញអាហ្រ្គីកូ និងក្រុមហ៊ុនប៊ិញហ្វឿកក្រចេះរ៉ាប់ប៊ឿ២ខមភេនី ទៅកាន់ទីផ្សារប្រទេសចិន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩។
លោក ង្វៀង ក្វានអាន អគ្គនាយក និងជាតំណាងក្រុមហ៊ុនទាំង៤ ដែលទទួលសិទ្ធិនាំចេញផ្លែចេកស្រស់ទីប្រទេសចិន បានបញ្ជាក់ពីសមិទ្ធផលសំខាន់ៗ ដែលក្រុមហ៊ុននីមួយសម្រេចបានតាំងពីចាប់ផ្តើមវិនិយោគលើដីសម្បទានសេដ្ឋកិច្ចរហូចមកទល់បច្ចុប្បន្ន ជាពិសេសនោះ គឺទាក់ទងនឹងវឌ្ឍនភាព នៃផលិតកម្មពហុដំណាំ និងដំណើរការនៃការនាំចេញចេកអំបូងលឿងស្រស់ចេញទៅកាន់ទីផ្សារចិន។
លោកអគ្គនាយកក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុនកំពុងអភិវឌ្ឍដំណាំកសិឧស្សាហកម្មលើផ្ទៃដី១៨ពាន់ហិកតា ក្នុងនោះបានដំណើរការរៀបចំ ចំការចេកលើផ្ទៃដីជាង ៧ពាន់ហិកតា ក្នុងនោះជាង៣ពាន់ហិកតា កំពុងប្រមូលផល ដែលបានប្រើប្រាស់ទុនវិនិយោគជាង៤០០ លានដុល្លារ សម្រាប់រៀបចំរចនាសម្ព័ន្ធផ្លូវថ្នល់ រៀបចំដី ប្រព័ន្ធទឹក ការរៀបចំកូនដាំ ការរៀបចំរចនាសម្ព័ន្ធប្រមូលផល អនាម័យ វេចខ្ចប់ និងឃ្លាំងស្តុកចំនួន២ ដោយរចនាសម្ព័ន្ធវេចខ្ចប់ចំនួន៨ ដែលបានចែកចេញជា២ ស្តង់ដា គឺចិន និងជប៉ុន។ល។ ក្នុងខ្សែច្រវាក់ផលិតកម្មទាំងមូលប្រើប្រាស់ពលកម្មសរុប២០០នាក់ ដែលមកពីតំបន់នេះ និងមកពីខេត្តជាប់រតនគីរី។ បច្ចុប្បន្ន ក្រុមហ៊ុនមានរោងចក្រវេចខ្ចប់១០ ដែលមានសមត្ថភាពផលិតបាន ២៥ម៉ឺនតោន/ឆ្នាំ។
លោកអគ្គនាយកបានសម្តែងនូវសុទិដ្ឋិនិយមថានៅឆ្នាំ២០២០ ក្រុមហ៊ុននឹងបង្កើនបរិមាណផលិតកម្មចេកស្រស់ឲ្យដល់ ៥០០ពាន់តោន/ឆ្នាំ ក្រៅពីនេះក៏នៅមានផលដំណាំស្វាយ ក្រូចថ្លុង ស្រកា នាគ និងខ្មុរ ដែលត្រូវការកំលាំងពលកម្មក្នុងស្រុកជាង១៥ពាន់នាក់។ លោកអគ្គនាយកបានបន្ថែមថា ក្រៅពីការងារអាជីវកម្មដែលជាកម្មវត្ថុចំបងនៃការវិនិយោគ ក្រុមហ៊ុនក៏គិតគូរយកចិត្តទុកដាក់ផងដែរ លើការងារសង្គម សុខភាព ការអប់រំ លំនៅឋានជូនបុគ្គលិក កម្មករផងដែរ។
លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បញ្ជាក់ពីអំពីដំណើរការនៃការចរចារ នីតិវិធី បែបបទ ឯកសារចាំបាច់សំខាន់ៗទាំងច្បាប់ និងបច្ចេកទេស ជាពិសេសឯកសារអនាម័យ និងភូតគាមអនាម័យជាមួយភាគីចិន មុនឈានទៅចុះហត្ថលេខាលើអនុស្សរណ: នៃការយោគយល់គ្នាកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ស្តីពីការនាំចេកស្រស់ចេញជាមួយអគ្គនាយកដ្ឋានគយ នៃសាធាមរណ:រដ្ឋប្រជាមានិតចិន។ បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៩ ដែលទទួលបានការអនុញ្ញាតឲ្យនាំ ចេញចេកអំបូងលឿងស្រស់ ទៅកាន់ទីផ្សារចិន។
បន្ទាប់ពីបានអញ្ជើញចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម និងប្រមូលផលរបស់ក្រុមហ៊ុនរួចមក លោករដ្ឋមន្រ្តី វេង សាខុន បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ពុះពារ និងជំនះបាននូវរាល់បញ្ហាប្រឈមនានា រហូតសម្រេចបានជោគជ័យ ក្នុងការនាំចេញចេកនេះ។
លោកក៏បានសម្តែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាលចិន តាមរយ:អគ្គនាយកដ្ឋានគយចិន ដែលបានវាយតម្លៃលើគុណភាពចេកកម្ពុជា និងបានអនុញ្ញាតឲ្យក្រុមហ៊ុនទាំង៤ អាចនាំចេញផ្លែចេកស្រស់ទៅកាន់ទីផ្សារចិនបន្ថែមទៀត។ អ្វីដែលសំខាន់នោះគឺ នាយកដ្ឋានគយចិន ក៏បានវាយតម្លៃកន្លែងវេចខ្ចប់ផ្លែចេករបស់ក្រុមហ៊ុនថា មានស្តង់ដារគុណភាព និងសុវត្ថិភាពល្អជាងគេក្នុងតំបន់អាស៊ាន។
ភ្ជាប់ទៅនឹងការវិនិយោគនេះ លោករដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថា ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច ការរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ដើម្បីគាំទ្រលើការវិនិយោគគ្រប់ខ្សែច្រវាក់តម្លៃកសិកម្មចាប់ពីចំណុច A ដល់ Z តាមរយៈការបង្កើនផលិតភាពផលិតផល ការវេចខ្ចប់ ការរក្សាស្តុកទុក ការកែច្នៃប្រកប ដោយគុណភាព អនាម័យ និងសុវត្ថិភាព សមស្របតាមស្តង់ដារនៃទីផ្សារនាំចេញ។
ដើម្បីសម្រេចគោលដៅនេះ លោករដ្ឋមន្រ្តីបានសំណូមពរបន្តរក្សាកិច្ចសហប្រតិបត្តិការ ឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរខេត្ត ក្នុងស្មារតីទទួល ខុសត្រូវខ្ពស់តាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍» ធ្វើយ៉ាងណាចូលរួមគាំទ្រ និងជំរុញបរិមាណនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិឲ្យកាន់តែច្រើនថែមទៀតនាពេលអនាគត។
នាឱកាសនេះ លោករដ្ឋមន្ត្រីបានណែនាំក្រុមហ៊ុនធ្វើយ៉ាងណាបង្កើនកិច្ច សហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ ជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការអនុវត្តច្បាប់ និងបច្ចេកទេសសំដៅលើអនាម័យ និងភូតគាមអនាម័យ ធ្វើយ៉ាង ណាបង្កើនជំនឿទុកចិត្តលើគុណភាព និងសុវត្ថិភាពនៃផលិតផលពីអតិថិជនក្នុង និងក្រៅ ប្រទេស។ ព្រមជាមួយគ្នានេះ ក្រុមហ៊ុនក៏ត្រូវបង្កើនការយកចិត្តទុកដាក់លើស្ថានភាពជីវភាព និងសុខភាពរបស់បងប្អូនបុគ្គលិក កម្មករឲ្យបានល្អប្រសើរ។ ចំពោះអគ្គនាយកដ្ឋានកសិកម្មត្រូវយក ចិត្តទុកដាក់ក្នុងការផ្តល់វិញ្ញាបនបត្រ SPS ជូនក្រុមហ៊ុនឲ្យបានទាន់ពេលវេលា ចៀសវាងមានការយឺតយ៉ាវធ្វើឲ្យប៉ះពាល់ដល់ការនាំចេញ។
ជាមួយនឹងការអបអរសាទរ និងគាំទ្រដល់ពិធីសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកស្រស់របស់ក្រុមហ៊ុនទាំង៤ ទៅកាន់ទីផ្សារប្រទេសចិននាពេលនេះ លោករដ្ឋមន្ត្រីបានអំពាវនាវឲ្យវិស័យឯកជនដែលមានលទ្ធភាព ពិនិត្យនិងពិចារណាវិនិយោគក្នុងវិស័យកសិកម្ម ជាពិសេសលើការកែច្នៃ វេចខ្ចប់កសិផលថែមទៀត ដើម្បីរួមគ្នាកាត់បន្ថយការនាំចេញវត្ថុធាតុដើម ដែលនេះជាកត្តាមួយដ៏សំខាន់ក្នុងការបង្កើនតម្លៃ បន្ថែម បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅ៕