(ចិន)៖ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយកេរដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានបំពេញទស្សនកិច្ចនៅក្នុងទីក្រុងគួយលីន ខេត្តក្វាងស៊ី ប្រទេសចិន។ ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ ត្រូវបានបណ្តាញផ្សព្វផ្សាយធំៗនៅក្នុងប្រទេសចិន សុំផ្តល់បទសម្ភាសន៍ពិសេសស្តីពីការអភិវឌ្ឍវិស័យទេសចរណ៍ និងឱកាសវិនិយោគនៅកម្ពុជា ដើម្បីយកទៅចុះផ្សាយនៅក្នុងសារពត៌មាន ទូរទស្សន៍ និងនៅក្នុង platform អនឡាញរបស់បណ្តាញផ្សព្វផ្សាយធំៗនៅក្នុងទីក្រុងគួយលីន និងទីក្រុងផ្សេងៗទៀតរបស់ចិន។
លោករដ្ឋលេខាធិការបានជម្រាបជូនអ្នកសារព័ត៌មានទាំងអស់អំពីសភាពការណ៍ទូទៅក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលបានប្រែក្លាយកម្ពុជាពីប្រទេសខ្ទេចខ្ទាំដោយសង្គ្រាមក្នុងស្រុក មកជាប្រទេសមានសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងការរីកចម្រើនលើគ្រប់វិស័យ ដោយអាចជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិក្នុងកំណើន ៧,៧% ក្នុងឆ្នាំ២០១៨ ហើយនៅពេលថ្មីៗនេះ រាជរដ្ឋាភិបានធ្វើបច្ចុប្បន្នភាពច្បាប់វិនិយោគថ្មីដែលមានលក្ខណៈល្អប្រសើរជាងប្រទេសមួយចំនួនក្នុងតំបន់។
ចំពោះវិស័យទេសចរណ៍វប្បធម៌ និងធម្មជាតិរបស់កម្ពុជា ដែលត្រូវបានចាត់ទុកជា «មាសបៃតង» បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដោយបានរួមចំណែកប្រមាណ ១២,៧% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារសរុបប្រមាណជាង ២,៩លាននាក់ និងការងារ ដោយផ្ទាល់ជាង ៦២០,០០០កន្លេង ស្មើនឹង១៣%នៃការងារសរុបក្នុងឆ្នាំ២០១៨។
នៅឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៦,២លាននាក់ កើនឡើង ១០,៧% ក្នុងនោះទេសចរចិនមានចំនួនជាង ២,០២លាននាក់ ស្ថិតក្នុងកំណើន ៦៧.២% ឈរនៅលេខរៀងទី១ ចំនួនបីឆ្នាំជាប់គ្នា និងនៅក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរសរុបជាង ៥លាននាក់ កើនឡើង ៩.៧% ក្នុងនោះមានទេសចរចិនជាង ២លាននាក់ កើនឡើង ២៤.៤% ធៀននិងឆ្នាំ២០១៨។
លោកបណ្ឌិត ក៏បានជម្រាបបន្ថែមពីការសម្រួលនីតិវិធីចូលកម្ពុជាជូនអ្នកដំណើរទាំងអស់ ជាពិសេសយើងបានសម្រួលបរិយាកាសបដិសណ្ឋារកិច្ច និងវិនិយោគជូនមិត្តចិនជាច្រើនតាមរយៈការដាក់ឱ្យប្រើប្រាស់នូវទិដ្ឋាការពេលមកដល់ ទិដ្ឋាការចេញចូលច្រើនដង (Multiple visa T1, T2, T3) និងទិដ្ឋាការអេឡិចត្រូនិចជាដើម ជាពិសេសការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីតាមទូរស័ព្ទ (Mobile App.) «Kingdom of Wonder», «Visit Cambodia» និង «accommodationregistra.net» ដែលអ្នកដំណើរអាចទាញយកដោយមិនគិតថៃ្ល។
ក្នុងឱកាសនោះលោករដ្ឋលេខាធិការស្នើសុំបណ្តាញផ្សព្វផ្សាយធំៗទាំងអស់មេត្តាបន្តជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងឱកាសវិនិយោគរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយនៅក្នុងទីផ្សារចិន។ ជាការឆ្លើយតបបណ្តាញផ្សព្វផ្សាយជាច្រើនបានសន្យាជួយគ្រប់វិធីក្នុងការផ្សព្វផ្សាយជាបន្ត ឯបណ្តាញខ្លះទៀតរង់ចាំការសម្រចពីថ្នាក់លើសិន៕