(ភ្នំពេញ)៖ បុគ្គលម្នាក់ៗតែងតែមានកត្ដាជំងឺប្រឈមផ្សេងៗគ្នា ប៉ុន្ដែមានកត្ដារួមមួយចំនួនដែលអាចបង្កជាជំងឺបានប្រសិនបើអ្នកមិនយកចិត្ដទុកដាក់លើរបបអាហារ បរិស្ថាន សម្ពាធការងារ របៀបរបបនៃការរស់នៅ និងប្រវត្តិតំណរពូជរបស់ក្រុមគ្រួសារជាដើម។
វេជ្ជបណ្ឌិតឯកទេស សួន សាមិត្ត ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់នៃមន្ទីរសម្រាកព្យាបាលវិសារ បានឱ្យដឹងថា នៅលើពិភពលោក និងរួមទាំងប្រទេសកម្ពុជាផងដែរ មានការបារម្ភពីកំណើនឡើងនៃបញ្ហាជំងឺលើសសម្ពាធឈាម ដែលបណ្តាលមកពីការលើសជាតិស្ករក្នុងឈាម និងកូលេស្តេរូល ជំងឺទឹកនោមផ្អែម និងជំងឺមហារីក។ ក្រៅពីនោះមានជំងឺឆ្លងមួយចំនួនដូចជា ជំងឺរលាកសួតដោយមេរោគ និងគ្រុនឈាមជាដើម។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា ជំងឺទាំងនេះអាចដឹងបានតាមរយៈការបញ្ជាក់ដោយការពិនិត្យ វិភាគ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ធ្វើការពិនិត្យបាននៅមន្ទីរពេទ្យ និងមន្ទីរសម្រាកព្យាបាលដែលមានការអនុញ្ញាតពីក្រសួងសុខាភិបាល។ ក្នុងនោះ លោកអ្នកអាចធ្វើការសាកសួរឬទៅពិនិត្យនៅមន្ទីរពេទ្យជំនាញដូចជា មន្ទីរពេទ្យរដ្ឋមិត្តភាពខ្មែរសូវៀត មន្ទីរពេទ្យកាល់ម៉េត និងមន្ទីរសម្រាកព្យាបាលឯកជនមួយចំនួនដូចជាមន្ទីរពេទ្យសាន់រ៉ៃ មន្ទីរពេទ្យអន្តរជាតិខេមា មន្ទីរពេទ្យរ៉ូយ៉ាល់រតនៈ មន្ទីរសម្រាកព្យាបាលវិសារ ឫគ្លីនិកស្ថានទូត។
បន្ថែមពីនោះ នៅក្នុងករណីជំងឺត្រូវការឯកទេសព្យាបាលលើសពីសមត្ថភាពអ្វីដែលអាចអនុវត្ដបានក្នុងប្រទេស អ្នកជំងឺក៏មានជំរើសព្យាបាលផ្សេងផងដែរដូចជាជ្រើសរើសការព្យាបាលនៅក្រៅប្រទេសជាមួយមន្ទីរពេទ្យមួយចំនួននៅក្នុងបាំងកកដូចជាមន្ទីរពេទ្យផ្យ៉ាថៃ មន្ទីរពេទ្យប៉ាវឡូ មន្ទីរពេទ្យបំរ៉ុងរ៉ាត ឫមន្ទីរពេទ្យនៅប្រទេសសិង្ហបុរី។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា ការចំណាយលើការតាមដានពិនិត្យសុខភាពជាទៀងទាត់ជាចំណាយឆ្លាត ព្រោះកាត់បន្ថយការចំណាយគំហុកលើការព្យាបាលជំងឺដោយឥតព្រៀងទុក។ អ្នកគួរជ្រើសរើសគ្រូពេទ្យណាម្នាក់ជាគ្រូពេទ្យប្រចាំខ្លួនអ្នក និងគ្រួសាររបស់អ្នកដែលអាចផ្តល់យោបល់ និងកើនរំលឹកពីការបារម្ភទាក់ទងនឹងសុខភាពអ្នក។
ដើម្បីយល់ដឹងកាន់តែច្បាស់ពីចំណេះដឹងពីសុខភាព បញ្ហាប្រឈម ការទប់ស្កាត់និងការថែទាំ លោកអ្នកអាចចូលរួមពិព័រណ៍សុខភាពនិងសុខុមាលភាព (Health & Well Being Fair) នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ថ្ងៃទី១៨-១៩ មករា ២០២០នេះ ដែលមានការចូលរួមតាំងបង្ហាញពីក្រុមហ៊ុនល្បីៗមកពីវិស័យដូចជា មន្ទីរពេទ្យ មន្ទីរពហុព្យាបាល គ្លីនិក សម្ភព មណ្ឌលថែទាំមនុស្សចាស់ ពេទ្យធ្មេញ ឱសថស្ថាន សម្ភារៈពេទ្យ ធានារ៉ាប់រង ក្រុមហ៊ុនផលិតផលបំប៉នសុខភាព វីតាមីន និងផលិផលថែរក្សាសុខភាពជាច្រើនប្រភេទទៀត ជាមួយនឹងការបញ្ចុះតម្លៃចាប់ពី១០%-២០% រួមជាមួយការថែមជូននូវកញ្ចប់សេវាកម្មពិសេស៕