(ភ្នំពេញ)៖ បុរីភ្នំពេញថ្មី គម្រោងអេលីតផាកទី១ និងទី២ ស្ថិតនៅភូមិព្រៃទា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានលក់អស់ជាង ៥០% ហើយ បន្ទាប់ពីរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ផ្លូវការ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ នេះ ក្រោមវត្តមានលោកឧកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុនបុរីភ្នំពេញថ្មី និងលោកជំទាវ ។
គម្រោងទី១១ របស់បុរីភ្នំពេញថ្មីនេះ បានសាងសង់លើផ្ទៃសរុបប្រមាណ ២៥ហិតា ដែលមានផ្ទះសរុបជិត ១,០០០ខ្នង ដោយមានប្រភេទផ្ទះល្វែង វីឡាកូនកាត់ វីឡាភ្លោះ វីឡាឃ្វីន និងវីឡាឃីង ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនថែមទាំងមានពុះដីឡូដិ៍ទំហំ ២០ម៉ែត្រ x ៣០ ម៉ែត្រ សម្រាប់លក់ឲ្យអតិថិជន ដែលត្រូវការសាងសង់ផ្ទះ ឬវីឡា តាមតម្រូវចិត្តរបស់ខ្លួនទៀតផង ។
ដើម្បីអបអរការបើកការដ្ឋានសាងសង់គម្រោងថ្មីនេះ ក្រុមហ៊ុនបានលក់បញ្ចុះតម្លៃ ៩% និងបញ្ចុះតម្លៃបន្ថែម ១ម៉ឺនដុល្លារ ។ អ្វីដែលពិសេស ត្រឹមរយៈពេលខ្លី គម្រោងថ្មីស្ថិតលើតំបន់អភិវឌ្ឍន៍ខ្លាំងនេះ បានលក់អស់ជាង ៥០% ឯណោះ ដែលនេះសបញ្ជាក់ឲ្យឃើញពីតម្រូវការ និងភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ ពិសេសកំណើនជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន ។ នេះបើតាមការអះអាងរបស់តំណាងបុរីខាងលើ ។
ទន្ទឹមជាមួយការបោះទុនដ៏ច្រើន ដើម្បីវិនិយោគលើវិស័យលំនៅដ្ឋាន នៃគម្រោងអេលីតផាកទី១ និងទី២ លោកឧកញ៉ា ប៊ុន ហៃ ក៏បានចំណាយថវិកាជាង ២លានដុល្លារសាងសង់ផ្លូវ ២ខ្សែ សម្រាប់បម្រើប្រយោជន៍សង្គមផងដែរ ពោលគឺជាផ្លូវយុទ្ធសាស្ដ្រ អាចជួយសម្រួលចរាចរណ៏ ប្រជាពលរដ្ឋក្នុងខណ្ឌសែនសុខ ខណ្ឌទួលគោក ខណ្ឌឬស្សីកែង និងតំបន់ជុំវិញ ក្នុងការធ្វើដំណើរចេញចូលទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឬផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ និងផ្សារទំនើបអ៊ីអនទី ២ ទៀតផង ៕