(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសូត្រមន្តប្រោសព្រំទេវរូប «ព្រះព្រហ្ម» នៅក្នុងវត្តលង្ការព្រះកុសុមារាម ស្របតាមទំនៀមទម្លាប់ប្រពៃណីរបស់ជាតិ។
នៅក្នុងពិធីនាព្រឹកមិញនេះ បន្ទាប់ពីប្រគេនចង្ហាន់ និងគ្រឿងសក្ការៈបូជាចំពោះព្រះពុទ្ធិរូប នមស្ការព្រះរតនត្រៃ សមាទានសីលរួចហើយនោះ លោកកិត្តិនីតិកោសលបណ្ឌិតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញបើកព្រះភក្ត្រព្រះព្រហ្មរូប ចើមសន្លឹកមាស ថ្វាយទឹកស័ង្ខព្រះព្រហ្មរូប និងយាងអញ្ជើញសមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយទឹកស័ង្ខ។
បន្ទាប់ពីសម្តេចព្រះមហាអរិយវង្សបណ្ឌិត ព្រះចៅអធិការ ចារមន្ត និងថ្វាយទឹកស័ង្ខព្រះព្រហ្មរូបរួច លោកកិត្តិនីតិកោសលបណ្ឌិតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងសមាជិក បានថ្វាយ អុជទាន ធូប និងថ្វាយគ្រឿងសក្ការៈបូជាព្រះព្រហ្មរូប។
លោកកិត្តិនីតិកោសលបណ្ឌិតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងសមាជិក ប្រគេនទេយ្យវត្ថុប្រគេនព្រះសង្ឃ ៩អង្គ ជាកិច្ចបញ្ចប់កម្មវិធី។
សូមបញ្ជាក់ព្រះព្រហ្មរូប រចនាបទកោះកេរ្តិ៍នេះ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញអនុម័ត យកធ្វើជានិមិត្តសញ្ញាក្រុមប្រឹក្សាធម្មនុញ្ញតាំងពីឆ្នាំ១៩៩៨មក ហើយរហូតមកដល់ឆ្នាំ២០១៩នេះ ទើបលោកកិត្តិនីតិកោសលបណ្ឌិតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានផ្តួចផ្តើមគំនិតដឹកនាំកសាងឡើង ដើម្បីបំពាក់លើអគារ «ស» ទីស្តីការរបស់ក្រុមប្រឹក្សាធម្មនុញ្ញ នៃវិមានរដ្ឋចំការមន ។
ការកសាងព្រះព្រហ្មរូបនេះ គឺជាការចូលរួមក្នុងការលើកតម្កើងបេតិកភណ្ឌវប្បធម៌ជាតិ និងតម្កល់ទុកជាកេរ្តិ៍តំណែលដល់ជនានុជនជំនាន់ក្រោយ ព្រោះរូបព្រះព្រហ្មរចនាបទកោះកេរ្តិ៍នេះ គឺជាសិល្បៈបដិមាដ៏ល្អឯកក្នុងចំណោមសិល្បៈបដិមារបស់ខ្មែរ។
សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៨ លោកកិត្តិនីតិកោសលបណ្ឌិតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជូនគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញទៅចម្លងខ្នាតព្រះព្រហ្មរចនាបទកោះកេរ្តិ៍នេះ ពីរូបសំណាក់ដើមតម្កល់ទុកនៅសារមន្ទីរហ្គីម៉េ (Guimet) នៃប្រទេសបារាំង៕