(គួយលីន, ចិន)៖ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយកេរដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខនិស្សិតកម្ពុជា ដែលបាននិងកំពុងបន្តការសិក្សានៅក្នុងទីក្រុងគួយលីន ខេត្តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន។
ពិធីសំណេះសំណាលនេះមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីនិស្សិតកម្ពុជាទាំងអស់នៅក្នុងទីក្រុងគួយលីន។ ក្នុងជំនួបនោះលោកបណ្ឌិត បានជម្រាបជូននូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីស្រឡាញ់ និងនឹករឭក ព្រមទាំងបានចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះនិស្សិតកម្ពុជាទាំងអស់។
លោករដ្ឋលេខាធិការបានជម្រាបប្រាប់និស្សិតខ្មែរនៅចិនអំពីគោលនយោបាយ «ឈ្នះឈ្នះ» របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ-សេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ និងមានទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក។ ជាពិសេសទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងសាធារណរដ្ឋប្រជាមានិតចិន និងកម្ពុជា ដែលអាចឈានដល់ការបញ្ជូនប្អូន និងក្មួយៗទាំងអស់មកបន្តការសិក្សានៅទីនេះ និងនៅទីក្រុងផ្សេងៗទៀតនៃសាធារណរដ្ឋប្រជាមានិតចិន។
លោកបណ្ឌិតក៏បានជម្រាបជូននិស្សិតអំពីស្ថានការណ៍ទូទៅនៅកម្ពុជានាពេលកន្លងមក និងក្នុងពេលបច្ចុប្បន្ន ជាពិសេសអំពីវិធានការទប់ស្កាត់ដ៏មានប្រសិទ្ធភាពដល់ការបង្កចលាចលក្នុងសង្គមដោយក្រុមចលនាសង្គោះជាតិខុសច្បាប់កន្លងមក និងសូមឱ្យនិស្សិតទាំងអស់គាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសន្តិភាពដែលមានស្រាប់ និងទប់ស្កាត់មិនឱ្យមានចលនាខុសច្បាប់ណាមួយអាចកើតឡើងបាន។
ជាការឆ្លើយតបទៅនិងសំណូមពរខាងលើ និស្សិតទាំងអស់បានប្តេជ្ញាការពារសមិទ្ធិផលទាំងឡាយរបស់រាជរដ្ឋាភិបាល។ ជាពិសេសសន្តិភាពដែលបានមកពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់សម្តេចនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគណៈបក្សប្រជាជនកម្ពុជា។
ក្រុមនិស្សិតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសូមគោរពជូនពរឱ្យសម្តេចទាំងពីរ ទទួលបាននូវ សុខភាពល្អ ប្រាជ្ញាវាងវៃ និងជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព និង ការអភិវឌ្ឍជារៀងរហូតទៅ៕