(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ មហាមិត្តខេត្តបន្ទាយមានជ័យ មកពីគ្រប់ទិសទីគ្រប់ជំនាន់ តាំងពីប្រទេសជាតិមានសង្គ្រាម រហូតដល់ប្រទេសមានសុខសន្តិភាព ចំនួនជិត ៦០០នាក់ និងលោកគ្រូអ្នកគ្រូបានមកជួបប្រជុំនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យនាយឧត្តមសេនីយ៍ កែ គឹម យ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអគ្គលេខាធិការរងអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា ការជួបជុំនេះ បានរៀបចំធ្វើចំនួន ៦លើករួចមកហើយ គោលបំណងសំខាន់បំផុតនៃការជួបជុំនេះ គឺដើម្បីរម្លឹកនូវអនុស្សាវរីយ៍ ចែករំលែកនូវបទពិសោធន៍ ល្អៗ និងគោរពរម្លឹកដឹងគុណលោកគ្រូអ្នកគ្រូ និងអបអរសាទរបុណ្យចូលឆ្នាំសាកល២០២០។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ឡាយ គឹម លី បានបន្តថា ការជួបជុំនេះធ្វើឡើងក្នុងកាលៈទេសៈ ដែលប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ជាមួយនឹងភាពសប្បាយរីករាយ ទាំងលោក គោ ស៊ុំ សារឿត តំណាងរាស្រ្តលោក អ៊ុំ រាត្រី អភិបាលខេត្ត លោក ឡាយ គឹមលី សុទ្ធតែ បានលើកឡើងពីការរីកចម្រើនរបស់ប្រទេស ពិសេសខេត្តបន្ទាយមានជ័យ និងបានពាំនាំការផ្តាំសួរសុខទុក្ខ និងថ្លែងអំណរគុណ ពីសំណាក់ ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី អ្នកតំណាងរាស្ត្រ ថ្លែងអំណរគុណដល់មហាគ្រួសារអ្នកបន្ទាយមានជ័យទាំងអស់ គ្រប់ទិសទី ដែលមានស្មារតី ឯកភាពទាំងចិត្ត ទាំងកាយ និងបេះដូង ចូលរួមថែរក្សាសន្តិភាព ជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បន្តការរីកចម្រើន និងភាពសម្បូរសប្បាយនូវមូលដ្ឋានដើម្បីអនាគតយើង កូនចៅយើង៕